Saturday, September 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាកែវ មុំ ទម្លាយល្បិចប្រុសខ្មៅ

ឧកញ៉ាកែវ មុំ ទម្លាយល្បិចប្រុសខ្មៅ

ភ្នំពេញ ៖ លោកស្រីឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ៊្វូត អ៊ីនដាសទ្រី ខូអិលធីឌី កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានទម្លាយតាមបណ្តាញសង្គម នូវសកម្មភាពរបស់ជនបរទេសស្បែកខ្មៅ ដែលព្យាយាមឆបោកលោកស្រី តាមរយៈរូបភាព “លាងលុយដុល្លារ” ដោយព្យាយាមអូសទាញលោកស្រី ឱ្យយកលុយសុទ្ធ ២លានដុល្លារ ដើម្បីលាងលុយរបស់ពួកគេ ចំនួន១០លានដុល្លារ ហើយបើការងារបានសម្រេច ពួកគេនឹងផ្តល់ឱ្យ ២៥ភាគរយ ដែលសកម្មភាពនេះ ត្រូវបានលោកស្រីបញ្ជាក់ថា “សូម្បីតែកូនក្មេង ក៏ដឹងល្បិចនេះដែរ ព្រោះកូនក្មេង មិនចេះលោភលន់”។

លោកស្រីឧកញ៉ា កែវ មុំ បានសរសេរក្នុងរយៈគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន ពីល្បិចឆបោករបស់ប្រុសស្បែកខ្មៅនោះថា “មានបុរសបរទេសម្នាក់ បានផ្ញើសារតាមតេឡេក្រាម មកប្រាប់ខ្ញុំថា គាត់ជាជនជាតិអង់គ្លេស បច្ចុប្បន្នគាត់ជាអ្នកធ្វើការនៅក្នុងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ហើយគាត់មានបំណងចង់វិនិ យោគទិញដី ដាំម្រេច និងមានបំណងចង់វិនិយោគបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់ម្រេចកំពតខ្មែរ នាំចេញទៅស្រុកក្រៅ គាត់ស្នើសុំអនុញ្ញាតជួបខ្ញុំ ដើម្បីពិភាក្សារឿងវិនិយោគនេះ ព្រោះគាត់ដឹងថា ខ្ញុំជាមនុស្សដែលមានសក្តានុពល និងទុកចិត្តបាន ក្នុងការសហការនិងវិនិយោគជាមួយបាន ទើបគាត់ទាក់ទងមកខ្ញុំ។ ដោយសារខ្ញុំឃើញថា គាត់ជាអ្នកធ្វើការនៅក្នុងស្ថានទូតអូស្ត្រាលី ទើបខ្ញុំអនុញ្ញាតឱ្យជួប។  តែបុរសនោះ គាត់ថា ឥឡូវ គាត់នៅក្រៅប្រទេស គាត់មិនទាន់បានមកខ្មែរទេ តែក្រុមការងារគាត់ នឹងមកខ្មែរ សុំជួបខ្ញុំ នៅថ្ងៃទី 08/09/25 ម៉ោង១ៈ០០រសៀល នៅអគារ Rosewood។ ខ្ញុំក៏ទៅតាមការណាត់ជួប និងបានពិភាក្សាគ្នា (និយាយភាសាអង់គ្លេស តែខ្ញុំសូមសរសេរជាខ្មែរជូនបងប្អូន) ៖

ខ្ញុំ ៖ សួស្តី Simon (អាខ្មៅ និងគ្នាវា)

Simon ៈ សួស្តី Mom ( យើងជជែកគ្នាពីនេះពីនោះ រួចទើបគាត់ចូលសាច់រឿង គាត់ថា Mr. Pan (អ្នកដែលទាក់ទងមកខ្ញុំ) គាត់មានលុយ ១០លានដុល្លារ (លុយសុទ្ធ) នៅក្នុងប្រទេសខ្មែររួចស្រេចហើយ កំពុងតែចង់យកមកវិនិយោគ តែគាត់មិនអាចចេញមុខក្នុងការធ្វើ business ខ្លួនឯងទេ ព្រោះគាត់ជាមន្ត្រីរបស់ស្ថានទូត គាត់មានតែរកខ្ញុំ ក្នុងការសហការជាដៃគូ (គាត់ជាអ្នកវិនិយោគនៅពីក្រោយ ដោយមិនចេញមុខ) ឯការវិនិយោគនេះ គឺជាការវិនិយោគរយៈពេលវែង មិនមែនរយៈពេលខ្លីទេ។ ដោយសារការពិភាក្សានេះ គួរឱ្យទុកចិត្ត ហើយគាត់សុំ អនុញ្ញាតដើម្បីទៅជួបនៅក្រុមហ៊ុនខ្ញុំ នៅថ្ងៃស្អែក ទី 09/09/25 ខ្ញុំក៏អនុញ្ញាតឱ្យមកជួបនៅក្រុមហ៊ុន សូមតាមដានបន្ត តើមានហេតុអ្វីកើតឡើងនៅក្នុងក្រុមហ៊ុន?…”។

លោកស្រីឧកញ៉ា កែវ មុំ បានបន្តថា “អាខ្មៅ ២នាក់នោះ បានចូលមកដល់បន្ទប់ការិយាល័យរបស់ខ្ញុំ រួចហើយសម្លឹងមើលជុំវិញបន្ទប់ខ្ញុំ រួចសួរខ្ញុំថា នៅក្នុងបន្ទប់នេះ មានកាមេរ៉ាដែរឬទេ? ខ្ញុំឆ្លើយ “អត់មានទេ” (រួចក៏បន្តការសន្ទនា)។

អាខ្មៅ ៖ មានម្នាក់បើកវីដេអូក្នុងទូរស័ព្ទឱ្យខ្ញុំមើល

ខ្ញុំ ៖ ឃើញលុយនៅក្នុងប្រអប់ លុយដុល្លារក្រដាស 100$ ចំនួន៤សន្លឹក (ជាប់គ្នា មិនទាន់កាត់) មួយគំនរ (ជាច្រើនសន្លឹក) ហើយមានសុទ្ធតែម្សៅពណ៌ស នៅក្នុង (ឃើញដូច្នេះ ខ្ញុំដឹងយ៉ាងថា ពួកនេះ ជាក្រុមបោកហើយ តែខ្ញុំនៅធ្វើភ្លើ បន្តសកម្មភាពជាមួយវា តើវាប្រុងលេងក្បាច់អ្វី ទៀត?) ។

ខ្ញុំ ៖ ហេតុអ្វីបានជាលុយនេះ មិនទាន់កាត់ចេញពីគ្នាដូច្នេះ? តើជាលុយសុទ្ធដែរឬទេ ?

អាខ្មៅ ៖ ពិតណាស់ ជាលុយសុទ្ធ 100% ។

ខ្ញុំ ៖  Ooooooh….

អាខ្មៅ ៖ ខ្ញុំនឹងធ្វើតេស្តសាកល្បងឱ្យអ្នកមើលថា តើវាជាលុយពិត ឬក្លែងក្លាយ?

ខ្ញុំ ៖ Ok !

អាខ្មៅ ៖ ដកលុយពីស្រោមសំបុត្រ ដែលលុយនោះប្រឡាក់ដោយម្សៅស (រួចហុចឱ្យខ្ញុំមើល) ។

ខ្ញុំ ៖ ទទួលមើលឃើញថា ជាលុយដុល្លារ (ក្រដាស 100$) សុទ្ធពិតប្រាកដ ចំនួន៤សន្លឹក បិទតគ្នា។ (ខ្ញុំមិនមាត់ ហើយបន្តលេងហ្គេមជាមួយវា)។

អាខ្មៅ ៖ អាខ្មៅម្នាក់ ហៅគ្នាវា យកលុយ 100$ មួយសន្លឹក ចេញមក ហើយយកក្រដាសអាលុយមីញ៉ូម ដាក់ហើយចាក់ម្សៅពណ៌សនោះ ខ្ចប់ទុកមួយសន្ទុះ រួចហើយលាមកដាក់ក្នុងប្រអប់ជ័រ បួនជ្រុង (ដូចប្រអប់បាយ) រួចយកលុយ ៤សន្លឹក បិទតគ្នានោះ មកដាក់ក្នុងប្រអប់ នោះ ថែមម្សៅ ថែមទឹកថ្នាំ និងចាក់ទឹកសុទ្ធ ១ដប គ្រវីៗទៅ លុយនោះក៏របេះចេញពីគ្នា រួចលើកយកមកជូតឱ្យស្ងួត រួចហុចឱ្យខ្ញុំមើលថា លុយនោះសុទ្ធ ឬមិនសុទ្ធ? (នេះទើបគេហៅថាលាងលុយពិតប្រាកដមែន) វាបានប្រាប់ខ្ញុំថា ត្រូវតែយកលុយដុល្លារសុទ្ធ មួយសន្លឹក មកដាក់លាងជាមួយនឹងទឹកថ្នាំ និងទឹកដូច្នេះ ទើបលុយនេះអាចបំបែកចេញពីគ្នាបាន យើងមិនអាចចាប់បក ឬធ្វើអ្វីផ្សេងក្រៅពីវិធីនេះឡើយ។ (១សន្លឹក បំបែកចេញបាន ៤សន្លឹក)។

លោកស្រីឧកញ៉ា កែវ មុំ បានបន្តថា “លាងលុយរួចហើយ គាត់បានបន្តការសន្ទនាទៀត។ 

អាខ្មៅ ៖ ខ្ញុំចង់វិនិយោគជាមួយនឹងអ្នក ១០លានដុល្លារ តែត្រូវការលុយសុទ្ធ ត្រឹមតែ ២លានដុល្លារ ក៏អាចបំបែកលុយនោះអស់ដែរ ហើយលុយដែលបំបែកចេញរួចនោះ ខ្ញុំនឹងចែកឱ្យ ២៥ភាគរយ ព្រោះជាការតបស្នងដែលអ្នកបានចេញទុន ២លានមុន ហើយសល់ ៧៥ភាគរយ យកមកវិនិយោគជាមួយអ្នកបន្ត។

ខ្ញុំ ៖ ខ្ញុំគ្មានលុយច្រើនយ៉ាងនេះទេ។

អាខ្មៅ ៖ មិនអីទេ បើមិនមានគ្រប់ មានប៉ុន្មាន ធ្វើប៉ុណ្ណឹងសិន រួចធ្វើបណ្តើរៗទៀត។

ខ្ញុំ ៖ Ok ចាំខ្ញុំគិតមើលសិន។

អាខ្មៅ ៖ ខ្ញុំទុក ១០០ដុល្លារ ជូនអ្នក អ្នកអាចយកទៅឆែកជាមួយធនាគារ ឬយកទៅទិញអីវ៉ាន់ដើម្បីធានាថា លុយនេះសុទ្ធ ឬក្លែងក្លាយ?

ខ្ញុំ ៖ OK  រួច គិតក្នុងចិត្ត (អីយ៉ាស បាន 100$ ចាយលេងហើយ)។

អាខ្មៅ ៖ ទុកលុយ ១០០ដុល្លារហើយ ក៏ជម្រាបលា ចេញទៅវិញបាត់ទៅ ហើយថា “ស្អែកឬខានស្អែក នឹងទាក់ទងមកទៀត ដើម្បីយកលុយនោះ មកលាង នៅពេលដែលខ្ញុំត្រៀមលុយសុទ្ធបាន”។

ខ្ញុំ ៖ Ok ជួបគ្នាម្តងទៀត (ជួបវាលើកក្រោយ គួរតែចាប់ដាក់គុក ឬក៏ដោះលែងឱ្យរួចខ្លួន?)…”។

លោកស្រីឧកញ៉ា កែវ មុំ បានបន្តទៀតថា “សូមបងប្អូន ជួយឱ្យយោបល់ផង  អ្នកដែលធ្លាប់ចាញ់បោកពួកអាខ្មៅនេះ កន្លងមក តែងតែលើកមកថា “វាថ្ពឹនភ្នែក” ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថា វាមិនមែនជាការថ្ពឹនភ្នែក ឬសៀករហស្សកម្មស្អីទេ វាជាល្បិចឆបោកអ្នកដែលលោភលន់តែប៉ុណ្ណោះ ល្បិចនេះគឺស្រាលពេកហើយ សូ ម្បីតែកូនក្មេង ក៏ដឹងល្បិចវាដែរ ព្រោះកូនក្មេងមិនចេះលោភលន់។ ដូច្នេះមើលឃើញយ៉ាងច្បាស់នូវល្បិចកល នេះយ៉ាងច្បាស់ក្រឡែត។ កន្លងមក មានបងប្អូនយើង ចាញ់បោកពួកអាខ្មៅនេះ ច្រើនណាស់ រាប់សែនដុល្លារ រាប់លានដុល្លារ មិនតិចទេ ហើយមិនហ៊ានបញ្ចេញទៀត។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្ន កុំឱ្យចាញ់បោកពួកអាខ្មៅនេះតទៅទៀត។ គិតពិចារណាមើល គ្រាន់តែយកលុយ 100$ យកមកលាង រួចបញ្ចេ ញបាន 400$ ម្តេចក៏វាមិនលាងយកខ្លួនឯង ចាំបាច់មកយកលុយដុល្លារយើងធ្វើអី? ទោះបីអ្នកថ្ពឹនភ្នែក ឬ សៀករហស្សកម្ម ឬទេវតា ក៏ជប់មិនចេញលុយច្រើនយ៉ាងនេះដែរ។ ជូនពរដល់បងប្អូនទាំងអស់គ្នា រួចផុតពីកលល្បិចនេះទាំងអស់គ្នា ល្បិចបោកស្រាលៗយ៉ាងនេះ ចេះតែកោតហាមាត់ឡើងសុទ្ធតែលានដុល្លារ និងស្នើសុំទៅឯកឧត្តមអគ្គស្នងការនគរបាលជាតិ មេត្តាជួយចាត់វិធានការពួកអាខ្មៅនេះ ឱ្យបានទាល់ពេលវេលាផង ដើម្បីការពារដល់សន្តិសុខជាតិ និងសុខុមាលភាពប្រជាជន…”៕

RELATED ARTICLES