Monday, November 25, 2024
Homeតារាខ្មែរញឹម ចាន់ថន ឆ្នាំអូន៣៦

ញឹម ចាន់ថន ឆ្នាំអូន៣៦

តារាចម្រៀង និងសម្ដែង ញឹម ចាន់ថន ដែលធ្លាប់ប្រកាសថា ឈប់ធ្វើខួបកំណើតទៀតហើយ ព្រោះតែវ័យរបស់នាងកាន់តែជ្រេនោះ បានក្បត់សំដីខ្លួនឯង ដោយបានប្រារព្ធធ្វើខួបគម្រប់៣៦ឆ្នាំ ធ្វើព្រងើយ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដែលកម្មវិធីជបលៀងរៀបចំនៅហាង Mango ខាងក្រោយផ្សារទំនើបAEON។ ភ្ញៀវស្ទើរតែទាំងស្រុងភាគច្រើនជាអ្នកសិល្បៈ តារាចម្រៀង តារាសម្ដែងរួមអាជីព បានចូលរួមនាំឲ្យម្ចាស់កម្មវិធីវិលមុខ ព្រោះតែរត់ចុះឡើងៗទទួលភ្ញៀវនោះ។

ញឹម ចាន់ថន ថ្លែងថា ”ខ្ញុំពិតជាធ្លាប់និយាយថា លែងចង់ធ្វើខួបកំណើតមែន ដោយសារតែគិតថា ខ្លួនឯងដូចជាចាស់ហើយ និយាយដោយត្រង់ៗចុះ ឆ្នាំនេះ៣៦ហើយចា៎។ ប៉ុនែ្តដោយសារកុំឲ្យកណ្ដោចកណ្ដែងពេក ទើបចេះតែរៀបចំធ្វើខួបខ្លួនឯងទៅ ព្រោះម្យ៉ាងហាងនេះជាកន្លែងដែលខ្ញុំធ្វើការនៅទីនេះផងដែរ អីចឹងក៏ជួបជុំមិត្តភក្ដិនៅកន្លែងហ្នឹងតែម្ដងទៅ”។

​​តារាដែលស្ម័គ្រចិត្តធ្វើជាពិធីការិនីក្នុងកម្មវិធីខួបកំណើតញឹម ចាន់ថន គឺនាងជីជី និងទូច ស្រីលក្ខណ៍ ហើយតារាទាំង២បានបង្អាប់ចាន់ថន សឹងតែស្ពឹកមុខតែម្ដងថា នាងចេះតែធ្វើខួបមិនឈប់ឈរបែបនេះ គឺដោយសារតែធ្វើខួបទៅចំណេញលុយ និងអ្នកខ្លះទៀតថា បន់ស្រន់ឲ្យតែចាន់ថន បានប្ដីឆាប់ៗទៅ កុំឲ្យនៅក្រមុំចាស់សៅកែ ជាដើម។

ញឹម ចាន់ថន បានឆ្លើយតបថា ”កុំចេះតែជឿគេនិយាយធ្វើខួបឯណាចំណេញទៅលោក? មានតែខាតរហូតហ្នឹង តែអរគុណភ្ញៀវទាំងអស់ដែលបានចូលរួមកម្មវិធីខ្ញុំឆ្នាំនេះ។ ចំពោះរឿងគូស្រករវិញ ខ្ញុំគ្មានដំណឹងទេ ព្រោះតែមានអ្នកស្រលាញ់ធម្មតាៗ អត់មានអ្នកណាចង់ចូលស្ដីដណ្ដឹងទេ”។

ញឹម ចាន់ថន ទិញបានផ្ទះ១ល្វែង តម្លៃជាង១០ម៉ឺនដុល្លារ នៅសំណង់បុរីវាលស្បូវ តាមផ្លូវជាតិលេខ១ ហើយការធ្វើខួបនៅពេលនេះ ត្រូវបានលោកយូ ឌីស្កូ និយាយឌឺដងថា ចាន់ថន ចង់ចំណេញយកលុយសង់ផ្ទះឡើង១ជាន់ទៀត។ ចំណែកនាងទូច ស្រីលក្ខណ៍ បាននិយាយថា ពេលនេះនាងសែនពិបាកចិត្តណាស់ ព្រោះនៅក្នុងសិល្បៈ តារាដែលមិនព្រមយកប្ដីសោះ គឺឱក សុម៉ាលីតា ស៊ឹម ថៃណា​​និងញឹម ចាន់ថន ហ្នឹងតែម្ដង៕

RELATED ARTICLES