Thursday, September 4, 2025
Homeសង្គម និងជីវិតចាប់បានត្រីរាជ ជាង១០០គីឡូ លែងវិញ

ចាប់បានត្រីរាជ ជាង១០០គីឡូ លែងវិញ

ខេត្តកំពង់ឆ្នាំង ៖ ប្រជានេសាទនៅខេត្តកំពង់ធំ ចាប់បានត្រីរាជដ៏ធំ ១ក្បាល ដែលមានទម្ងន់ប្រមាណជាង១០០ គីឡូក្រាម បន្ទាប់មកសម្រេចនាំគ្នានិមន្តព្រះសង្ឃមកសូត្រជយន្តោ រួចលែងត្រីរាជ ដ៏ធំ១ក្បាលនោះ ចូលដែនអភិរក្សក្នុងបឹងទន្លេសាប វិញ។

ការនិមន្តនិងអញ្ជើញលែងត្រីរាជ ១ក្បាល ដ៏ធំនេះ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដែនអភិរក្សក្នុងបឹងទន្លេសាប ព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ព្រះភិក្ខុបញ្ញាបញ្ជោតោ ធី បញ្ញា ព្រះចៅអធិការវត្តសុវណ្ណជលសា ហៅវត្តកំពង់ចម្លង ស្ថិតក្នុងភូមិតួនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបាននិមន្តទៅលែងត្រីរាជខាងលើ មានថេរដីកាថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ខណៈប្រជានេសាទ ឈ្មោះធី មានលំនៅក្បែរវត្ត ទៅលើកលប ប្រទះឃើញត្រីរាជ ១ក្បាល យ៉ាងធំ មានទម្ងន់ជាង ១០០គីឡូក្រាម ជាប់នៅក្នុងលបរបស់គាត់។

ក្រោយមក ប្រជានេសាទរូបនេះ បាននាំបងប្អូនអ្នកភូមិ និមន្តព្រះអង្គទៅធ្វើពិធីជយន្តោ លែងត្រីរាជ ១ក្បាលនោះ ចូលដែនអភិរក្ស នៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំវិញ។ ដោយសារបងប្អូនប្រជានេសាទ ធ្លាប់ទទួលបានការណែនាំពីមន្ត្រីជំនាញ លុះពេល ឃើញពូជត្រីដ៏កម្រ និងជាប្រភេទធំស្ទើរផុតពូជបែបនេះ ក៏នាំគ្នាយកត្រីដ៏ធំនេះលែងចូលបឹងទន្លេសាប វិញ ។

លោកលី ឡា នៃខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បញ្ជាក់ថា នៅព្រំប្រទល់រវាង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ មានដែនអភិរក្សមួយកន្លែងជាអតីតឡូត៍នេសាទលេខ១០។ ប៉ុន្តែអតីតឡូត៍នេសាទនេះ ស្ថិតនៅក្នុងដែនដីខេត្តកំពង់ឆ្នាំង គ្រាន់តែជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ប៉ុណ្ណោះ។

លោកលី ឡា បន្តថា ត្រីរាជ គឺជាប្រភេទត្រីងាយរងគ្រោះដែលជិតផុតពូជ។ ការចាប់បានត្រីរាជយ៉ាងធំ ហើយ លែងចូលបឹងទន្លេសាបវិញ គឺជាស្មារតីទទួលខុសត្រូវ និងស្រឡាញ់បរិស្ថានធម្មជាតិ។ ក្នុងនាមរូបលោកជាមន្ត្រីផល សូមថ្លែងអំណរព្រះគុណ និងអរគុណព្រះសង្ឃ និងប្រជានេសាទដែលបាននិមន្តនិងអញ្ជើញលែងត្រីដ៏កម្រនេះ ទៅក្នុងដែនអភិរក្សបឹងទន្លេសាបវិញ។

ប្រការដែលគួរឱ្យស្តាយ គឺប្រជានេសាទ ពុំបានសហការជាមួយនឹងមន្ត្រីជំនាញដូចសព្វដង ព្រោះបើបានសហ ការជាមួយមន្ត្រីជំនាញ គេនឹងប្រើបច្ចេកទេសវាស់វែង ថ្លឹងទម្ងន់ មុននឹងលែងត្រី ហើយក៏មានរង្វាន់លើកទឹក ចិត្តដល់ប្រជានេសាទនោះផងដែរ៕

RELATED ARTICLES