Wednesday, October 8, 2025
Homeព័ត៌មានជាតិរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសជនជាតិថៃ ប្រមាថរូបថ្នាក់ដឹកនាំកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសជនជាតិថៃ ប្រមាថរូបថ្នាក់ដឹកនាំកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនេជាតិថៃ មួយចំនួន ដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា រូបសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរូបលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសា ធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីប សម្រាប់យករង្វាន់ និងធ្វើជារូបទីងមោង ជាដើម ដែលទង្វើទាំង នេះ ចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លេខ ០២១/២៥ ប្រក.អអរ ចុះថ្ងៃអង្គារ ១៥កើត ខែ អស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «អ្នកនាំ ពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានជនជាតិថៃ មួយចំនួន បានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជា រូបថតសម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បី ជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីប សម្រាប់ចាប់យករង្វាន់ និងយកទៅ ដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ ជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូល របស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា ទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចមហាវេរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែអំពាវនាវជាញឹកញាប់ ដល់ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងសូមកុំមានការរើសអើងចំពោះប្រជាជនថៃ ដែលកំពុងស្នាក់នៅនិងប្រកបមុខរបរនៅកម្ពុជា។

ជាក់ស្តែង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សូម្បីតែទទួលរងការប្រមាថពីជនជាតិថៃ មួយចំនួនយ៉ាងខ្លាំងក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅតែអំពាវនាវកុំឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើសកម្មភាពបែបនេះតបទៅភាគីថៃ វិញឡើយ។ នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សាង្កេតឃើញថា នៅប្រទេសថៃ អំពើអសីលធម៌ និងការប្រមាថគ្រប់បែបយ៉ាង ចំពោះថ្នាក់ដឹកនាំកម្ពុជា បានប្រព្រឹត្តទៅដោយចំហ ដោយគ្មានវិធានការអ្វីទាំងអស់។ អ្នកនាំពាក្យររាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបណ្តែតបណ្តោយឱ្យអំពើប្រមាថបែបនេះ កើតមានដោយសេរីនៅក្នុងប្រទេសថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា កម្ពុជា ទោះបីជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៏ស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយ ជាសត្រូវឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន»។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៦ ឃែតុលា ឆ្នាំ២០២៥ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មទៅនឹងជនជាតិថៃ ដែលបានប្រមាថលើរូបសម្ដេច ដោយបានយករូបសម្ដេច ទៅដាក់តាំងដើម្បីបាញ់យករង្វាន់ ដែលជាទង្វើអសីលធម៌ បែបអមនុស្ស និងអន់ជាងសត្វទៅទៀត។ យ៉ាងណា សម្តេច លើកឡើងថា មិនថាវីដេអូនេះ ធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់ មិនថាជនជាតិណា ឬក្រុមណានោះទេ ។ ប៉ុន្តែសម្តេច សុំចិត្តបងប្អូនជនរួមជាតិខ្មែរ បើយល់ថាគេធ្វើបែបនេះ ជាការខុស សូមកុំធ្វើខុសជាមួយគេអី។

សម្ដេច ហ៊ុន សែន បានបង្ហោះឃ្លីបវីដេអូ ដែលជនជាតិថៃ យករូបសម្ដេច ទៅដាក់តាំងដើម្បីបាញ់យករង្វាន់ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ជាមួយសំណេរថា “នេះឬជាជនជាតិស៊ីវិល័យ មានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះ ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះ ធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់ មិនថាជនជាតិណា ឬក្រុមណានោះទេ»។

សម្តេចហ៊ុន សែន បន្តថា «កន្លងមកនេះ បងប្អូនយើងមួយចំនួន បានសុំមកខ្ញុំ ដើម្បីធ្វើការតបតតាមរយៈយករូបថតឬព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ ដូចជនជាតិថៃ មួយចំនួន បាននិងកំពុងធ្វើ។ ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថា គេធ្វើបែបនេះ ជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះ ជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះ ក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ ញុះញង់ឱ្យកងទ័ព និងប្រជាជនយើងមួយចំនួន តបតតាមរបៀបបង្កអរិភាព»។

សម្តេចហ៊ុន សែន បន្តថា «ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយ មកធ្វើមិនគប្បីឱ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរ មានសីលធម៌ខ្ពស់។ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃ មកប្រើប្រាស់ និងឈប់ប្រើ ប្រាស់ប្រាក់បាតថៃ លើដីខ្មែរ តទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើ សកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃ ភាគច្រើន មិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជា នោះទេ។ មនុស្សមួយចំនួន នៅថៃ រាប់ទាំងអ្នកដឹកនាំថៃ ខ្លះផង កំពុងវាយតម្លៃខុស ពីសេដ្ឋកិច្ចកម្ពុជា ថាកំពុងជួបការលំបាក ក្រោយពីថៃ បិទព្រំដែន ដោយខ្វះទំនិញប្រើប្រាស់។ ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃ ម្ដងទៀត ដែលវាយក្បាលគេ ត្រូវក្បាលខ្លួន ឯង ព្រោះកម្ពុជា ធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗ មិនតិចជាង ៥ពាន់លានដុល្លារ ទៅទិញទំនិញថៃ ហើយបង្វិលលុយនេះ មកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុក មានទីផ្សារ ដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា»។

 សម្តេចហ៊ុន សែន បន្តទៀតថា «យើងមិនដែលបានទៅសុំទំនិញថៃ មកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជា បន្តទៀត។ យើងដឹងថា ពួកអ្នក ជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃ មានទីផ្សារ រកប្រាក់ ចំណូល។ សូមប្រជាជនថៃ ដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជា ដែលជាអតិថិជនដ៏ធំ ត្រូវបាត់បង់ ដែលនេះមិនមែនជាកំហុសរបស់កម្ពុជា នោះទេ។ ចុងក្រោយ ខ្ញុំចង់ជម្រាបទៅបងប្អូន ពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខ បងប្អូន នឹងរងការ ខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីន ធឺរណិត និងប្រេងឥន្ធនៈ កាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។ ខ្ញុំសូមភ្ជាប់វីដេអូដែលជនជាតិថៃ ដាក់តាំងរូបខ្ញុំ ដើម្បីបាញ់យករង្វាន់“។

 សូមបញ្ជាក់ថា ប្រតិកម្មរបស់សម្ដេចហ៊ុន សែន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីជនជាតិថៃ បានបង្ហោះឃ្លីបវីដេអូមួយ លើបណ្តាញសង្គម ពីសកម្មភាពរបស់ជនជាតិថៃ ពាក់ឈុតកងកម្លាំងថៃ កំពុងឈរបាញ់រូបសម្តេចហ៊ុន សែន ដើម្បីយករង្វាន់ ដែលជាការប្រមាថមកលើរូបសម្តេច ដែលជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ។

ក្រោយពីសាររបស់សម្ដេចហ៊ុន សែន ប្រតិកម្មចំពោះទង្វើរបស់ប្រជាជនថៃ ដែលយករូបសម្ដេច ធ្វើជាផ្ទាំងស៊ីប ដើម្បីបាញ់កាំភ្លើង យករង្វាន់ ដូចខាងលើនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិកសភា សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ព្រមទាំងមជ្ឈដ្ឋានមួយចំនួនធំ បានបង្ហាញការគាំទ្រនូវសារពិសេសរបស់សម្ដេចអតីតនាយករដ្ឋមន្រ្តី ។

 ជាក់ស្តែង លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ត្រូវជាកូនប្រុសរបស់សម្ដេចហ៊ុន សែន បានចេញសារប្រតិកម្ម ដោយចាត់ទុកទង្វើរបស់ជនជាតិថៃនេះ ជាទង្វើដ៏អសីលធម៌ និងគ្មានគុណធម៌ ។

លោកហ៊ុន ម៉ានី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា “កម្ពុជា តែងប្រកាន់ជំហររកដំណោះស្រាយ ដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។ ប៉ុន្តែនេះជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនស័ក្តិសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជាទង្វើមិនអាចទទួលយកបាននោះទេ។ ប្រជាជាតិទាំងសងខាង គួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុច្ឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និងប្រក្រតីភាពឡើងវិញ ដោយត្រូវទប់ស្កាត់ឱ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឱ្យកើតឡើងទៀត“ ។

ដោយឡែក លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា «ការបង្ហោះវីដេអូ មានសមត្ថកិច្ចនិងប្រជាជនមួយចំនួន បានយករូបថ្នាក់ដឹកនាំប្រទេសកម្ពុជា មកលេងសើចបែបនេះ តើមានបំណងអ្វី?

១-ចង់បង្ហាញថា ប្រជាជនថៃ និងកងកម្លាំង ស្អប់ថ្នាក់ដឹកនាំកម្ពុជា?

២-មិនចង់ឱ្យបញ្ចប់ការប៉ះគ្នានៅព្រំដែនកម្ពុជា-ថៃ ដែលបាននាំគ្នាអនុវត្តបទឈប់បាញ់ ៦៩ថ្ងៃមកនេះ?

៣-ក្រុមអគតិមួយចំនួន ចង់ឱ្យប្រជាជាតិខ្មែរ ស្អប់ប្រជាជនថៃ ដល់កម្រិតមួយដែលមិនអាចវិលមកវិញបាន?

ខ្ញុំតែងតែគិតថា ប្រជាជនថៃ មានការសិក្សាល្អ មានភាពថ្លៃថ្នូរ ប្រទេសជឿនលឿន ជាប់លំដាប់ថ្នាក់ក្នុងអាស៊ាន  តែមើលទៅ ខ្ញុំគិតខុសហើយ វាក៏នៅមានក្រុមដែលមិនបានស្គាល់ពិភពលោកខាងក្រៅដែរតើ។

ប្រជាជនកម្ពុជា លែងប្រកាន់ហើយ ចំពោះពួកក្រុមទាំងនេះ រឿងបង្អាប់ រឿងសម្តែង មើលងាយគេ (Bully) ឬ don’t thai to me គឺដោយសារក្រុមនេះហើយ ដែលធ្វើឱ្យពិភពលោកមើលឃើញជ្រុងខ្មៅងងឹតរបស់ប្រទេសថៃ (dark side of thailand)។

សូមបងប្អូនជនរួមជាតិ កុំយកតម្រាប់តាម កម្ពុជា យើងមិនឈានដល់កម្រិតអសីលធម៌ គ្មានសុជីវធម៌ បែបក្រុមនេះទេ។ ខ្ញុំស្រឡាញ់ រាប់អានមនុស្ស មិនប្រកាន់ជាតិសាសន៍នោះទេ សូមបងប្អូនជនជាតិថៃ និងជន ជាតិដទៃទៀត ដែលរស់នៅកម្ពុជា បន្តរួមរស់ដោយសុវត្ថិភាព និងសន្តិភាព»។

ក្រៅពីយករូបសម្តេចហ៊ុន សែន ទៅធ្វើផ្ទាំងបាញ់ស៊ីបយករង្វាន់ ជនជាតិថៃ ក៏បានយករូបសម្តេចហ៊ុន សែន និងរូបលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើជារូបទីងមោងប្រេត ដែលជាការប្រមាថបន្ថែមទៀត ហើយត្រូវបានសារព័ត៌មានអនឡាញរបស់ថៃ ឈ្មោះខាវសុត យកមកផ្សាយវាយប្រហារ ប្រមាថថែមទៀត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥៕

RELATED ARTICLES