ខេត្តបាត់ដំបង ៖ រថភ្លើងដឹកប្រេង របស់ក្រុមហ៊ុនតេលាកម្ពុជា បានរអិលធ្លាក់ផ្លូវ ក្រឡាប់ចាក់ប្រេងចោលអស់ ៣ស៊ីទែន ក្នុងចំណោម ៤ស៊ីទែន ផ្អើលដល់អ្នកភូមិរាប់សិបនាក់ នាំគ្នាត្រងប្រេងហូរចេញពីស៊ីទែន រីឯខ្លះទៀតដណ្តើមគ្នាដងដួសប្រេង ដែលអណ្តែតលើទឹក យកទុក ប្រើប្រាស់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងចន្លោះសង្កាត់អូរចារ និងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងមួយខ្សែ អូសស៊ីទែនប្រេងរបស់ក្រុមហ៊ុនតេលាកម្ពុជា ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ឆ្លងកាត់បាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ។ លុះពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែទូរថភ្លើង បានរអិលធ្លាក់ចេញពីផ្លូវ ចំនួន៤ស៊ីទែន (ដឹកប្រេងម៉ាស៊ូត) និងបណ្តាលឱ្យ ៣ស៊ីទែន បានធ្លាយចេញប្រេង ហូរពញដីនិងចូលទឹក។

បន្ទាប់ពីកើតមានករណីខាងលើ អ្នកភូមិរាប់សិបនាក់ បាននាំគ្នាត្រងប្រេងហូរចេញពីស៊ីទែន និងដណ្តើមគ្នាដងដួសប្រេងដែលអណ្តែតលើទឹក យកទុកប្រើប្រាស់។

តាមព័ត៌មានបឋមពីសមត្ថកិច្ចដែលបានសាកសួរកម្មកររថភ្លើង បានប្រាប់ថា ឧប្បត្តិហេតុនេះ បានធ្វើឱ្យប៉ះ ពាល់ស៊ីទែនប្រេង ចំនួន៤ តែបាត់បង់ប្រេងម៉ាស៊ូត ចំនួន៣ស៊ីទែន។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជាមួយកម្មកររថភ្លើង ប្រើប្រាស់រថយន្តស្ទូច ស្ទូចលើកស៊ីទែនប្រេងដាក់លើតួរថភ្លើងវិញ។

ជុំវិញករណីខាងលើនេះ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា កំណាត់ផ្លូវដែកភាគខាងជើងដែលស្រុត (បណ្តាលឱ្យរថភ្លើងខ្សែប្រេងតេលា បានធ្លាក់ផ្លូវដែក) ប្រមាណ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នហើយ៕



