ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យមានជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់ដល់ខេត្តចំនួន៣ និងប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ ព្រមទាំងប៉ះ ពាល់ផលដំណាំកសិកម្មជិត ២០០ហិកតារ។


លោកសុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់អ្នក សារព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ថា ភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បង្កឱ្យកើតជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ខេត្តចំនួនបី ប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ។ ក្នុងនោះ ទី១-ខេត្តបាត់ដំបង ប៉ះពាល់ស្រុក ចំនួន១ គឺស្រុកសំឡូត ស្មើនឹង ៤ឃុំ ប៉ះពាល់ពលរដ្ឋចំនួន ២៦គ្រួ សារ និងប៉ះពាល់ដំណាំរួមផ្សំ ចំនួន ១៨,៥ហិកតារ។ ទី២-ខេត្តសៀមរាប ប៉ះពាល់ស្រុក ចំនួន៤ ស្មើនឹង១៣ឃុំ ប៉ះពាល់ពលរដ្ឋ ៤១៥គ្រួសារ និងប៉ះពាល់ផ្ទះ ៤១៥ខ្នង។ ចំណែកខេត្តទី៣ ជាខេត្តជាប់ដងទន្លេមេគង្គ គឺខេត្តក្រចេះ ប៉ះពាល់ ២ស្រុក ស្មើនឹង ២ឃុំ ប៉ះពាល់ប្រជាពលរដ្ឋ ២២៤គ្រួសារ និងប៉ះពាល់ដំណាំកសិកម្ម ចំនួន ១៦៩ហិកតារ។


ដោយឡែក លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ថា កម្ពស់ទឹកស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានឡើងដល់កម្រិតប្រុងប្រយ័ត្ន តែនឹងស្រកចុះវិញឆាប់ៗ នេះបើផ្នែកខាង លើមិនមានភ្លៀងបន្ថែម។ សូមប្រជាពលរដ្ឋនៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំ ប្រុងប្រយ័ត្នខ្ពស់៕


