ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ ជាសិស្សសាលា នៅសុខៗបានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង អស់រយៈពេល ៥ថ្ងៃមកហើយ នៅតែមិនទាន់ឃើញវិលត្រឡប់មកវិញ ហើយទោះជាក្រុមគ្រួសារខំតាមស្វែងរកយ៉ាងណាក៏មិនមានតម្រុយសោះ ទើបធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏សម្រេចចិត្តប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីជួយតាមស្វែងរកកូនស្រី ត្រឡប់មកវិញ។

យុវតីដែលបាត់ខ្លួន មានឈ្មោះអោ លីហ្សា អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ F37 ផ្លូវបេតុង បុរីស្រីសុវណ្ណា ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ យុវតីរូបនេះ បានបាត់ពីផ្ទះ តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយ។
យោងតាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នោព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ថា អាណាព្យាបាល បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកកូនស្រី ឈ្មោះអោ លីហ្សា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បានចេញពីផ្ទះលេខ F37 ផ្លូវបេតុង បុរីស្រីសុវណ្ណា ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ហើយមិនឃើញត្រឡប់មកផ្ទះវិញ។
ប្រភពដដែល បន្តថា បើសិនបងប្អូនប្រជាពលរដ្ឋ បានឃើញដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់ តាមរយៈលេខទូរស័ព្ទ 086 93 22 44, 099 65 62 63៕