Monday, November 25, 2024
Homeតារាខ្មែរយុវវ័យជាង២០០០នាក់ ចូលប្រលង Freshie ជំនាន់ទី១៦

យុវវ័យជាង២០០០នាក់ ចូលប្រលង Freshie ជំនាន់ទី១៦

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុន BKA បានធ្វើសន្និសីទកាសែតនៅសណ្ឋាគារ Naga World ដើម្បីបង្ហាញនូវបេក្ខជនបេក្ខនារីដែលចូលរួមប្រកួត Freshie Girls&Boys ជំនាន់ទី១៦ ដែលមានយុវវ័យពីគ្រប់ខេត្តក្រុង បានមកចូលរួមប្រលង ដើម្បីឈានទៅរកការសម្រេចក្ដីស្រមៃវិថីសិល្បៈដែលពួកគេស្រលាញ់។ វាជាវេទិកាកិត្តិយសដើម្បីឲ្យប្អូនៗយុវជនយុវតីខ្មែរ បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យធម្មជាតិ ភាពអង់អាចក្លាហាន ការហ៊ានសម្ដែង ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង ជាកាបន្ដរវេនលើកតម្កើងសិល្បៈខ្មែរ ក៏ដូចជាផ្លាស់ប្ដូរនូវបទពិសោធន៍ ទទួលបាននូវចំណេះដឹងបន្ថែម ស្វែងរកនូវមិត្តភាពថ្មី ព្រមទាំងប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា ងាកមករកសិល្បៈ ប្រសើរជាងងាកទៅរកអំពើមិនគប្បី អបាយមុខគ្រប់ប្រភេទ និងជៀសឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ឯកឧត្តមថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា នេះជាកម្មវិធីមួយដែលផ្ដល់ឱកាសឲ្យប្អូនៗបានឈានទៅចូលសិល្បៈដ៏ជោគជ័យ ពិសេសគឺចង់ឲ្យយុវវ័យយើងដើរចៀសឲ្យផុតពីការសេពគ្រឿងញៀន ដែលនាំឲ្យបំផ្លាញសង្គមជាតិ និងសង្គមគ្រូសារ។

ឯកឧត្តមបានមានប្រសាសន៍ថា ”BKA តែងតែជាប់ជាមួយវប្បធម៌របស់យើង ហើយនៅក្នុងគោលដៅរបស់យើង ”យុវជនដើម្បីវប្បធម៌ និងវប្បធម៌ដើម្បីយុវជន”។ ដូច្នេះកម្មវិធី Frshie Girls&Boys នេះក៏ជាចំណែកមួយនៃការជ្រាបចូលជ្រៅទៅក្នុងស្មារតី សមត្ថភាព ឆន្ទៈរបស់យុវជនយុវនារីរបស់យើងដែរ។ ទោះជានេះជាសម័យសាកលភាវូនីយកម្មដែលចម្រុះទៅដោយរូបភាពវប្បធម៌ផ្សេងៗ តែយើងត្រូវគិតថា ”សួនច្បារដ៍ធំល្វឹងល្វើយ តែបើមានផ្កាតែ១ពណ៌ ក៏វាអត់ល្អដែរ”។ យុវជនស្គាល់តែវប្បធម៌យើង មិនស្គាល់ពីវប្បធម៌ពិភពលោកទេនោះ គឺយើងប្រៀបបានដូចជាកង្កែបដែលនៅក្នុងអណ្ដូងអីចឹង។ ខ្ញុំសង្ឃឹមថា អ្នកដែលមកចូលរួមជាមួយ BKA នាពេលនេះ គឺខ្ញុំគិតថា អ្នកទាំងអស់គ្នានឹងដើរផ្លូវតែមួយដ៏ត្រឹមត្រូវ ក្រៅពីហាត់ពត់លត់ដំខ្លួនដែលផ្សារភ្ជាប់ជាមួយយុវជនយុវនារីយើងដើម្បីឲ្យមានឆន្ទៈ ព្រោះបើយើងគ្មានឆន្ទៈទេ គឺយើងមិនទទួលបានទេ យើងមិនទទួលបានលទ្ធផលឡើយ។ អ្វីដែលពិសេសនោះ គឺកម្មវិធីនេះក៏ធ្វើឡើងដើម្បីឲ្យប្អូនងាកមកលេងសិល្បៈ ដើម្បីចៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ខ្ញុំសូមផ្ដាំហើយផ្ដាំទៀតថា គ្រឿងញៀនមិនមែនបំផ្លាញតែខ្លួនឯងទេ បំផ្លាញឪពុកម្ដាយ សហគមន៍ និងសង្គមជាតិទាំងមូល។ ប៉ុន្ដែយុវជនទាំងអស់នេះអ្វីដែលសំខាន់ជាងគេ គឺនៅលើខ្លួនឯងហ្នឹងតែម្ដង បើយើងបំផ្លាញខ្លួនជាមុនទៅហើយនោះ យើងក៏មិនដឹងទៅអាចជួយអ្នកណាបានទៀតដែរ។ គ្រួសារមួយមានកូន៥នាក់ កូន៤នាក់ ខិតខំជួយឪពុកម្ដាយកតញ្ញូតាធម៌គ្រប់បែបយ៉ាង តែបើកូនម្នាក់ក្នុងចំណោម៥នាក់ បំផ្លាញ ឬក៏ជក់ប៉ះពាល់ជាមួយគ្រឿងញៀននោះ គឺវាមិនមែនបំផ្លាញតែខ្លួនវាម្នាក់ទេ គឺបំផ្លាញទាំងអា៤នាក់ទៀត បំផ្លាញទាំងក្រុមគ្រួសារ ឪពុកម្ដាយទៀតផង”។

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍MyTV។ ចំណែកវគ្គផ្ដាច់ព្រ័ត្រ FreshieGirls&Boys ជំនាន់ទី១៦ នឹងធ្វើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅស្ទូឌីយូ MyTV ហើយក្នុងនោះមានតែ Freshie Girls ចំនួន៣រូប និង Freshie boys ចំនួន៣រូបប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើសជាម្ចាស់ជ័យលាភីប្រចាំឆ្នាំ២០១៧ ជំនាន់ទី១៦នេះ ដែលលោកអគ្គនាយកក្រុមហ៊ុន BKA លោកបុណ្យកើដ នឹងផ្ដល់រង្វាន់ជ័យលាភីលេខ១ បានម៉ូតូ Yamaha Grand Filano ម្នាក់១គ្រឿងផងដែរ។

លោកមែ វិចិត្របុត្រ អ្នកចាត់ការទូទៅក្រុមហ៊ុន BKA

លោកមែ វិចិត្របុត្រ អ្នកចាត់ការទូទៅក្រុមហ៊ុន BKA បានឲ្យដឹងថា សម្រាប់ជំនាន់ទី១៦ ឆ្នាំ២០១៧នេះ មានយុវវ័យចូលរួមប្រកួតជាង២ពាន់នាក់ ក្នុងនោះមានប្រុសជាង១ពាន់នាក់ ស្រីជិត១ពាន់នាក់ផងដែរ គឺកើនជាងឆ្នាំមុន។ ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ គឺយើងបានទទួលនូវការអនុញ្ញាតិ ជាអាជ្ញាប័ណ្ណពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការគាំទ្រពីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ដោយក្នុងនោះទទួលបានការឧបត្ថម្ភពី ភេសជ្ជៈPepsi, ម៉ូតូ Yamaha Grand Filano, ផលិតផលចំណីអាហារCP, ក្រុមហ៊ុន PTT Cambodia, ស្ករគ្រាប់ Parry Menthol, ភេសជ្ជៈប៉ូវកំលាំង Single Hero, ក្រុមហ៊ុនធានារ៉ាប់រង Bangkok Life Assurance, និងក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia សហការឧបត្ថម្ភដោយគ្រឿងសម្អាង KMA , Touch Studio, ផ្សារទំនើប Paragon, I-Friend Entertainment, Super Fit និង BKA Modeling & Casting ជាដើម៕

RELATED ARTICLES