Tuesday, August 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានថៃ ឈ្លានពានរាយលួសបន្លា ពលរដ្ឋភូមិជោគជ័យ រួមគ្នាទប់ស្កាត់

ទាហានថៃ ឈ្លានពានរាយលួសបន្លា ពលរដ្ឋភូមិជោគជ័យ រួមគ្នាទប់ស្កាត់

ខេត្តបន្ទាយមានជ័យ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០នាទីរសៀល កងកម្លាំងយោធាថៃ បានព្យាយាម​រាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ​ណងច័ន្ទ ស្រុកចូកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យ ធ្វើ​ការទប់ ស្កាត់យ៉ាងខ្លាំង ទើបកងកម្លាំងរបស់ថៃ យកបន្លាលួសនោះត្រឡប់ទៅវិញ។

សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កម្ពុជា ស្នើឱ្យភាគីថៃ គោរពឱ្យបានពេញលេញនិងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ដែលបានប្រព្រឹត្តិឡើងនៅថ្ងៃទី២២ និង២៥ ខែសីហា ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រនៃជម្លោះ និងចៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជា បញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)។

លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានចែករំលែក (ស៊ែរ) ឃ្លីបវីដេអូដែលពលរដ្ឋខ្មែរ នាំគ្នាទប់ទល់នឹងការឈ្លានពានរបស់ទាហានថៃ ដែលយកលួសបន្លាមកព័ទ្ធយកដីភូមិ និងចម្ការអំពៅរបស់ពួកគាត់ ក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរថា «ក្រោយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ (RBC) មិនបានប៉ុន្មានម៉ោងតែប៉ុណ្ណោះ ភាគីសៀម នៅបន្តផ្គើនដោយគឃ្លើន យកលួសបន្លា មករាយលើទឹកដីខ្មែរ ជាលើកទី២? នៅពេលដែលប្រជាពលរដ្ឋខ្មែរឈឺចាប់ លែងទ្រាំនឹងការរំលោភបំពាននូវការបាត់ទឹកដី បាត់ផ្ទះសម្បែង ពីសំណាក់កងទ័ពសៀម តើឱ្យពួកគាត់ត្រូវទៅទីណា គ្មានជម្រើសក្រៅពីរួមដៃគ្នាក្រាញននៀលដើម្បីការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ ។

ក្នុងឃ្លីបនេះ បានអះអាងថា នៅលើទឹកដីភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាការបន្តសកម្មភាពរាយលួសបន្លារបស់កងទ័ពសៀម ជាលើកទី២ ដែលជារូបភាពបង្ហាញពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកងទ័ពសៀម រុលចូលមកយកដីពួកគាត់ស្រស់ៗបែបនេះ បានជំរុញស្មារតីជាតិនិយម និងមនោសញ្ចេតនាស្នេហាជាតិ មាតុភូមិ  មិនខ្លាចស្លាប់ ជាមួយអារម្មណ៍អស់ក្តីសង្ឃឹម»។

ស្របពេលជាមួយគ្នានេះ សារព័ត៌មានថៃ The Nation Thailand បានចុះផ្សាយថា អភិបាលខេត្តស្រះកែវ បានសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ នៅភូមិណងច័ន្ទ ស្រុកខូកស៊ូង ខេត្តស្រះកែវ តែត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ ផ្ញើលិខិតជូនអភិបាលខេត្តស្រះកែវ ជំទាស់ ព្រោះជាការរំលោភ MOU ឆ្នាំ2000។

លិខិតរបស់លោករអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លេខ ៥៤៣/២៥.សជណ ចុះថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ជម្រាបជូនអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ក្នុងកម្មវត្ថុ «ស្តីពីករណីពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តស្រះកែវ តាមរយៈកាសែត The Nation Thailand ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្តីពីការសន្យាចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិនៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ មានខ្លឹមសារថា «សេចក្ដីដូចមានចែងនៅក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូនឯកឧត្តមអភិបាលខេត្តស្រះកែវ នៃព្រះរាជាណា ចក្រថៃ ជ្រាបថា ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមសម្តែងនូវការព្រួយបារម្ភចំពោះព័ត៌មានដែលបានផ្សព្វ ផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថា ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីការសន្យាចេញ ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដែលមានសិទ្ធិនៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលមានភូមិសាស្ត្រជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំពោះការចេញប័ណ្ណកម្ម សិទ្ធិជូនប្រជាពលរដ្ឋថៃ នៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែការចេញប័ណ្ណនេះ មិនត្រូវធ្វើឱ្យប៉ះ ពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្តែង ឬប៉ះពាល់ដល់តំបន់ដែលប្រជាពលរដ្ឋកម្ពុជា កំពុងកាន់កាប់និងអាស្រ័យផលឡើយ។

ក្នុងករណីដែលការចេញប័ណ្ណនេះ ធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការជំទាស់ចំពោះរឿងនេះ ព្រោះថាសកម្មភាពនេះ រំលោភលើស្មារតី MOU ឆ្នាំ២០០០ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសប៉ះពាល់ទៅដល់ដំណើរការការងារចរចា និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

អាស្រ័យហេតុនេះ សូមឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាប និងចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីចៀសវាងបង្កើតភាពតានតឹងនិងផលប៉ះពាល់ជាអវិជ្ជមានរវាងភាគីទាំងពីរ។

សូមឯកឧត្តមអភិបាលខេត្ត ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕

RELATED ARTICLES