Monday, September 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនតាពិការ លួចដុតផ្សារកន្ទួត

ចាប់ខ្លួនតាពិការ លួចដុតផ្សារកន្ទួត

ខេត្តកណ្តាល ៖ បុរសពិការម្នាក់ មិនដឹងមានកំហឹងឬគំនុំរឿងអ្វីជាមួយនឹងអាជីវករលក់ដូរនៅផ្សារកន្ទួត ខេត្តកណ្តាល ស្រាប់តែបានធ្វើសកម្មភាពចូលទៅលួចដុតតូបលក់ដូរ បណ្តាលឱ្យឆេះខូចខាតអស់ចំនួន៤តូប រួចរត់គេចទៅសម្ងំលាក់ខ្លួនរហូតដល់ខេត្តបាត់ដំបង  លុះរំលងបានត្រឹមតែ១ថ្ងៃ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ក្រោយកើតមានករណីអគ្គិភ័យឆេះតូបលក់ដូរបស់អាជីវករផ្សារកន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង អស់ចំនួន៤តូប កាលពីពាក់ កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ រួចមក កម្លាំងជំនាញអាវុធហត្ថ បានបើកការស្រាវ ជ្រាវរកឃើញថា ករណីនេះ កើតឡើងដោយមានជនសង្ស័យ ជាលួចដុត។ បន្ទាប់មកកម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថ ខេត្តបាត់ដំបង បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាជនពិការវ័យចំណាស់ នាំយកមកចាត់ការតាមច្បាប់។

ប្រភពដដែល បន្តថា ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត កម្លាំងជំនាញ បានចុះដល់កន្លែង ធ្វើការស្រាវជ្រាវ បានរកឃើញថា ករណីអគ្គីភ័យខាងលើ គឺបង្កដោយជនសង្ស័យម្នាក់ បានធ្វើការលួចដុត ហើយបានគេចខ្លួនបាត់។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយ ជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវស្វែងរកនិងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង រួចបញ្ជូនមកខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ។

ចំពោះសម្ភារៈដកហូត រួមមាន ដែកកេះ ចំនួន១ដើម ម៉ូតូអាគុយ (កង់បួន) ចំនួន១គ្រឿង។

ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្ត តាមនីតិវិធី។

យ៉ាងណា មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ឱ្យដឹងពីមូលហេតុ ដែលនាំឱ្យបុរសពិការវ័យចំណាស់ខាងលើ ឈានដល់ការលួចដុតតូបផ្សារ បណ្តាលឱ្យឆេះខូចខាតអស់៤តូប នេះនៅឡើយ។

គួររំលឹកថា កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយបាន កើតឡើងនៅចំណុចផ្សារកន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ដោយតូបលក់ដូរបស់អាជីវករផ្សារកន្ទួត ចំនួន៤តូប រួមមាន តូបលក់គ្រឿងក្រអូប តូបលក់ខោអាវ និងតូបជាងទង (ជាងមាស) ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលអធ្រាត្រ បណ្តាលឱ្យឆេះខូចខាតខ្ទេចខ្ទីទាំងស្រុង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា តូបទាំង៤ខ្នង ដែលរងការឆាបឆេះខាងលើ មានទំហំនីមួយៗ ៤ម៉ែត្រ គុណនឹង៤ម៉ែត្រដូចៗគ្នា និងមានទ្វាររូតស័ង្កសី និងសរសរថ្ម។

តូបទាំង៤ ដែលរងការឆាបឆេះនោះ រួមមាន តូបលក់ខោអាវ ចំនួន២តូប តូបលក់គ្រឿងក្រអូប ចំនួន១តូប និងតូបជាងទង (ជាងមាស) ចំនួន១តូប។ ដោយឡែកម្ចាស់តូបទាំងនោះ រួមមាន ទី១-ឈ្មោះសួន សាមុត ភេទប្រុស អាយុ៤៦ឆ្នាំ ខូចខាតតូបចំនួន២។ ទី២-ឈ្មោះលឹម វណ្ណាឡាយ ភេទស្រី អាយុ៣៨ឆ្នាំ ខូចខាតតូបចំនួន១ និងទី៣-ឈ្មោះអ៊ុំ សុជាតា ភេទស្រី អាយុ៣៨ឆ្នាំ ខូចខាតតូបចំនួន១។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ មានការចូលរួមពីអាជ្ញាធរស្រុក ទាំងលោកអភិបាល អភិបាលរង អធិការ និងអធិការរង រួមជាមួយកម្លាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក កម្លាំងបញ្ជាការដ្ឋានអង្គរក្ស នគរបាលប៉ុស្តិ៍បារគូ ប៉ុស្តិ៍អន្លង់រមៀត កម្លាំងអគ្គិភ័យខេត្ត កម្លាំងប្រជាការពារឃុំ និងប្រជាពលរដ្ឋជាច្រើននាក់។ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង និងប្រើទឹកបាញ់ពន្លត់អស់ ចំនួន៤ឡាន ទើបអាចគ្រប់គ្រងស្ថាន ការណ៍បាន (ភ្លើងរលត់ទាំងស្រុង) នៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃដដល៕

RELATED ARTICLES