ខេត្តបន្ទាយមានជ័យ ៖ ពិធីរៀបការមួយ ដែលឃើញមានកូនក្រមុំដល់ទៅ២នាក់ កូនកំលោះតែ១នាក់ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ពេលឃើញរូបភាព និងវីដេអូ នៃពិធីរៀបការ ត្រូវបានម្ចាស់ដើមការ បង្ហោះក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងទិកតុក ដែលពិធីនេះ ធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ មានពិធីកាត់សក់ សំពះផ្ទឹម ចងដៃ ព្រះថោងតោស្បៃនាងនាគ មានញាតិមិត្តជិតឆ្ងាយ ចូលរួមយ៉ាងអធិកអធម ដោយមានពាក្យសរសើរកូនកំលោះថា សំណាងណាស់ រៀបការម្ដង បានប្រពន្ធពីរ ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការចាប់អារម្មណ៍នឹងពិធីមង្គលការមួយ ដែលនៅលើរោងជ័យ មានសរសេរកូនស្រី ឈ្មោះ យ៉ុង រស្មី ជាគូនឹងកូនប្រុសឈ្មោះ វ៉ាន់ធិត ជាប់វាសនា ។ ប៉ុន្តែនៅក្នុងពិធីសំពះផ្ទឹម ចងដៃ ព្រះថោងតោងស្បៃ និងពិធីទទួលភោជនីយហារ បែរជាមានកូនក្រមុំម្នាក់ដែលត្រូវជាបងប្អូនភ្លោះនឹងកូនក្រមុំខាងលើ នៅអង្គុយសងខាងកូនកំលោះ ធ្វើឲ្យចេញទិដ្ឋភាពពិធីរៀបការកូនកំលោះតែមួយ កូនក្រមុំពីរ ។
ពេលបានឃើញទិដ្ឋភាពបែបនេះ អ្នកលេងបណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងខ្លះរិះគន់ថា ពិធីរៀប ការបែបនេះ មិនសមទំនងទាល់តែសោះ ដោយបន្ទោសឪពុកម្ដាយក្រុមគ្រួសារខាងកូនក្រមុំភ្លោះថា មិនគួរឲ្យកូនស្រីភ្លោះ រៀបការយកប្តីតែមួយរួមគ្នាដូច្នេះទេ ។

ជុំវិញការរិះគន់របស់មហាជនខាងលើនេះ “នគរធំ” បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកកឺល យ៉ុង ជាឪពុករបស់កូនក្រមុំភ្លោះទាំងពីរនាក់ដែរ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែមិនអាចទាក់ទងបានទេ ។
ទោះយ៉ាងណា លោកកឺល យ៉ុង បានបញ្ជាក់តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា ពុំមែនជាពិធីរៀបការកូនក្រមុំភ្លោះទាំង២នាក់ ជាមួយកូនកំលោះតែ១នាក់នោះទេ គឺគ្រាន់តែជាទំនៀមទម្លាប់សម្រាប់កូនក្រមុំភ្លោះ ត្រូវធ្វើពិធីសែនព្រៀនបំបែកកូនភ្លោះ ក្នុងពិធីរៀបការ ដើម្បីកុំឲ្យកូនភ្លោះដែលមិនទាន់រៀបការ អភ័ព្វគូតែប៉ុណ្ណោះ ។
ជាក់ស្តែង ក្នុងពិធីកាត់សក់បង្កក់សិរី នៅពេលឲ្យពរជ័យកូនកំលោះ កូនក្រមុំ លោកអាចារ្យ បានបញ្ជាក់ថា កូនក្រមុំអង្គុយខាងឆ្វេងដៃកូនកំលោះ គឺជាភរិយា ចំណែកកូនក្រមុំនៅខាងស្រាំដៃកូនកំលោះ គឺជាប្អូនស្រី។ ដោយសារកូនស្រីទាំងពីរ កើតមកក្នុងថ្ងៃជាមួយគ្នា ត្រូវរួមសុខរួមទុក្ខជាមួយគ្នា បានសេចក្ដីសុខ សេចក្ដី ចម្រើន ចែករំលែកសេចក្ដីស្រលាញ់ទាំងអស់គ្នា កូនក្រមុំមិនមែនជាភរិយា ក៏ត្រូវស្រឡាញ់ទុកដូចជាប្អូនស្រី ។

កឺល យ៉ុង ជាឪពុកបង្កើតរបស់កូនក្រមុំភ្លោះទាំង២ បានជូនពរដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមក្នុងពិធីមង្គលកាកូនស្រីប្រុសរបស់លោកថា “ខ្ញុំបាទសូមថ្លែងអំណរអរគុណ ដែលបានមកចូលរួមជាភ្ញៀវកិត្តិ យសដល់កូនប្រុសស្រីខ្ញុំទាំងពីរ សូមឲមានសុខភាពល្អ រកទានមានបាន វិលត្រឡប់ទៅគេហដ្ឋាន សូមឲ្យមាន សុខសុវត្ថិភាពតាមផ្លូវ“ ៕