Wednesday, September 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួបម្ចាស់ផ្ទះ តម្លៃ៣០ម៉ឺនរៀល ថៃទម្លាក់គ្រាប់៦០ម៉ឺនដុល្លារ មិនផ្ទុះ

ជួបម្ចាស់ផ្ទះ តម្លៃ៣០ម៉ឺនរៀល ថៃទម្លាក់គ្រាប់៦០ម៉ឺនដុល្លារ មិនផ្ទុះ

ខេត្តឧត្តរមានជ័យ ៖ ម្ចាស់ផ្ទះរងគ្រោះ ដោយសារទាហានសៀមឈ្លានពាន ទម្លាក់គ្រាប់ប្រភេទ MK-84 ពីយន្តហោះ ចំផ្ទះ តែមិនផ្ទុះនោះ បានអះអាងថា ផ្ទះរបស់គាត់ សាងសង់ឡើង អស់តម្លៃមិនដល់ ៣០ម៉ឺនរៀលផង តែថៃ ទម្លាក់គ្រាប់បែក MK-84 ១គ្រាប់ ទម្ងន់ជិត១តោន ដែលមានតម្លៃជាង៦០ម៉ឺនដុល្លារ ពីយន្តហោះ ចំផ្ទះរបស់គាត់ អត់ផ្ទុះ។

ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់ MK-84 របស់ទាហានសៀមឈ្លានពាន ទម្លាក់ពីយន្តហោះនោះ មានទីតាំងស្ថិតនៅស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ផ្ទះនេះជាប្រភេទផ្ទះតៀមផ្ទាល់ដី សង់ពីឈើ ប្រក់ស្បូវ មានម្ចាស់ផ្ទះ ឈ្មោះស៊ឹម ភា ភេទស្រី មុខរបរស៊ីឈ្នួលលាងចានគុយទាវ និងមានប្តីជាវីរកងទ័ពជួរមុខ។

អ្នកស្រី ស៊ឹម ភា ម្ចាស់ផ្ទះរងគ្រោះដោយសារគ្រាប់ MK-84 ថៃ ទម្លាក់ពីយន្តហោះ បានរៀបរាប់ប្រាប់ថា ក្រុមគ្រួសារគាត់ មានសមាជិក ៣នាក់ ដោយក្នុងនោះ ប្តីជាទាហាន និងមានកូនម្នាក់ក្នុងបន្ទុក។ ចំណែកផ្ទះរបស់គាត់ ដែលត្រូវគ្រាប់ MK-84 របស់ចោរសៀមឈ្លានពាន ទម្លាក់ពីយន្តហោះ មកត្រូវចំ តែមិនផ្ទុះនេះ ត្រូវបានគាត់សាងសង់ឡើង អស់តម្លៃមិនដល់ ៣០ម៉ឺនរៀលផង។

អ្នកស្រី ស៊ឹម ភា បន្តថា ផ្ទះរបស់គាត់ ជាប្រភេទផ្ទះតៀម សង់ពីឈើ ប្រក់ស្បូវ ដោយគាត់សាងសង់ឡើង អស់តែថ្លៃទិញឈើ និងស្បូវ យកមកប្រក់ប៉ុណ្ណោះ មិនអស់តម្លៃពលកម្មនោះទេ ដោយសារតែបានសាច់ញាតិ បងប្អូន មកជួយជាកម្លាំងសាងសង់។ ចំណែកគាត់ជាម្ចាស់ផ្ទះ គ្រាន់តែជួយធ្វើបាយម្ហូប ជូនពួកគាត់ហូបប៉ុ ណ្ណោះ ហេតុនេះបើគិតជាទឹកប្រាក់ក្នុងការសាងសង់ផ្ទះនេះ សរុបប្រមាណ ៣០ម៉ឺនរៀលប៉ុណ្ណោះ។

អ្នកស្រី ស៊ឹម ភា បាននិយាយថា “ខ្ញុំគិតថា ៣០ម៉ឺនចុះ តម្លៃផ្ទះហ្នឹង បើយើងគិតទាំងឈើ និងយើងទិញស្បូវគេ ហើយបងប្អូនមកជួយធ្វើ អ៊ីចឹងយើងទិញអីៗឱ្យគេហូបផង សរុបទាំងអស់ទៅ យើងថា ៣០ម៉ឺនចុះ…”។

ស្ត្រីជាម្ចាស់ផ្ទះដដែល បានបន្តថា នៅថ្ងៃដែលទាហានថៃឈ្លានពាន បង្កសង្គ្រាម ចាប់ផ្តើមវាយប្រហារមកលើកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គាត់មិនបាននៅផ្ទះទេ ដោយជាប់រវល់ទៅស៊ីឈ្នួលលាងចានគុយទាវឱ្យគេ នៅជើងភ្នំ ប្រាសាទតាក្របី លុះពេលឮផ្ទុះអាវុធភ្លាម គាត់ក៏មិនទាន់ត្រឡប់មកផ្ទះវិញភ្លាមដែរ ដោយនៅជួយលាងចានឱ្យគេបង្ហើយ រហូតដល់ក្រោយមក ប្តីរបស់គាត់ បានមកតាមគាត់ដល់កន្លែងលាងចាន នៅហាងគុយទាវ ពេលនោះគាត់ក៏ឱ្យប្តី យកកូនទៅផ្ទះមុន ចំណែកគាត់ នៅជួយដើរទិញបន្លែ ឱ្យម្ចាស់ហាងគុយទាវសិន ទើបត្រឡប់មកផ្ទះវិញតាមក្រោយ។ លុះពេលមកដល់ផ្ទះ ពួកគាត់បានរៀបចំអីវ៉ាន់ រួចប្រញាប់ដឹកកូនចាកចេញទៅរកទីតាំងភៀសសឹក ដើម្បីសុវត្ថិភាព។ ក្រោយមក នៅវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្រាប់តែទាហានសៀមឈ្លានពាន បានទម្លាក់គ្រាប់  MK-84 ពីលើយន្តហោះ ធ្លាក់មកត្រូវចំផ្ទះរបស់គាត់តែម្តង តែសំណាងល្អ គ្រាប់ស្អុយ មិនផ្ទុះ។

អ្នកស្រី ស៊ឹម ភា បានថ្លែងថា “ថ្ងៃបាញ់គ្នាដំបូង ខ្ញុំនៅលាងចានគុយទាវឱ្យគេ នៅជើងភ្នំ ប្រាសាទតាក្របី ក៏ឮសំឡេងបាញ់គ្នា ហើយប្តីក៏មកតាមឱ្យទៅផ្ទះ ដើម្បីរៀបចំអីវ៉ាន់ ភៀសខ្លួន តែខ្ញុំឱ្យប្តីយកកូនទៅមុន ខ្ញុំនៅលាងចាន បង្ហើយឱ្យគេ និងដើរទិញបន្លែឱ្យគេបន្តិចសិន រួចហើយបានទៅដល់ផ្ទះ រៀបអីវ៉ាន់ និងដឹកកូនចាកចេញពីផ្ទះ ទៅកន្លែងភៀសសឹក ដោយពេលនោះ ឮសំឡេងបាញ់គ្នាតែជួរមុខទេ លុះដល់ម៉ោង ១និង៣០នាទី ថ្ងៃទី២៨ កក្កដា ស្រាប់តែចោរសៀម បានទម្លាក់គ្រាប់បែកពីយន្តហោះ មកចំផ្ទះខ្ញុំតែម្តង តែមិនផ្ទុះ…”។

គួររំលឹកថា លោកហេង រតនា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ (CMAC) បានអះអាងថា គ្រាន់តែសង្គ្រាមទិសខេត្តឧត្តរមានជ័យ មានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ រហូតដល់ ១៥៤៩គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84 ចំនួន១០គ្រាប់ ប៉ុន្តែផ្ទុះត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ ៦គ្រាប់ទៀត មិនផ្ទុះ (ក្នុងនោះ១គ្រាប់ ធ្លាក់ចំផ្ទះរបស់ស្រ្តីឈ្មោះស៊ឹម ភា ខាងលើ) ហើយមន្ត្រី CMAC កំពុងធ្វើការស្រាវជ្រាវ ដាក់ស្លាកសញ្ញា ដើម្បីបោសសម្អាត កុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជា ពលរដ្ឋ។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា គ្រាប់បែក MK-84 ដែលទម្លាក់ចំផ្ទះប្រជាពលរដ្ឋ តែមិនផ្ទុះនេះ  មានទម្ងន់ ជិត១តោន មានបណ្តោយប្រមាណ៣,៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦ និងមានជាតិផ្ទុះ ជាង៥០០គីឡូក្រាម។ គ្រាប់ MK-84 គឺជាគ្រាប់បែកដ៏ធំបំផុតមួយ នៅក្នុងគ្រួសារគ្រាប់ បែក MK ប្រសិនបើវាបានផ្ទុះ វាអាចបង្កើតជារណ្តៅដែលមានជម្រៅ ៨ម៉ែត្រ និងទទឹង ១៧ម៉ែត្រ ថាមពលបំផ្លិចបំផ្លាញរបស់វា គឺធំធេងណាស់ ហើយនៅចំណុចទីតាំងតែមួយនេះ ពួកទាហានសៀម បានទម្លាក់គ្រាប់បែក ចំនួន១០គ្រាប់ ហើយផ្ទុះ ចំនួន៤គ្រាប់ រីឯ៦គ្រាប់ មិនផ្ទុះ ដោយរួមទាំងគ្រាប់បែក MK-84 ដែលធ្លាក់ចំផ្ទះប្រជា ពលរដ្ឋខាងលើនេះផងដែរ។

លោកហេង រតនា បានបញ្ជាក់បន្ថែមថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាម នៅទិសខេត្តឧត្តរមាន ជ័យ មានគ្រាប់បែកទម្លាក់ពីយន្តហោះ នៅទិសឧត្តរមានជ័យ ចំនួន ១៥៤៩គ្រាប់។ អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និងបោសសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនដល់បងប្អូនប្រជា ពលរដ្ឋ៕

RELATED ARTICLES