ខេត្តក្រចេះ-ស្ទឹងត្រែង ៖ អង្គការ WWF-កម្ពុជា បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថា រាប់ចាប់ពីតំបន់ព្រៃ រហូតដល់តំបន់ទំនាបលិចទឹក ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្រុមស្រាវជ្រាវជីវៈចម្រុះ របស់ WWF-កម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានរៀបចំការងារអង្កេតនិងធ្វើជំរឿនសត្វ ស្លាបសំខាន់ៗ ដ៏មានតម្លៃរបស់កម្ពុជា។

យោងតាមប្រភពព័ត៍មានពីអង្គការ WWF-កម្ពុជា បានបញ្ជាក់ថា សត្វព្រៃកម្រ ជាច្រើនប្រភេទ ត្រូវបានធ្វើការសិក្សាស្រាវជ្រាវ ដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃ រហូតដល់តំបន់ទំនាប លិចទឹក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង កាលពីខែកញ្ញា ឆ្នាំ២០២៥។

ជាក់ស្តែងលទ្ធផលទទួលបាន ក្នុងនោះមានដូចជា សត្វត្រយងចង្កំកស ចំនួន២៩៨ ត្រូវបានកត់ត្រាឃើញនៅទ្រនំ ចំនួន ២០ (១៩ សម្បុកកំពុងវត្តមានសត្វ) ចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៥។

ដោយឡែកសម្បុកសត្វត្រដក់តូច ចំនួន១៤ ត្រូវបានកត់ត្រានៅភូមិអូរកក់ និងភូមស្រែឈូក ខេត្តក្រចេះ ចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈការអង្កេតនិងជំរឿននេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការតាមដានស្ថានភាព និងចំនួនសត្វស្លាប និងផ្តល់ជាធាតុចូល សម្រាប់ផែនការសកម្មភាពអភិរក្ស ដើម្បីការពារសត្វស្លាបទាំងនោះ៕