Thursday, October 9, 2025
Homeសង្គម និងជីវិតគោក្របី ១ពាន់ក្បាល ទទួលវ៉ាក់សាំងការពារជំងឺសាទឹក

គោក្របី ១ពាន់ក្បាល ទទួលវ៉ាក់សាំងការពារជំងឺសាទឹក

ខេត្តកំពង់ចាម ៖ សត្វគោ និងក្របី របស់ប្រជាកសិករប្រមាណជាង ១ពាន់ក្បាល ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺសាទឹក ដោយឥតគិតថ្លៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារនូវជំងឺឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើងក្នុងរដូវវស្សានេះ។

យោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺសាទឹក លើសត្វគោ ក្របី ជូនប្រជា ពលរដ្ឋដោយគិតថ្លៃ នៅបរិវេណសាលាបឋមសិក្សាស្រះកកោះ ស្ថិតក្នុងភូមិកកោះ ឃុំសណ្តែក ស្រុកបាធាយ ដើម្បីការពារនូវជំងឺឆ្លងរាតត្បាតផ្សេងៗ ដែលតែងតែកើត មានឡើងចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោមកិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បីចាក់ថ្នាំការពារទប់ស្កាត់នូវជំងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាព ជំងឺសត្វ ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជំងឺរីករាលដាលធ្ងន់ធ្ងរ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកម្ពស់ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការសម្អាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារនូវជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅ មានជំងឺអ្វីកើតឡើង ត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

លោកស៊ីម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា នៅឃុំសណ្តែក ស្រុកបាធាយ មានសត្វគោ ចំនួន ១៨៨៩ក្បាល និងក្របី ១២៤៣ក្បាល ហើយសត្វដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺសាទឹក នាពេលនេះ មាន គោ ចំនួន៦១៣ក្បាល និងក្របី ចំនួន៩៩១ក្បាល។ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺតែងតែធ្វើឡើងជាប្រចាំ នារដូវទឹកឡើង ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ៕

RELATED ARTICLES