ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ចំនួនសរុប ១៧ ៤៨០ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥។ តួលេខនេះ ឃើញថាមានការធ្លាក់ចុះបន្តិច គឺ ០,៥ភាគរយ បើធៀបនឹងចំនួនជនសង្ស័យសរុបប្រមាណជា ១៧ ៥៧៤នាក់ ដែលសមត្ថកិច្ចចាត់វិធានការ នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ កន្លងទៅ ។

របាយការណ៍ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងនោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណថា មានជនបរទេស ចំនួន៦៩៨នាក់ មាន២០សញ្ជាតិ។
ប្រភពដដែល បានបន្តថា ចំនួនជនសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀន គឺមានការថយចុះបន្តិច ប៉ុន្តែបើនិយាយអំពីចំនួនគ្រឿងញៀន ដែលរឹបអូសបាន គឺនៅតែកើនឡើង ដោយនៅរយៈពេលនេះ អាជ្ញាធររឹបអូសបាន ៧,៧៦តោន ហើយកាលពី ៨ខែ ឆ្នាំ២០២៤ គឺរឹបអូសបាន ត្រឹមតែ ៥,៧៥តោន។

គ្រឿងញៀន ដែលរឹបអូសបាន ភាគច្រើនរួមមាន កេតាមីន អិចស្តាស៊ី ហេរ៉ូអ៊ីន មេតំហ្វេតាមីន គ្រីស្តាល់ ថ្នាំមេតំហ្វេតាមីន កូកាអ៊ីន និងកាធីណូន (cathinone) ឬហៅថា កេតំហ្វេតាមីន (ketoamphetamine) ដែលជាប្រភេទគ្រឿងញៀនសំយោគ៕