ខេត្តសៀមរាប ៖ បុរសម្នាក់ បានទៅទារលុយពីស្ត្រីម្នាក់ ដែលជំពាក់ខ្លួន ខ្ទង់ពាន់ដុល្លារ លុះទៅដល់ មិនត្រឹមតែទារប្រាក់មិនបាន បែរជាកើតមានជម្លោះពាក្យសម្តី រហូតត្រូវស្ត្រីជាកូនបំណុល គំរាមប្តឹងថែមទៀត ជាហេតុធ្វើឱ្យម្ចាស់បំណុល ទប់កំហឹងមិនបាន ក៏ទាញកាំបិតចាក់ស្ត្រីជាកូនបំណុល ប្រមាណជាង១០កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងថែមទាំងថតវីដេអូឡាយក្នុងបណ្តាញសង្គមទៀតផង រហូតដល់ម្តាយរបស់ស្ត្រីរងគ្រោះ អង្គុយបត់ជើងសំពះអង្វរ ទើបជនដៃដល់ព្រមឈប់ រួចចូលទៅប៉ុស្តិ៍នគរបាល ដើម្បីសារភាពកំហុស។ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ព្រំប្រទល់ជាប់នឹងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ជនដៃដល់ជាម្ចាស់បំណុល មានឈ្មោះបូរ៉ា។ ចំណែកស្ត្រីរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានជំពាក់ប្រាក់ជនដៃដល់ មួយ ចំនួន លុះមកដល់ថ្ងៃកើតហេតុ ជនដៃដល់ជាម្ចាស់បំណុល បានតាមទៅទារលុយ ពីស្ត្រីរងគ្រោះ ជាកូនបំ ណុល ដល់ផ្ទះ ស្រាប់តែកើតមានជម្លោះពាក្យសម្តីនឹងគ្នា រហូតត្រូវបានស្ត្រីរងគ្រោះជាកូនបំណុល បានគំរាមប្តឹងម្ចាស់បំណុលថែមទៀតផង ជាហេតុធ្វើឱ្យជនដៃដល់ផ្ទុះកំហឹង ក៏ទាញកាំបិតចាក់ស្ត្រីរងគ្រោះ ប្រមាណជាង១០កាំបិត បណ្តាលឱ្យរងរបួសត្រង់ស្មាឆ្វេងស្តាំ ផ្ទៃមុខ និងក្បាល ហូរឈាមស្រោចខ្លួន។
ប្រភពដដែល បន្តថា មិនត្រឹមតែចាក់ប្រហារទៅលើស្ត្រីរងគ្រោះប៉ុណ្ណោះទេ ជនដៃដល់ បានដកទូរស័ព្ទមកថត ឡាយ សួរនាំទៅកាន់ស្ត្រីរងគ្រោះទៀតផង ដោយក្នុងនោះ តាមសម្តីឆ្លើយឆ្លងគ្នា បានឱ្យដឹងថា ភាគីរងគ្រោះ បានជំពាក់ប្រាក់ភាគីដៃដល់ ខ្ទង់ពាន់ដុល្លារ និងសន្យាថា នឹងសងជាដំណាក់កាល។ ដោយឡែក នៅអំឡុងពេលចាក់ប្រហារស្ត្រីរងគ្រោះរួចហើយ ទាញទូរស័ព្ទមកថតឡាយនោះ ស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះ បានអង្គុយបត់ជើងសំពះអង្វរជនដៃដល់ សូមកុំឱ្យចាក់កូនស្រីគាត់ទៀត។ ចំណែកជនដៃដល់ បានឆ្លើយតបថា ខ្លួនក៏មិនចង់ធ្វើបែបនេះដែរ តែស្ត្រីរងគ្រោះខ្លាំងពេក ជំពាក់លុយអត់សងហើយ ចង់ប្តឹងទៀត។

យ៉ាងណា ក្រោយពីបង្ហោះវីដេអូខាងលើ បានរយៈពេលប្រមាណជាង១៣នាទី ជនដៃដល់ បានលុបវីដេអូនោះចេញពីគណនីបណ្តាញសង្គមផ្ទាល់ខ្លួនវិញ រួចដើរចូលប៉ុស្តិ៍នគរបាលសារភាពកំហុសរបស់ខ្លួនតែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕