ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ចំនួន២៨នាក់ បម្រុងឆ្លងដែនចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងចម្រុះការពារព្រំដែន ឃាត់ខ្លួន ធ្វើការអប់រំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរៈការពារព្រំដែន លេខ៨១៥ បានបញ្ជាក់ប្រាប់ថា នៅពេលកម្លាំងនគរបាលវរៈការពារព្រំដែនគោក លេខ៨១៥ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ បានចេញល្បាត បានប្រទះឃើញពលករខ្មែរ ចំនួន២៨នាក់ (ស្រី១៥នាក់) ដែលបម្រុងលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់។

លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនពលករខ្មែរ ចំនួន២៨នាក់ បាននាំយកសាកសួរនៅបញ្ជាការដ្ឋាននគរ បាលវរៈការពារព្រដែនគោក លេខ៨១៥ ដើម្បីសាកសួរ។ តាមចម្លើយសារភាព ពួកគាត់មកតាមរយៈមេខ្យល់ ដោយក្នុងម្នាក់ ត្រូវបង់ប្រាក់ឱ្យមេខ្យល់ ចំនួន៥០០០បាត នៅពេលដែលជូនដល់កន្លែងធ្វើការ ទើបឱ្យលុយគ្រប់ តែពេលនេះមិនទាន់ដល់គោលដៅផង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ក្រោយធ្វើការអប់រំណែនាំរួច ពលករខ្មែរទាំង២៨នាក់ខាងលើ ត្រូវបានរថយន្តសាលាខេត្តបន្ទាយមានជ័យ ដឹកជញ្ជូនដល់លំនៅឋានវិញ។ ដោយឡែកមេខ្យល់ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕
