ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានចាប់ឃាត់រថយន្តធំៗចំនួន ១១គ្រឿង ដែលបាន ដឹកខ្សាច់ធ្វើចរាចរណ៍តាមដងផ្លូវ មិនគោរពទៅតាមលក្ខណៈបច្ចេកទេស ដោយធ្វើឱ្យខ្សាច់ជ្រុះតាមផ្លូវ ហើយមានទឹកហូរចេញពីរថយន្តថែមទៀត ។

មន្ត្រីនគរបាលដែលកំពុងចុះប្រតិបត្តិការនេះ បានឱ្យដឹងថា មូលហេតុដែលឈានឱ្យមានការចុះចាប់ឃាត់រថយន្តដឹកខ្សាច់ធំៗទាំងអស់នេះ គឺដោយសារមានប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមួយចំនួនបានលើកឡើងថា ក្រុមរថយន្តដឹកខ្សាច់ធំៗទាំងនេះ ដឹកជញ្ជូនខ្សាច់សើម បង្ហូរទឹកពេញផ្លូវ ហើយដាក់ខ្សាច់ខ្ពស់ហួសទ្រុង អត់គ្រប ធ្វើឱ្យខ្សាច់ជ្រុះពេញផ្លូវ បណ្តាលឱ្យអ្នកធ្វើដំណើរតាមម៉ូតូ កិនដួលជាញឹកញាប់។

ក្រុមរថយន្តដឹកខ្សាច់ទាំងនេះ ក៏បានធ្វើឱ្យផ្លូវជាតិលេខ៣១០ ប្រវែងជិត១០គីឡូម៉ែត្រ គិតចាប់ពីចំណុចទីប្រជុំជនអ្នកលឿង រហូតដល់ឃុំព្រែកក្របៅ ស្រុកពាមជរ បានរងការខូចខាតយ៉ាងខ្លាំងផងដែរ ដោយសារតែទឹកដែលស្រក់ចេញពីរថយន្ត ធ្វើឱ្យផ្លូវសើម គួបផ្សំនឹងរថយន្តដឹកធ្ងន់លើសចំណុះ ធ្វើឱ្យផ្លូវផុងស្រុតខូចតែម្តង។

ប្រភពដដែលនេះ បានបញ្ជាក់ថា សកម្មភាពឆក់ចុះចាប់ឃាត់រថយន្តដឹកធ្ងន់នេះ ធ្វើឡើងនៅចំណុចក្បែរសា លាឃុំព្រែកខ្សាយ (ខ) ក្នុង ស្រុកពាមរក៍ លើកំណត់ផ្លូវជាតិលេខ៣១០ ដោយផ្តោតសំខាន់ទៅលើតែរថយន្តដឹកខ្សាច់ប៉ុណ្ណោះ នៅពេលពិនិត្យឃើញថា រថយន្តនោះដឹកត្រឹម ត្រូវពុំមានទឹកហូរស្រក់ និងគ្របបានត្រឹមត្រូវមិនធ្វើឱ្យខ្សាច់ជ្រុះនោះ សមត្ថកិច្ចនឹងអនុញ្ញាតឱ្យទៅមិនឃាត់ទុកទេ ប៉ុន្តែបើពិនិត្យឃើញដឹកខ្សាច់ ខ្ពស់ហួសទ្រុង មិនមានការគ្របត្រឹមត្រូវ ឬមានទឹកហូរស្រក់ចេញពីរថយន្ត សមត្ថកិច្ចនិងធ្វើការចាប់ឃាត់អប់រំណែនាំ និងធ្វើកិច្ចសន្យា ប៉ុន្តែមិនមានការផាកពិន័យជាប្រាក់នោះទេ ប៉ុន្តែបើម្ចាស់រថយន្តមិនរាងចាល នៅតែបំពាន នោះអាចនឹងត្រូវជួបវិធានការក្តៅ។

គិតត្រឹមល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលខេត្តព្រៃវែង ចាប់ឃាត់រថយន្តដឹកខ្សាច់ធំៗធ្វើការអប់រំណែនាំ និងកិច្ចសន្យា សរុបបានចំនួន១១គ្រឿង ជាមួយគ្នានោះគេសង្កេតឃើញមានរថយន្តដឹកខ្សាច់ធំៗរាប់សិបគ្រឿងផ្សេងទៀត បាននាំគ្នាចូលលាក់ខ្លួនពួនអាត្មា នៅតាមដេប៉ូខ្សាច់ មិនហ៊ានចេញទេ ព្រោះខ្លាចត្រូវសមត្ថកិច្ចចាប់ឃាត់៕
