ខេត្តព្រះសីហនុ ៖ កងទ័ពជើងទឹកម្នាក់ នៃវរៈកងការពារឆ្នេរកោះរ៉ុង លេខ០១ បានរងគ្រោះដោយត្រូវសត្វឪម៉ាល់ទិច ប្រមាណជាង ៣០មេ ហើយបានបាត់បង់ជីវិត ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បើទោះបីជាក្រោយកើតហេតុភ្លាមៗ ត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន និងក្រុមការងារ ចេញទៅដឹកបញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាបន្ទាន់ក៏ដោយ។

ជនរងគ្រោះដែលត្រូវសត្វឪម៉ាល់ទិចស្លាប់ ឈ្មោះ កែវ សុបេន អាយុ ៣១ឆ្នាំ ឋានន្តរស័ក្តិអនុនាវីទោ វរៈកងការពារឆ្នេរកោះរ៉ុង លេខ០១ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានព័ត៌មានថា មានកងទ័ពជើងទឹកម្នាក់ ប្រចាំការនៅកោះរ៉ុង បានរងគ្រោះ ដោយត្រូវសត្វឪម៉ាល់ទិច ប្រមាណជាង ៣០មេ សន្លប់ស្តូកស្តឹង ភ្លាមៗនោះ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន មួយគ្រឿង និងក្រុមការងារ ចេញទៅក្រុងកោះរ៉ុង ដឹកបញ្ជូនជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ភ្លាមៗ នៅរសៀ លថ្ងៃដដែលនោះ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតជនរងគ្រោះបាន ទើបជនរងគ្រោះបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជន រងគ្រោះបានស្លាប់ដោយសារពិសសត្វឪម៉ាល់ ដ៏ធ្ងនធ្ងរ ដោយសារត្រូវឪម៉ាល់ទិច ដល់ទៅជាង៣០មេ ។

សពជនរងគ្រោះ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដឹកបញ្ជូនតាមអូប័រ ទៅក្រុងកោះរ៉ុង វិញ ប្រគល់ជូនសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី៕


