ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា នាវាចម្បាំង ២គ្រឿង ដែលចិន ផ្ដល់មកឲ្យកម្ពុជា មិនមែនយកមកដើម្បីច្បាំងជាមួយប្រទេសណា រួមទាំងប្រទេសថៃ នោះទេ ព្រោះកម្ពុជា បានប្រកាន់ជំហរសន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជារិ គឺទុកគ្រាន់បង្ក្រាបបទល្មើសលើដែនសមុទ្រប៉ុណ្ណោះ ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម “យុវជន៧មករា” នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថា “នាវាចម្បាំងដែលចិន ឲ្យកម្ពុជា ទោះជាតូចតាច និងមានសមត្ថភាពខ្សោយក្តី ក៏ជាមោទនភាពនិងក្តីរីករាយរបស់ខ្មែរដែរ ព្រោះខ្មែរ មិនធ្លាប់មានពីមុនមក។ នាវាចម្បាំង ២គ្រឿងនេះ មិនមែនយកមកដើម្បីច្បាំងជាមួយប្រទេសណាទេ តែក្នុងនាមជាប្រទេសតូចមួយ លើពិភពលោក ចាំបាច់ត្រូវតែមានយ៉ាងហោចណាស់គ្រាន់បង្ក្រាបលើបទល្មើសនេសាទដែនសមុទ្រដែរ។ របស់ដែលខ្មែរ មិនដែលមាន នៅពេលដែលមាន គឺខ្មែរសប្បាយណាស់ និងអរគុណមិត្តភក្តិដែលបានផ្តល់ឲ្យ។ ខ្មែរក្នុងប្រទេស ជាខ្មែរមានគុណធម៌ ចំណែកខ្មែរនៅក្រៅប្រទេសខ្លះ នៅពេលខ្មែរបានអំណោយពីមិត្តភក្តិបរទេស បែរជានិយាយលែបខាយ ឌឺដងដាក់ខ្មែរទៅវិញ? កងទ័ពជើងទឹកសុទ្ធតែចេះហែលទឹកទេ កងទ័ពជើងទឹកមហាអំណាច ក៏មិនសុទ្ធតែចេះហែលទឹកដែរ? ការអភិវឌ្ឈន៍នៅតំបន់ត្រីកោណ ភូមិភាគឦសានកម្ពុជា ទោះលែងមានផែនការ CLV ក៏តំបន់នេះនៅតែត្រូវការអភិវឌ្ឍដដែល។ ក្រុមហ៊ុនប្រទេសណាក៏ដោយ អាចមកវិនិយោគនៅកម្ពុជា លើមូលដ្ឋានគោរពច្បាប់វិនិយោគកម្ពុជា។ យុទ្ធសាស្ត្រយោធាសៀម និងខ្មែរ អាស្រ័យលើអាទាស់រត់ចោលស្រុក កំពុងនៅសហរដ្ឋអាមេរិក ស្អីក៏វាចេះនិងដឹងដែរ? ការយករូបថតថ្នាក់ដឹកនាំកម្ពុជា ទៅប្រមាថជាសាធារណៈ ឆ្លុះបញ្ចាំងថា ជនជាតិសៀម ដែលប្រព្រឹត្តនោះ គឺជាជនអស់ផ្លូវដើរ ស្អប់មេដឹកនាំខ្មែរ ធ្វើអីមិនកើត បែរជាធ្វើអំពើអសីលធម៌ ដែលពិភពលោកស្អប់ខ្ពើម។ ដោយសារសៀម តាំងខ្លួនជាបងធំយូកូងប្រចាំអាស៊ី ទើបសៀម បានធ្វើទង្វើអមនុស្សធម៌ ប្រឆាំងមនុស្សជាតិ“ ។

គួរបញ្ជាក់ថា នាវាចម្បាំង ២គ្រឿង ដែលមិត្តដែកថែបរបស់កម្ពុជា ចិន ត្រូវប្រគល់មកឲ្យកម្ពុជា នាពេលខាងមុខនោះ នាវាទី១ បានដំឡើងរួចរាល់ និងបានបើកបរសាកល្បងរួចរាល់។ ចំណែកនាវាទី២ ដំឡើងបានពាក់កណ្ដាល។ នេះបើតាមការបង្ហើបប្រាប់របស់សម្ដេច ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន និងបានឆ្លៀតទៅពិនិត្យនាវា Frigate ទី១ (នាវាចម្បាំង) កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ ២០២៥ ។
សម្ដេច ទៀ បាញ់ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ថា ”កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិន ជូនកម្ពុជា” ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២ បានដំឡើងសម្រេចលទ្ធផល ៥០% ផងដែរ“។
តាមមុខងាររបស់នាវាប្រភេទ ០៥៦c នាវាចម្បាំងខ្នាតតូចនេះ មានលទ្ធភាពផ្ទុកសម្ភារៈបាន ១៣០០តោន ហើយមានប្រព័ន្ធបាញ់គ្រាប់កាំភ្លើង ៧១មិល្លីម៉ែត្រ បានយ៉ាងឆាប់រហ័ស និងកាំភ្លើងគ្រាប់ ៣០មិល្លីម៉ែត្រ ចំនួនពីរកា ណុង។ នាវានេះ មានបំពាក់កាំជ្រួចប្រឆាំងនាវាដទៃទៀត និងគ្រាប់បែកប្រឆាំងនាវា ទំហំ៣២៤មិល្លីម៉ែត្រ ហើយនិងប្រព័ន្ធកាំជ្រួចការពារដែនអាកាស។ នាវាប្រភេទ ០៥៦C ក៏មានសមត្ថភាពទទួលការចុះចតរបស់ឧទ្ធម្ភាគចក្រ Z-9 ផងដែរ។

ឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានបញ្ជាក់ថា ការទទួលបាននាវាចម្បាំងប្រភេទ ០៥៦c នេះ នឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា បន្ថែមមួយកម្រិតទៀត។ យ៉ាងណាក៏ដោយ លោកមិនទាន់អាចបញ្ជាក់បានថា នាវាចម្បាំងនោះ នឹងមកដល់កម្ពុជា នៅពេលណា ខណៈកងកម្លាំងកម្ពុជា ប្រ មាណជា ៧០នាក់ កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសចិន ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ធ្លាប់បានឲ្យដឹងថា ការផ្តល់នាវា ពីសំណាក់ភាគីចិន គឺធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ក្នុងគោលបំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាពនិងលទ្ធភាពរបស់កម្ពុជា ក្នុងការល្បាតលើដែនសមុទ្រ ការការពារ រក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរកនិងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀត នៅលើលម្ហសមុទ្រ មិនមែនដើម្បីគំរាមកំហែងដល់ប្រទេសជិតខាង ក៏ដូចជាសន្តិសុខនៅក្នុងតំបន់ឡើយ។
ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹក រាម ក្រោមជំនួយរបស់ចិន នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានឱ្យដឹងថា កងទ័ពជើងទឹកកម្ពុជា នឹងទទួលបាននាវាចម្បាំង ចំនួន ២គ្រឿង ឆាប់ៗនេះ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការកងទ័ពជើងទឹក កាន់តែល្អប្រសើរឡើង ក្នុងការការពារ រក្សាសន្តិភាព ស្ថិរ ភាព និងសន្តិសុខ ការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរកនិងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌នៅលើលម្ហសមុទ្រ ហើយកម្ពុជា តែងស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានបំណងជួយកម្ពុជា ពិតប្រាកដ មិនមែនមានតែភាគីចិន នោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនបញ្ឈប់ជាដាច់ខាត ការពង្រឹងសមត្ថភាពកងទ័ព ដោយនឹងបន្តពង្រីកឱ្យកាន់តែទំនើបបន្ថែមទៀត ទាំងធនធានមនុស្សក្នុងវិស័យការពារជាតិ សម្ភារៈ បច្ចេកវិទ្យារបស់កងទ័ពជើងទឹកកម្ពុជា បន្ថែមទៀត។ ចំណុចនេះ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ការការពារបូរណភាពទឹកដីកម្ពុជា មិនមែនធ្វើតែលើដែនដីគោកនោះទេ បើទោះបីជាដែនទឹកកម្ពុជា មានទំហំតូចក៏ដោយ។ កងទ័ពជើងទឹកកម្ពុជា នឹងអាចមានសមត្ថភាពដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការចេញល្បាតរួមគ្នានៅក្នុងតំបន់ ដែលចំណុចនេះហើយការពង្រឹងសមត្ថភាពកងទ័ពជើងទឹក ត្រូវតែធ្វើជាដាច់ខាត។

សម្ដេចហ៊ុន ម៉ាណែត បានបញ្ជាក់សង្កត់ធ្ងន់នៅពេលនោះថា បើទោះបីជាកម្ពុជា ជាប្រទេសក្រីក្រ ប៉ុន្តែកម្ពុជា បានប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនលើគ្របវិស័យ។ ជាក់ស្តែងវិស័យការពារជាតិ គឺរាជរដ្ឋាភិបាល មិន ទុកចោលនោះទេ ពោលគឺរាជរដ្ឋាភិបាលកម្ពុជា សហការគ្រប់ភាគីទាំងអស់ ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹក កងទ័ពជើងគោក កងទ័ពជើងអាកាស កងរាជអាវុធហត្ថ និងកម្លាំងនគរបាល ដែលសុទ្ធសឹងជាកម្លាំងស្នូល មានភារកិច្ចការពារជាតិ មាតុភូមិ និងប្រជាជន រាជរដ្ឋាភិបាល ត្រូវតែខិតខំបង្កើនសមត្ថភាពជានិច្ច។ សម្ដេច បន្តថា ការពង្រឹងសមត្ថភាពកងទ័ព មិនមែនជាការរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ និងធ្វើឱ្យបាត់បង់អធិបតេយ្យជាតិនោះទេ ប៉ុន្តែធ្វើឡើងដើម្បីការពារបូរណភាពទឹកដីកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ កម្ពុជា ត្រូវពង្រឹងពង្រីកសមត្ថភាពធនធានមនុស្សនិងសម្ភារៈបច្ចេកទេស ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ។ ក្នុងនោះ កងទ័ពជើងទឹក ត្រូវបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួន ហ្វឹកហ្វឺនបង្កើនសមត្ថភាពបំពេញបេសកកម្មការពារដែនសមុទ្រ និងប្រតិបត្តិការល្បាត រុករកនិងសង្គ្រោះ។ សម្ដេច បន្ថែមថា ការបង្កើនសមត្ថភាពក្នុងការធ្វើប្រតិបត្តិការជាមួយកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ ហើយសមត្ថភាពជាមូលដ្ឋានដែលកងទ័ពជើងទឹក អាចបំពេញភារកិច្ចរបស់ខ្លួនបាន គឺការល្បាតជាប្រចាំនៅក្នុងដែនទឹក និងតាមបណ្ដាកោះ។ កងទ័ពជើងទឹកកម្ពុជា ក៏ត្រូវការបច្ចេកទេស និងជំនាញមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជ្រៀតចូលនៃអំពើភេរវកម្ម ហើយបច្ចេកទេស និងជំនាញទាំងនេះកំពុងត្រូវបានអភិវឌ្ឍជាបណ្តើរៗ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់ដៃគូសន្តិសុខអន្តរជាតិ ជាពិសេសការជួយឧបត្ថម្ភពីសំណាក់មិត្តចិន ដែលមានសក្ខីភាពនៅទីនេះស្រាប់។

គួរជម្រាបថា ការផ្តល់ជំនួយនាវាចម្បាំង ពីរគ្រឿង របស់ចិន ឲ្យមកកម្ពុជា កើតឡើង នៅក្រោយពេលដែលកម្ពុជា បានបញ្ចប់ការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ក្រោមជំនួយរបស់ចិន កាលពីខែមេសា ឆ្នាំ២០២៥។ មូលដ្ឋាននេះ បានស្ថិតក្រោមការឃ្លាំមើលរបស់ក្រុមស្រាវជ្រាវកិច្ចការសន្តិសុខសមុទ្ររបស់អាមេរិក ដែលដាក់ការសង្ស័យថា វាអាចនឹងក្លាយជាមូលដ្ឋានទ័ពរបស់កងទ័ពរំដោះប្រជាជនចិន។ ប៉ុន្តែនៅក្នុងពិធីសម្ពោធមូលដ្ឋានទ័ពរាម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនបំពានច្បាប់ ដោយអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានទ័ពក្នុងទឹកដីកម្ពុជា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញទេ និងថា កម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលចតរបស់នាវាបរទេសទាំងអស់ មិនថាតែចិន ឬប្រទេសណាផ្សេងទៀតនោះឡើយ៕ កុលបុត្រ