Tuesday, October 14, 2025
Homeសង្គម និងជីវិតអ្នកជំនាញ បង្កាត់ពូជសត្វខ្ទីង នៅភ្នំតាម៉ៅ

អ្នកជំនាញ បង្កាត់ពូជសត្វខ្ទីង នៅភ្នំតាម៉ៅ

ខេត្តតាកែវ ៖ អ្នកអភិរក្សសត្វព្រៃនៅសួនសត្វនៅភ្នំតាម៉ៅ បានអះអាង នៅពេលនេះ អ្នកជំនាញ បាននិងកំពុងតែរៀបចំបង្កាត់ពូជសត្វខ្ទីង ដែលជាសត្វព្រៃកម្រ​ មានមាឌធំ និងមានទម្ងន់ពី៥០០ ទៅ១០០០គីឡូក្រាម និងមានកម្ពស់ ២ម៉ែត្រ។

ប្រភពដដែល បានឱ្យដឹងថា នៅពេលនេះ អ្នកជំនាញបានកំពុងតែរៀបចំទ្រុង ដើម្បីបង្កាត់សត្វដ៏កម្រនេះ ដើម្បីបន្តការពារ និងរក្សានិរន្តរភាពរបស់វា។

ខ្ទីង ជាសត្វស៊ីស្មៅ មានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង។ វាជាសត្វកខ្លីបន្តិច រាងមាំ ដោយមានបូរនៅផ្នែកខាងក្រោម ហើយជើងទាំងបួន ចាប់ពីជង្គង់ ចុះក្រោម ពណ៌ប្រផេះ នៅលើថ្ងាស មានរោមវែងពណ៌ប្រផេះ ឬពណ៌លឿងមាសស្រាល។ កូនរបស់វា មានពណ៌ត្នោត រហូតដល់វាមានអាយុពី ៤ទៅ៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។ ខ្ទីងញី មានមាឌនិងស្នែងតូចជាងឈ្មោល ហើយពុំសូវមានបួរ ដូចខ្ទីងឈ្មោលទេ។

ខ្ទីងឈ្មោល ពេលពេញវ័យ មានកម្ពស់១,៨៥ម៉ែត្រ និងញី១,៦០ម៉ែត្រ។ ខ្ទីងឈ្មោល អាចមានកម្ពស់ខ្ពស់បំផុតរហូតដល់ ២ម៉ែត្រ។ ខ្ទីងជាសត្វអាចរស់នៅបានពីតំបន់ទំនាប រហូតដល់រយៈកម្ពស់ ២០០០ម៉ែត្រ។ ដែនជម្រករបស់វា ច្រើននៅតាមព្រៃស្រោង ព្រៃល្បោះ វាលស្មៅ។ ជាធម្មតាខ្ទីង ចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច ។ វាចូលចិត្តរស់នៅជាហ្វូង។ អាហាររបស់វា គឺល្បាស់ខ្ចី ទំពាំង ស្មៅ និងវល្លិ ជាដើម ។ ខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពពោះ រយៈពេល ៩ខែ។ នៅសួនសត្វភ្នំតាម៉ៅ កន្លងមក បានសម្រេចបង្កាត់កូនខ្ទីងនេះ បានជាបន្តបន្ទាប់ពោល គឺមិនក្រោម ៥ក្បាល៕

RELATED ARTICLES