ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងមានវិបត្តិផ្លូវចិត្តរឿងអ្វី កំពុងផឹកស៊ីជុំបងប្អូនសុខៗ ទាញម៉ូតូជិះ ដោយប្រាប់ថា ទៅទិញស្រាបៀរ មួយភ្លែត តែបែរជាជិះម៉ូតូសំដៅមកស្ពានព្រះមុនីវង្សថ្មី រួចលោតទឹកបញ្ចប់ជីវិត បណ្តាលឱ្យលិច បាត់ខ្លួនក្នុងទឹក ។

ករណីបុរសខូចចិត្ត លោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី០៧ ខែកញ្ញ ឆ្នាំ២០២៥ នៅត្រង់ចំណុចលើស្ពានមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បុរសដែលលោតទឹកបញ្ចប់ជីវិត មានឈ្មោះពុំ ពេជ្រ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។
តាមការរាប់រៀបរបស់សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយបងប្អូន នៅម្តុំបឹងតាម៉ាត ខណ្ឌដង្កោ លុះពេលផឹកសុខៗ ជនរងគ្រោះបានប្រាប់ថា ទៅទិញស្រាបៀរ និងសុំលុយបងប្អូន ៥ពាន់រៀល ទុកចាក់សាំងទៅផ្ទះវិញ ទៀតផង។ បន្ទាប់មក ជនរងគ្រោះបានទាញម៉ូតូជិះចេញទៅបាត់ ដោយពុំមានអ្នកណាម្នាក់ចាប់អារម្មណ៍នោះទេ។
ប្រភពដដែល បន្តថា លុះពេលជនរងគ្រោះជិះម៉ូតូចេញទៅ ហើយបងប្អូនចាំបាត់ៗយូរពេក ទើបទូរស័ព្ទទៅសួរ ស្រាប់តែមានប្រជាពលរដ្ឋជាអ្នកលើកទូរស័ព្ទជំនួស ដោយប្រាប់ថា ម្ចាស់ទូរស័ព្ទ (ជនរងគ្រោះ) បានលោតទឹកសម្លាប់ខ្លួនលើស្ពានច្បារអំពៅ បាត់ទៅហើយ ដោយបន្សល់ទុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1K-3207 និងទូរស័ព្ទដៃ ១គ្រឿង នៅលើស្ពានព្រះមុនីវង្សថ្មី ។ ឮបែបនេះ សាច់ញាតិ បងប្អូន ក៏ប្រញាប់ធ្វើដំណើរមកដល់លើស្ពានព្រះមុនីវង្ស ដើម្បីពិនិត្យមើល ទើបដឹងថា ពិតថាជាម៉ូតូរបស់ជន រងគ្រោះមែន។
ក្រោយកើតហេតុ សមត្ថកិច្ចសំរេចយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋចាក់អង្រែលើ និងបានអញ្ជើញសាច់ញាតិជនរងគ្រោះ ទៅបំភ្លឺផងដែរ៕