Saturday, September 27, 2025
Homeសង្គម និងជីវិតសង្សារ៤ខែ ណាត់ជួបផ្ទះសំណាក់ រួមរ័កបាន១ដង ស្រីស៊ីដាច់

សង្សារ៤ខែ ណាត់ជួបផ្ទះសំណាក់ រួមរ័កបាន១ដង ស្រីស៊ីដាច់

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ ទាក់ទងស្នេហាជាមួយគ្នាបាន ៤ខែ ក៏បានណាត់ជួបគ្នានៅផ្ទះសំណាក់ រួមរ័កបាន១ដង ស្រាប់តែខាងស្រីខ្ចីម៉ូតូប្រុសស្នេហ៍ជិះ ប្រាប់ថាទៅទិញបារីជក់ រួចយកទៅបាត់ និងថែមទាំងប្លុកហ្វេ សប៊ុកខាងប្រុសចោលទៀត។ លុះក្រោយមកខាងប្រុសបានប្រើល្បិចពឹងមិត្តភក្តិឱ្យបង្កើតហ្វេសប៊ុក ទាក់ទងស្នេហាជាមួយនារីជើងល្អ និងល្បួងណាត់ឱ្យមកជួប រួចចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីស្រីស៊ីដាច់ម៉ូតូប្រុសនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងផ្ទះសំណាក់ “ដំណាក់អូន” ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ លុះដល់វេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ទើបជនរងគ្រោះ បានប្រើល្បិចណាត់ជួបនារីសង្ស័យ មកជួប នៅម្តុំបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួចឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ក្មេងប្រុសរងគ្រោះដែលត្រូវស្រីស្នេហ៍ស៊ីដាច់ម៉ូតូ មានឈ្មោះលាស់ បញ្ញា អាយុ១៦ឆ្នាំ មានលំនៅ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលស្រីស្នេហ៍ស៊ីដាច់នោះ ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1LR-0363។ ចំណែកស្រីស្នេហ៍ជើងល្អ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះផុន ដួងសុភីនី ហៅស្រីកា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ខាង ក្រោយផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ខ្លួនបានស្គាល់នារីសង្ស័យ នៅមុខអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ ហើយបានទាក់ទងស្នេហា តាមបណ្តាញសង្គម ហ្វេសប៊ុក រយៈពេល ៤ខែមកហើយ។ លុះដល់យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ពួកខ្លួនបានណាត់ជួបគ្នានៅផ្ទះសំណាក់ “ដំណាក់អូន” រហូតដល់វេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នារីសង្ស័យ ឈ្មោះផុន ដួងសុភីនី ហៅស្រីកា បានខ្ចីម៉ូតូខ្លួនជិះ ដោយប្រាប់ថា ទៅទិញបារីជក់ មួយភ្លែត រួចជិះយកទៅបាត់រហូតតែម្តង។ លុះកន្លះម៉ោងក្រោយមក បានប្លុកហ្វេសប៊ុក របស់ខ្លួនចោលថែមទៀត។

យុវជនខាងលើ បានបន្តថា បន្ទាប់មក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ហើយក្រោយមកទៀត ខ្លួនបានពឹងឱ្យមិត្តភក្តិម្នាក់ជួយប្រើល្បិច ធ្វើជាទាក់ទងស្នេហា ជាមួយនារីសង្ស័យ តាមបណ្តាញសង្គម ហ្វេសប៊ុក និងបានធ្វើឱ្យនារីសង្ស័យទុកចិត្ត។ លុះដល់វេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ មិត្តភក្តិខ្លួន បានឆាតណាត់ជួបនារីសង្ស័យខាងលើ ដោយកុហកថា ហូបអីនៅម្តុំបុរីពិភពថ្មី ឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះនារីសង្ស័យបានមកតាមការណាត់របស់មិត្តភក្តិខ្លួនមែន ទើបខ្លួននិងមិត្តភក្តិ ធ្វើការឃាត់ខ្លួននារីជើងល្អ ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ តែម្តង ។

ក្រោយពេលឃាត់ខ្លួន នារីជាជនសង្ស័យ បានឆ្លើយសារភាពថា នាងពិតជាបានបោកយកម៉ូតូជនរងគ្រោះមែន ប៉ុន្តែក្រោយមក មានមិត្តភក្តិនាងម្នាក់ទៀត បានខ្ចីម៉ូតូនោះបន្តពីនាង ជិះយកទៅបាត់ហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ជូននារីសង្ស័យខាងលើ ទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES