Wednesday, August 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនស៊ីដាច់ម៉ូតូ ម៉ែប្តឹងប៉ូលិសចាប់

កូនស៊ីដាច់ម៉ូតូ ម៉ែប្តឹងប៉ូលិសចាប់

ខេត្តកណ្តាល ៖ យុវជនម្នាក់ បានខ្ចីម៉ូតូម្តាយ យកទៅជិះ រួចត្រូវមិត្តភក្តិម្នាក់ ខ្ចីជិះបន្ត រួចស៊ីដាច់បាត់ ទើបស្ត្រីជាម្តាយប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះកូនប្រុស យកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ លុះមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ទើបស្ត្រីជាម្តាយសម្រេចដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចឃាត់ខ្លួនកូនប្រុស យកទៅសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលី លៀង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាក មានលំនៅ ភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល (មានសារធាតុញៀន)។ ម៉ូតូដែលបាត់បង់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-4589 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះហន ឡាង ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាម្តាយ បានចុះមកក្រោមផ្ទះ ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន។ លុះពេលសួរកូនប្រុស (ជនសង្ស័យ) ឆ្លើយថា ម៉ូតូនោះបានឱ្យមិត្តភក្តិម្នាក់ ឈ្មោះវី ដែលទើបស្គាល់កាលពីម្សិលមិញ ខ្ចីជិះទៅផ្សារអង្គស្នួល។ រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅតែមិនឃើញម៉ូតូ ទើបស្ត្រីជាម្តាយសង្ស័យកូនប្រុសរួមគំនិតជាមួយមិត្តភក្តិ យកម៉ូតូគាត់ទៅលក់ ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឆក់ឈើនាង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញស្រុក ចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន អស់រយៈពេល ២ឆ្នាំមកហើយ ហើយពិតជាបានឱ្យមិត្តភក្តិឈ្មោះវី ខ្ចីម៉ូតូជិះទៅបាត់ពិតប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES