Thursday, September 11, 2025
Homeសេដ្ឋកិច្ចជាតិថវិកាជាតិ ចាយមិនត្រូវខ្ទង់ អ្នកវិភាគថា កម្ពុជា គ្មានលុយជួយដោះវិបត្តិបំណុលពលរដ្ឋ

ថវិកាជាតិ ចាយមិនត្រូវខ្ទង់ អ្នកវិភាគថា កម្ពុជា គ្មានលុយជួយដោះវិបត្តិបំណុលពលរដ្ឋ

ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកឃ្លាំមើល បានលើកឡើងថា សម្រាប់កម្ពុជា ថវិកាជាតិ មួយឆ្នាំៗ ចាយមិនត្រូវខ្ទង់ និងមិនចំគោលដៅ ដោយបន្ថែមលើការកេងបន្លំថវិកាជាតិ បម្រើប្រយោជន៍បុគ្គលនិងបក្ខពួក ទើបគ្មានលុយជួយដោះវិបត្តិបំណុលពលរដ្ឋ ។

 លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដា ញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថា “ខ្មែរ អាចធ្វើបាន ប្ដូរពីការធ្វើបានរឿងមិនត្រូវធ្វើ ទៅជាធ្វើបានរឿងដែលត្រូវធ្វើ ដែលនាំប្រយោជន៍ដល់ជាតិ និងប្រជាជនសុទ្ធសាធ។ ប្រទេសមួយចំនួន មហាសេដ្ឋីគេ បរិច្ចាគថវិការាប់ពាន់លានដុល្លារ ចូលរដ្ឋ រដ្ឋាភិបាលគេ មានកញ្ចប់ថវិកាឧបត្ថម្ភដល់ពលរដ្ឋឥត ការងារ និងចាស់ជរា ។ល។ សម្រាប់កម្ពុជា ថវិកាជាតិ មួយឆ្នាំៗ ចាយមិនត្រូវខ្ទង់ និងមិនចំគោលដៅ ដោយបន្ថែមលើការកេងបន្លំថវិកាជាតិ បម្រើប្រយោជន៍បុគ្គលនិងបក្ខពួក។ ថវិកាទាំងអស់នេះសុទ្ធតែចេញពីញើសឈាមពលរដ្ឋ វាគួរណាស់តែពលរដ្ឋជាអ្នកទទួលផល ប៉ុន្ដែបែរជាផលត្រូវបានផ្អឹបទុកនៅតែខាងលើដែលជាអ្នកទទួលអំណាចពីពលរដ្ឋវិញ។ នៅពេលពលរដ្ឋរងគ្រោះ ដោយកសិផលគ្មានទីផ្សារ ឬតម្លៃថោក បាត់បង់ការងារដោយសារសង្គ្រាមឈ្លានពាន ហាក់គ្មានការអន្ដរាគមន៍ ឬជួយស្ដារស្ថានភាពបន្ទាន់របស់ពួកគាត់សោះ ឡើយ ដោយលេសនេះ លេសនោះ ថាតើធាតុពិតនៃការដឹកនាំដើម្បីពលរដ្ឋ ឬដើម្បីអ្វី? សាកគិតបន្ដិច មានលុយទិញមនុស្សឱ្យបម្រើនយោបាយខ្លួន ចំណាយរាប់សិបលានដុល្លារ ហេតុអ្វីគ្មានលុយជួយសង្គ្រោះវិបត្តិបំណុលពលរដ្ឋ? នេះគ្រាន់តែចំណុចតូចមួយនៃភាពមិនប្រក្រតីនៃការចាយវាយថវិកាជាតិ“ ។

 ជាមួយគ្នានោះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា រដ្ឋាភិបាលកម្ពុជា ពិតជាចាយខ្ជះខ្ជាយ និងមិនត្រូវខ្ទង់មែនហើយ ដែលនាំឲ្យមាន ផលវិបាក ក្នុងការដោះស្រាយវិបត្តិបំណុលពលរដ្ឋ ។ ចាយខ្ជះខ្ជាយ និងមិនត្រូវខ្ទង់ទាំងនោះ មាន៥ចំណុច ដែលលោកកត់សម្គាល់ឃើញ ។ ក្នុងនោះមានដូចជា មន្ត្រីជាន់ខ្ពស់ រួមទាំងទីប្រឹក្សារាប់ពាន់នាក់ ចំនួនក្រសួង ច្រើនពេក កងអង្គរក្ស មានទំហំធំហួសហេតុ ចំណាយលុយខ្ជះខ្ជាយ ទៅលើកម្មវិធីសម្ពោធនានារបស់មេដឹកនាំ និងថវិកាជាតិមួយចំណែក ត្រូវបានធ្លាក់ក្នុងហោប៉ៅរបស់ពួកមន្ត្រីពុករលួយ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជា ពិតជាចាយខ្ជះខ្ជាយ និងមិនត្រូវខ្ទង់មែនហើយ ដែលនាំឲ្យមានផលវិបាក ក្នុងការដោះស្រាយវិបត្តិបំណុលពលរដ្ឋ។ ចាយខ្ជះខ្ជាយ និងមិនត្រូវខ្ទង់ ទៅលើ ៖ ១. មន្ត្រីជាន់ខ្ពស់ រួមទាំងទីប្រឹក្សារាប់ពាន់នាក់ ដែលជាការបំផ្លាញថវិកាជាតិ។ ២. ចំនួនក្រសួងច្រើនពេក ហើយក្រសួងខ្លះធ្វើការជាន់គ្នា ដូចជាក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក រួមទាំងក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ជាដើម។ ក្រសួងទាំងនោះ ប្រើប្រាស់ថវិកាជាតិ យ៉ាងច្រើន ប៉ុន្តែលទ្ធផលការងារគ្មានប្រសិទ្ធភាព។ ៣. កងអង្គរក្សរបស់គ្រួសារលោក ហ៊ុន សែន មានទំហំធំហួសហេតុ ហើយពួកគេបម្រើតែក្រុមគ្រួសារលោក ហ៊ុន សែន តែប៉ុណ្ណោះ។ កងអង្គរក្សទាំងនោះ រស់នៅហ៊ឺហា ហ៊ឹកហ៊ាក់ និងមានសព្វាវុធទំនើបៗ។ ចំណែកកងទ័ពជួរមុខ ដែលឈរជើងការពារជាតិទឹកដី បែរជាខ្សត់ខ្សោយ ខ្វះខាតគ្រប់បែបយ៉ាង រួមទាំងសម្ភារៈសឹក ក៏ខ្វះមុខខ្វះក្រោយដែរ។ ៤. ចំណាយលុយខ្ជះខ្ជាយ ទៅលើកម្មវិធីសម្ពោធនានារបស់មេដឹកនាំ។ រាល់ការសម្ពោធ រដ្ឋាភិបាល តែងតែរាយកងកម្លាំងការពារច្រើនហួសហេតុ ដោយប្រើប្រាស់លុយជាតិក្រាស់ក្រែល ប៉ុន្តែមិនសូវមានប្រយោជន៍។ ៥. ថវិកាជាតិមួយចំណែក ត្រូវបានធ្លាក់ក្នុងហោប៉ៅរបស់ពួកមន្ត្រីពុករលួយ សូកប៉ាន់យ៉ាងសម្បើម តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន“ ។

គួរបញ្ជាក់ថា តាមរបាយការណ៍មួយ ដែលចេញដោយការិយាល័យឥណទានកម្ពុជា ដែលហៅកាត់ថា CBC បានឲ្យដឹងថា គិតរហូតដល់ឆ្នាំ២០២៤ ប្រជាជនកម្ពុជា ដែលរស់នៅក្នុងស្ថានភាពជំពាក់បំណុលរបស់ស្ថាប័នហិរញ្ញវត្ថុនានា គឺមានប្រមាណ ៥,០៤លាននាក់ នៅទូទាំងប្រទេស ដែលកំពុងតែរស់នៅក្នុងស្ថានភាពជាកូនបំណុលដែលមានទំហំទឹកប្រាក់សរុបប្រមាណជិត ៦០ពាន់លានដុល្លារ ដោយពួកគេជំពាក់ស្ថាប័នហិរញ្ញវត្ថុ មានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទនានាសរុប ១៩៧ ស្ថាប័ន ។ ក្នុងនោះ តាមការកត់ត្រា រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប គឺជាកន្លែងដែលមានពលរដ្ឋរស់នៅក្នុងបំណុលនោះច្រើនជាងគេបង្អស់ ដោយគ្រាន់តែរាជធានីភ្នំពេញ មានចំនួនបំណុលច្រើនជាងគេ រហូតដល់ប្រមាណ ៥០ភាគរយ នៃសមតុល្យបំណុលសរុបទូទាំងប្រទេស ដែលមានអ្នកខ្ចីសរុបចំនួន ៦៩,៦ម៉ឺននាក់ ។ បន្ទាប់មកទៀត គឺខេត្តកណ្តាល មានបរិមាណបំណុលស្មើនឹង ៥ភាគរយ ហើយមានអ្នកខ្ចីសរុប ៣៩,៤ម៉ឺននាក់ ។ ដោយឡែក ខេត្តសៀមរាប មានបរិមាណបំណុលសរុប ស្មើនឹង ៤ភាគរយ និងមានអ្នកជាប់បំណុលសរុប ៣២,៤ម៉ឺននាក់ ។

ទោះបីជាយ៉ាងណា ប្រភពខាងលើ បញ្ជាក់ថា មិនមែនបំណុលទាំងអស់ សុទ្ធតែអាក្រក់ទេ ។ បំណុលខ្លះ គឺជាការខ្ចីលុយ ដើម្បីរកស៊ី និងបានផលចំណេញ ខណ:បំណុលមួយចំនួ អាចនាំទុក្ខក៏ដោយ ។ ជាការពិតនៅ ពេលដែលបំណុល មានស្ថានភាពកើនឡើង យើងអាចនឹងមានការព្រួយបារម្ភ សង្គមមានផលវិបាក ហើយផលវិបាកនោះ អាចមានផលប៉ះពាល់រយៈពេលវែងដល់សេដ្ឋកិច្ចនិងស្ថេរភាពសង្គម ។ ជាទូទៅ នៅពេលដែលបំណុលមានការកើនឡើង អ្នកដែលរស់នៅក្នុងបំណុលអ្វីដែលពួកគេកំពុងតែប្រឈមមុខនោះ គឺពួកគេនឹងកាត់ បន្ថយការចំណាយ ដែលនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច បន្ថែមទៀត ។ ការការកើនឡើងនៃអត្រាបំណុលអាចនាំឲ្យមានអតិផរណា ប្រសិនបើវានាំទៅដល់ការខ្ចីប្រាក់ច្រើនពេក ជាពិសេសប្រសិនបើមនុស្សជំពាក់បំណុលគេ ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ ជាជាងការវិនិយោគ ។ នេះអាចជំរុញឱ្យឡើងថ្លៃទំនិញ និងសេវាកម្ម ដែលប៉ះពាល់ដល់គ្រួសារដែលមានចំណូលទាប បង្កើនភាពតានតឹង និងបញ្ហាសុខភាពផ្លូវចិត្តដល់ពលរដ្ឋ ។ អ្នករស់នៅក្នុងស្ថានភាពកូនបំណុលគេ គឺអាចនឹងប្រឈមមុខនឹងការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងភាពតានតឹង ដែលអាចមានផលប៉ះពាល់រយៈពេលវែងលើសុខុមាលភាពរួមរបស់ពួកគេ ។ មិនតែប៉ុណ្ណោះ បំណុលខ្ពស់ អាចរួមចំណែកដល់ការធ្លាក់ចុះនៃគុណភាពជីវិត និងការកើនឡើងសម្ពាធលើប្រព័ន្ធថែទាំសុខ ភាព ដោយសារតែជំងឺដែលទាក់ទងនឹងភាពតានតឹងផ្នែកអារម្ភ ។ នៅក្នុងស្ថានភាពដែលពលរដ្ឋប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុ ដែលបណ្តាលមកពីការកើនឡើងបំណុលបែបនេះ អាចនាំឱ្យមានភាពតានតឹងក្នុងគ្រួសារ បង្កើនលទ្ធភាពនៃការបែកបាក់ទំនាក់ទំនង ការលែងលះ និងជម្លោះគ្រួសារ ។ ក្រៅពីនោះ ពលរដ្ឋក៏អាចប្រ ឈមនឹងការស្វែងរកឱកាសធ្វើចំណាកស្រុក ដែលធ្វើឲ្យបញ្ហារបស់ពួកគេនឹងជួបកាន់តែធ្ងន់ធ្ងរ ។

 ដោយឡែក នៅដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ កម្ពុជា មានបំណុលសាធារណៈសរុប ១២,៦៧ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៩ភាគរយ គឺជាបំណុលសាធារណៈក្រៅប្រទេស។ បំណុលនេះ បានកើនឡើង បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំសន្និធិបំណុលសាធារណៈសរុបតែ ១២,០៣ពាន់លានដុល្លារប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ បើតាមក្រសួងសេដ្ឋកិច្ច ក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្ប ទានថ្មីដែលមានទឹកប្រាក់ជាង ១៩៦លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាល បន្តអះអាងថា កម្ពុជា នៅតែអាចគ្រប់គ្រងបំណុលសាធារណៈបាន ខណៈអ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា កម្ពុជា នៅមានបំណុលទាបជាងបណ្តាប្រទេសជាច្រើនលើពិភពលោក ៕ កុលបុត្រ

RELATED ARTICLES