ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿងលឿន រួចរេចង្កូតទៅបុករបងដីឡូត៍មួយកន្លែង បណ្តាលឱ្យបាក់បង្គោលរបង មួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ហើយភ្លាមៗនោះ ជនរងគ្រោះបានលូនចេញពីរថយន្ត រួចគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត ១គ្រឿង ម៉ាក TOYOTA VIOS ពណ៌ស ពាក់ស្លាកលេខ កម្ពុជា VAY-8898 បើកក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្ន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបងដីឡូត៍ផ្ទះប្រជាពលរដ្ឋ មួយកន្លែង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ខូចខាតយ៉ាងធ្ងន់ និងបណ្តាលឱ្យបាក់បង្គោលរបង ១ដើម រួមទាំងខូចខាតស័ង្កសី។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ បុរសជាម្ចាស់រថយន្ត បានព្យាយាមលូនចេញពីរថយន្ត រួចគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕