ខេត្តកំពង់ចាម ៖ លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម និងលោកប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំ អំណោយសាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនស្ត្រីសម្រាល កូនភ្លោះ ៣នាក់ និងភរិយាយោធិនជួរមុខ ១នាក់ ដែលបានសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ស្ត្រីដែលសម្រាលកូនភ្លោះ ៣នាក់ មានឈ្មោះ សុះ អ៊ីសះ អាយុ៣៦ឆ្នាំ មានលំនៅ ភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ សម្រាលបានភ្លោះ៣ (ស្រី ២ ប្រុស១) កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានអំណោយរបស់សាខា កាកបាទក្រហមខេត្តកំពង់ចាម រួមមាន សម្ភារៈប្រើប្រាស់សម្រាប់មាតានិងទារក ៣ឈុត រួមជាមួយ អង្ករ ៥០គីឡូក្រាម មី ទឹកសុទ្ធ ឃីត (សារុង មុង ភួយ ក្រមា) ផ្លែឈើស្រស់ ២កន្ត្រក ទឹកដោះគោឆៅ និងថវិកាសរុប ចំនួន២លានរៀល។

ដោយឡែកអ្នកស្រី ឈ្មោះចាន់ រ៉ាឌី អាយុ២៥ឆ្នាំ ជាភរិយាវីរកងទ័ពជួរមុខ ទិសប្រាសាទតាក្របី ស្លាបឆ្វេង បានសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក៏ត្រូវបានលោក អ៊ុន ចាន់ដា និងលោកប៉ែន កុសល្យ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ម្សៅទឹកដោះគោ សម្ភារៈប្រើប្រាស់សម្រាប់មាតានិងទារក ឃីតស្ត្រី ១ឈុត ផ្លែឈើស្រស់ ២កន្ត្រក និងថវិកាសរុប ចំនួន ១លាន ៥សែនរៀលផងដែរ៕

