ភ្នំពេញៈ ព្យុះឈ្មោះ តាប៉ាស 9ទាផាហប ទ២៥១៦ ដែលជាព្យុះទី១៦ ក្នុងឆ្នាំ២០២៥ នៅតែបន្តជះឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលនឹងធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ តែទោះយ៉ាងណា គន្លងផ្លូវដើរ របស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះ រាជា ណាចក្រកម្ពុជានោះទេ។

យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្យុះទី១៦ ឈ្មោះ តាប៉ាស 9ទាផាហប បានកើតឡើងដោយសារការវិវដ្តពីវិសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រ អានដាម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។
តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាព មធ្យមអប្បបរមា២៣អង្សារសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សារសេ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍ សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សារសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សារសេ។ ខ្យល់បក់មកពីទិស បស្ចិម និងពាយ័ព្យមានល្បឿនមធ្យម៤ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០ភាគរយ។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សារសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥ អង្សារ សេ។ ខ្យល់បក់មកពី ទិសនិរតី និងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៤០ភាគរយ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យម អតិបរមា ២ម៉ែត្រ។
គួររំលឹកថា ព្យុះទី១៦ ឈ្មោះ តាប៉ាស 9ទាផាហប បានកើតឡើងរយៈពេល៣ថ្ងៃមកហើយ ពោលគឺតាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនៅតាមតំបន់មួយចំនួន តែពុំមានឥទ្ធិពលខ្លាំងនោះទេ ៕