Thursday, September 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលស្រុក ស្រីប្តឹងលូកលាន់ រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែង

អភិបាលស្រុក ស្រីប្តឹងលូកលាន់ រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែង

ខេត្តព្រះវិហារ ៖ លោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ដែលផ្ទុះរឿងអាស្រូវ ត្រូវស្ត្រីជាមន្ត្រីសាលាស្រុកម្នាក់ (កូនចៅស្រី) ប្តឹងចោទប្រកាន់បៀតបៀនកេរ្តិ៍ខ្មាស និងប៉ុនប៉ងចាប់រំលោភនោះ ទីបំផុតត្រូវបានលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែង ដោយតែងតាំងអភិបាលរងស្រុក ១រូប ឱ្យឡើងទទួលតំណែងជាអភិបាលស្តីទី នៃគណៈអភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

យោងតាមប្រកាស ស្តីពីការប្រគល់សិទ្ធិជូនមន្ត្រីរាជការ ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានសម្រេចប្រគល់សិទ្ធិជូនលោកសុខ មុន្នីរិទ្ធ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ជាអភិបាលស្តីទី នៃគណៈអភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

គួររំលឹកថា ស្ត្រីម្នាក់ ជាមន្ត្រីសាលាស្រុកត្បែងមានជ័យ បានដាក់ពាក្យបណ្តឹងចូលទៅក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការខេត្តព្រះវិហារ ដោយចោទប្រកាន់លោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យបៀត បៀនកេរ្តិ៍ខ្មាស និងប៉ុនប៉ងចាប់រំលោភ ព្រមទាំងគំរាមបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការទៀតផងប្រសិន បើនាងហ៊ានធ្វើឱ្យបែកធ្លាយរឿងនេះ។ ប៉ុន្តែករណីនេះ ត្រូវបានលោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ច្រានចោលថា ជារឿងមិនពិត ដោយលោកបានចោទស្ត្រីជាមន្ត្រីរូបនោះថា “ប្តឹងចង់បានលុយដូរឡាន”។

តាមរយៈការផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន លោកស្រី សួស ចាន់ពិសី អាយុ៣៦ឆ្នាំ ជាមន្ត្រីសាលាស្រុកត្បែងមានជ័យ បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ឈ្មោះនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ដែលជាមេកោយរបស់នាង តែងតែលែបខាយពាក្យសម្តី លួងលោមសុំនាងធ្វើជាសង្សារ និងថែមទាំងបានលូកលាន់ ប៉ះពាល់រាងកាយនាង ដូចជា ចាប់ចង្កេះ ចាប់ស្មា ជាដើម តែនាងមិនព្រមទេ។ លុះចូលមកដល់ឆ្នាំ២០២៤ លោកនុត សោភ័ណ្ឌ កាន់តែហ៊ានបំពាននាងលើសដើម ដោយឆ្លៀតពេលហៅទៅជួបពិភាក្សាការងារក្នុងបន្ទប់ ខណៈដែលមិនមានមនុស្សនៅក្បែរ គាត់បានចូលមកឱបថើបនាងពីក្រោយ រហូតដល់បានច្របាច់សុដន់នាងថែមទៀត។

លោកស្រី សួស ចាន់ពិសី បានបន្ថែមថា លុះមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២និង២២នាទីថ្ងៃត្រង់ លោកនុត សោភ័ណ្ឌ បានទូរស័ព្ទមកនាង បាននិយាយពាក្យអសុរោះ អសីលធម៌ជាច្រើន ពាក់ព័ន្ធផ្លូវភេទ ទើបនាងបានចុចថតសំឡេង តែគាត់ដឹងខ្លួនទាន់ ក៏ចុចបិទទូរស័ព្ទភ្លាមៗ។ បន្ទាប់មក នៅវេលាម៉ោងប្រហែលជាង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកនុត សោភ័ណ្ឌ បានហៅនាងទៅយកឯកសារនៅបន្ទប់ធ្វើការរបស់គាត់ ខណៈពេលដែលនាងដើរចេញមកវិញ លោកនុត សោភ័ណ្ឌ បានស្ទុះមកឱបនាងពីក្រោយ ទាំងមិនដឹងខ្លួន ដោយដៃម្ខាងខ្ទប់មាត់នាង ទាញមុខមកថើបញក់ញី ដៃម្ខាងទៀតធ្វើសកម្មភាពចាប់សុដន់នាងច្របាច់យ៉ាងខ្លាំង។ ចុងក្រោយ នៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ការិយាល័យអប់រំស្រុក បានរៀបចំពិធីជប់លៀង ជួបជុំមន្ត្រីរាជការ និងគ្រូបង្រៀន ពេលនោះ លោកនុត សោភ័ណ្ឌ ក៏បានចូលរួមដែរ។ លុះដល់វេលាម៉ោងខ្ទង់៧ ទៅ៨យប់ គាត់បានដើរដល់កែវជាមួយភ្ញៀវជាច្រើន ក្នុងកម្មវិធី រហូតមកដល់តុដែលនាងអង្គុយ ពេលនោះគាត់បានឈរក្បែរកៅអីរបស់នាង ដៃម្ខាងកាន់កែវស្រាជល់ ឯដៃម្ខាងទៀត លូកមកចាប់ចង្កេះនាង។

លោកស្រី សួស ចាន់ពិសី បានបន្តថា ដោយមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខ្លាចថ្ងៃណាមួយ ត្រូវបុគ្គលនេះ (លោកនុត សោភ័ណ្ឌ) អាចឈានដល់ការចាប់រំលោភសេពសន្ថវៈមកលើរូបនាង ទើបនាងសម្រេចចិត្តប្តឹងបុគ្គលនេះ ទៅតាមផ្លូវច្បាប់  ដោយសង្ឃឹមយ៉ាងមុតមាំថា ផ្លូវច្បាប់ នឹងផ្តល់យុត្តិធម៌ដល់រូបនាង។

លោកស្រី សួស ចាន់ពិធី បានបញ្ជាក់បន្ថែមថា “នាងខ្ញុំមានការឈឺចាប់ សុំប្តឹងឈ្មោះនុត សោភ័ណ្ឌ នាងខ្ញុំមានការឈឺចាប់ក្នុងចិត្តជាខ្លាំង សូមប្តឹងទាមទារឱ្យច្បាប់ ធ្វើការផ្តន្ទាទោសបុគ្គលខាងលើ ទៅតាមផ្លូវច្បាប់ និងសូមទាមទារឱ្យឈ្មោះនុត សោភ័ណ្ឌ សងជំងឺចិត្ត មកនាងខ្ញុំ ជាទឹកប្រាក់ចំនួន ១០០លានរៀល…”។

ជុំវិញការចោទប្រកាន់នេះ លោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ប្រាប់អ្នកសារ nព័ត៌មាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា “ករណីនេះ មិនពិតទេ វាជាការលាបពណ៌ខ្ញុំ ហើយការប្តឹងនេះ គឺមកពីគេ (លោកស្រី សួស ចាន់ពិសី) ចង់បានលុយដូរឡាន…”។

ដោយឡែក លោកនុត សោភ័ណ្ឌ បានចេញធ្វើការបកស្រាយបំភ្លឺថា “ខ្ញុំបាទឈ្មោះនុត សោភ័ណ្ឌ ជាអភិ បាលស្រុកត្បែងមានជ័យ សូមធ្វើការបកស្រាយនិងបំភ្លឺជូនបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានក្នុងស្រុកទាំងអស់ ឱ្យបានជ្រាបថា កន្លងមក មានការចុះផ្សាយព័ត៌មានថា ខ្ញុំបាទ រងការប្តឹងចោទប្រកាន់បានប្រទូស្តកេរ្តិ៍ខ្មាសជាមួយមន្ត្រីក្រោមឱវាទ អ៊ីចឹងដើម្បីឱ្យអស់ចម្ងល់ ខ្ញុំសូមធ្វើការបកស្រាយដូចតទៅ ៖ កាលពីថ្ងៃទី៧ ដល់ទី៩ ខែកក្កដា ឆ្នាំ២០២៥ អគ្គាធិការរបស់ក្រសួងមហាផ្ទៃ បានចុះមកធ្វើការអង្កេតនិងស្រាវជ្រាវករណីសំណុំរឿងនេះ អស់រយៈពេល ៣ថ្ងៃ នៅរដ្ឋបាលស្រុក និងរដ្ឋបាលខេត្ត។ ចំពោះលទ្ធផលគឺមិនទាន់ដឹងនៅឡើយទេ ព្រោះអគ្គាធិការ បានត្រឡប់ទៅក្រសួងវិញ ហើយមួយផ្នែកទៀត ស្ថិតនៅក្នុងសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា អមសា លាដំបូងខេត្តព្រះវិហារ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ អ៊ីចឹងពាក់ព័ន្ធនឹងការបកស្រាយរបស់ខ្ញុំនេះ មិនមានការបកស្រាយអីវែងឆ្ងាយក្រៅពីហ្នឹងទេ។ ហេតុដូនេះ យើងខ្ញុំសូមបកស្រាយជូនបងប្អូនជនរួមជាតិ និងអ្នក សារព័ត៌មានក្នុងស្រុក ឱ្យជ្រាបជាព័ត៌មាន។ យើងខ្ញុំមិនអាចធ្វើការបកស្រាយជូនអ្នកសារព័ត៌មាន ម្តងមួយអង្គភាពៗបានទេ សូមអរគុណ…”។

ពាក់ព័ន្ធករណីខាងលើនេះដែរ ភរិយាលោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ក៏ធ្លាប់បានចេញមុខការពារប្តីរបស់គាត់ថា រឿងរ៉ាវគ្រួសារលោកស្រីកំពុងជួបប្រទះពេលនេះ គឺមិនខុសពីសៀម និងកម្ពុជា នោះទេ ដោយសៀម កំពុងលាបពណ៌កម្ពុជា ចង់បានដី ចង់បានប្រាសាទខ្មែរ ហើយស្រែកប្រាប់ពិភពលោកថា ខ្លួនជាជនរងគ្រោះ តែសម្រាប់ស្វាមីលោកស្រី បម្រើពលរដ្ឋ ៤០ឆ្នាំមកហើយ សាងតែអំពើល្អ ជួយសង្គមនិងអ្នកក្រីក្រ បែរជាត្រូវគេចោទប្រកាន់ លាបពណ៌ ។ ហេតុនេះលោកស្រីសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នឹងជួយរកយុត្តិធម៌ជូនប្តីលោកស្រី កុំឱ្យគេធ្វើស៊ីមនុស្សល្អ។

លោកស្រីពេជ្រ ម៉ូនីកា ភរិយាលោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា “ប្រទេសមានច្បាប់ គ្រួសារមានវិន័យ រឿងគ្រួសារខ្ញុំជួបនៅពេលនេះ ប្រៀបដូចសៀម និងកម្ពុជា សៀម កំពុងលាបពណ៌ឱ្យកម្ពុជា ចង់បានដី ចង់បានប្រាសាទ ហើយស្រែកប្រាប់ពិភពលោកថាជាជនរងគ្រោះ។  គ្រួសារខ្ញុំចូលធ្វើការបម្រើប្រជា ពលរដ្ឋ ៤០ឆ្នាំហើយ ស្រលាញ់គណបក្សប្រជាជនកម្ពុជា ស្មោះត្រង់ សាងតែសេចក្តីល្អអំពើល្អ ស្រលាញ់កិត្តិយស ជួយសង្គម ជួយអ្នកក្រីក្រ…”។

ភរិយាលោកនុត សោភ័ណ្ឌ បានបន្ថែមថា “នាងខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នឹងជួយរកយុត្តិធម៌ ភាពស្អាតស្អំឱ្យគ្រួសារខ្ញុំវិញផង ច្បាប់ត្រូវតែមានចំពោះមនុស្សស្លូតត្រង់និងត្រឹមត្រូវ កុំព្រោះតែផលប្រយោជន៍ រៀបចំផែនការដើម្បីធ្វើស៊ីមនុស្សល្អ ហើយកាន់ជើង មនុស្សខុស វាធ្វើឱ្យសង្គមអាប់ឱនខ្លាំងណាស់។ មនុស្សរស់នៅត្រូវមានគុណធម៌ ស្មោះត្រង់មានតម្លៃ សេចក្តីថ្លៃថ្នូរ កុំព្រោះតែប្រយោជន៍ធ្វើរឿងថោកទាប សទៅជាខ្មៅ បាបកម្មខ្លាំងណាស់…”៕

RELATED ARTICLES