ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនពាណិជ្ជករម្នាក់ បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបទសមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស ដែលមានទំហំទឹកប្រាក់ប្រមាណជិត ៣លានដុល្លារ។

ជនជាប់ចោទដែលត្រូវបានឃាត់ខ្លួន មានឈ្មោះហុង ឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅឃ្លាំងទិញលក់រថយន្ត ១៧៨ ស្ថិតនៅផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន របស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ភ្នំពេញ បានចេញពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ចាប់ខ្លួននិងឃុំខ្លួនទៅលើឈ្មោះហុង ឡុង ក្នុងចំណោមបក្ខជាច្រើននាក់ ដែលកំពុងគេចខ្លួន ជាប់ពាក់ព័ន្ធពីបទ ឆបោក និងសមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ ទោស ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងតាមអំណាចសាលដីកាព្រហ្មទណ្ឌ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនជនជាប់ចោទឈ្មោះហុង ឡុង នាំយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ។
យោងតាមអង្គហេតុនៃចាប់ខ្លួនជនជាប់ចោទ ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា កាលពីអំឡុងដើមខែមករា ឆ្នាំ២០២១ ឈ្មោះហុង ឡុង និងបក្ខពួកជាច្រើននាក់ មានម្នាក់កំពុងជាប់នៅក្នុងឃុំហើយ បានដើរតួរធ្វើកិច្ចសន្យាជាអ្នកទិញ-លក់ដីធ្លី ពីជនរងគ្រោះ ក្នុងតម្លៃជិត ៣លានដុល្លារ ហើយដោយសារជនរងគ្រោះជាមនុស្សចាស់ និងមានការជឿទុកចិត្តលើក្រុមនោះ ក៏បានផ្តិតមេដៃផ្ទេរកម្មសិទ្ធដីធ្លីឱ្យទៅពួកគេ ដែលជាក្រុមមានការចាត់តាំង ហើយក្រុមនោះមិនបានប្រគល់លុយឱ្យទៅដើមបណ្តឹងវិញទេ បែរជាយកប្លង់កម្មសិទ្ធិដីធ្លីរបស់ជនរងគ្រោះ ទៅដាក់បញ្ចាំធនាគារមួយ ដែលមានទឹកប្រាក់ជិត ៣លានដុល្លារ។ បន្ទាប់មក ដោយមានការចាំយូរពេក ជនរងគ្រោះបានស៊ើបសួរទៅទើបដឹងថា ក្រុមនេះជាក្រុមជនឆបោក ដូច្នេះបានជាជនរងគ្រោះ សម្រេចចិត្តប្តឹងទៅតុលាការ ឱ្យជួយចាត់ការក្នុងសំណុំរឿងនេះ ទៅតាមផ្លូវច្បាប់។
នៅពាក់កណ្តាលឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌទាំងមូលនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការ ផ្តន្ទាទោសលើជនជាប់ចោទ តែក្នុងនោះមានជនត្រូវចោទខ្លះ ត្រូវបានលើកទោស និងខ្លះត្រូវផ្តន្ទាទោស ដូច្នោះទើបបានជាដើមបណ្តឹងមិនសុខចិត្ត ក៏ដាក់ពាក្យសុំអន្តរាគមន៍ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្រឆាំងទាស់នឹងសាលក្រមនោះ។
លុះនៅខែសីហា ឆ្នាំ២០២៥ សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ បើកសវនាការសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ពីបទឆបោកមានស្ថានទម្ងន់ទោស ហើយឈ្មោះហុង ឡុង នេះជាប់ចោទពីបទសមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទ យកទៅដាក់ពន្ធនាគារ តាមច្បាប់កំណត់៕