ភ្នំពេញ ៖ លោកចាប ឌីណា អភិបាលរងខណ្ឌដូនពេញ តំណាងលោកជា ខេមា អភិបាលខណ្ឌ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញម្ចាស់ទាំងតាំងផ្ញើម៉ូតូ នៅផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ២៤០ មកអប់រំធ្វើកិច្ចសន្យាចំពោះការយកតម្លៃផ្ញើម៉ូតូ ២០០០រៀល លើសការណែនាំ។


លោកចាប ឌីណា បានលើកឡើងថា កន្លងមករដ្ឋបាល បានអញ្ជើញគ្រប់ម្ចាស់ទីតាំងផ្ញើម៉ូតូដែលបានទទួលផ្ញើមកអប់រំធ្វើកិច្ចសន្យា រួចរាល់ហើយ ហើយមួយរយៈធំនេះមិនមានប្រជាពលរដ្ឋប្តឹងផ្តល់អ្វីឡើយ។ ទើបតែនៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កន្លងមកនេះមាន បងប្អូនអ្នកសារព័ត៌មានថតវីដេអូ ស្តីពីការយកលុយ២០០០ រៀល ខុសពីការណែនាំ។


លោកអភិបាលរងខណ្ឌ បានបន្តថា ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរគុណចំពោះបងប្អូនអ្នក សារព័ត៌មាន បងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានមកកាន់ផេករដ្ឋបាលខណ្ឌដូនពេញ មិនថាព័ត៌មានផ្ញើម៉ូតូទេ តែបញ្ហាសន្តិសុខ បញ្ហាសណ្តាប់ធ្នាប់ ដើម្បីរដ្ឋបាលខណ្ឌ មានវិធានការ។ ខណ្ឌដូនពេញ ជាមជ្ឈ មណ្ឌលទេសចរណ៍ មជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឈមណ្ឌលវប្បធម៌ នយោបាយ។ បងប្អូនជាភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញមកកម្សាន្តមិនដែលដាច់ឡើយ គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ជាពិសេសនៅមុខព្រះបរមរាជវាំង។ ផ្លូវថ្មើរជើងចតុមុខ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តដឹកនាំអនុវត្តដោយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំផ្លូវថ្មើរជើងចតុមុខនេះ ឱ្យទទួលបានជោគជ័យ ព្រោះផ្លូវថ្មើរជើងចតុមុខនេះ ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ទទួលបានចំណូលប្រចាំសប្តាហ៍។ ផ្លូវថ្មើរជើងចតុមុខនេះ មានបងប្អូនគ្រប់ទិសទី ទូទាំងប្រទេស អញ្ជើញមកកម្សាន្ត និងធ្វើអាជីវកម្ម ទៅតាមផ្នែកមុខរបររៀងៗខ្លួន។ ហេតុនេះស្នើសុំបងប្អូនអ្នកទទួលផ្ញើម៉ូតូ ទាំងអស់ មេត្តាកុំយកលុយលើសពីការណែនាំរបស់រដ្ឋបាលខណ្ឌដូនពេញ បើមិនអនុវត្តនឹងចាត់វិធាន ការរដ្ឋបាល ដោយមិនលើកលែងឡើយ។ ការដែលបងប្អូនយកលុយលើសការណែនាំ គឺនាំឱ្យប៉ះពាល់ដល់ភ្ញៀវអញ្ជើញមកកម្សាន្ត៕

