Saturday, October 25, 2025
Homeសង្គម និងជីវិតចៅអធិការវត្ត យប់ដោះស្បង់ ដេកផ្ទះសំណាក់

ចៅអធិការវត្ត យប់ដោះស្បង់ ដេកផ្ទះសំណាក់

ខេត្តកំពត ៖ ភិក្ខុសង្ឃ ១អង្គ មានឋានៈជាព្រះចៅអធិការវត្ត បានប្រព្រឹត្តទង្វើមិនគប្បី ផ្ទុយពីធម៌វិន័យ ដោយពេលថ្ងៃ គ្រងស្បង់ជាភិក្ខុសង្ឃធម្មតា ស្រាប់តែយប់ឡើង ក្លែងភេទ លួចដោះស្បង់ចីវរចេញ បើករថយន្តដោយខ្លួនឯង ចូលទៅដេកផ្ទះសំណាក់  លុះរឿងរ៉ាវបែកធ្លាយ ត្រូវបានមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្ត និងមន្ត្រីសង្ឃ ចាប់ផ្សឹក រួចប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសាកសួរ។

ចៅអធិការវត្ត ដែលពេលយប់ លួចដោះស្បង់ចីវរ បើកឡានទៅដេកផ្ទះសំណាក់ រហូតត្រូវបានចាប់ផ្សឹកនោះ មានព្រះនាម វង្ស វឌ្ឍនា ព្រះជន្ម៥៩ឆ្នាំ ជាចៅអធិការវត្តសិរីធានី ស្ថិតក្នុងភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ។

តាមប្រភព័ត៌មាន បានឱ្យដឹងថា ភិក្ខុអង្គនេះ បាននិមន្តមកពីវត្តស្វាយមាស ក្នុងខេត្តកំពង់ស្ពឺមកគង់នៅវត្តសិរី ធានី ហើយត្រូវបានអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តតែងតាំងជាព្រះចៅអធិការ ដើម្បីដឹកនាំពុទ្ធបរិស័ទកសាងសមិទ្ធផលក្នុងវត្តនេះ អស់រយៈ ៦វស្សា មកហើយ ដោយទទួលបានលទ្ធផលរីក ចម្រើនក្នុងវត្ត គួរឱ្យកត់សម្គាល់។ ប៉ុន្តែអ្វីដែលធ្វើឱ្យពុទ្ធបរិស័ទហួសចិត្ត នឹកស្មានមិនដល់នោះ គឺកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ចៅអធិការអង្គនេះ បែរជាប្រព្រឹត្តខុសវិន័យជាសង្ឃ ដោយលួចដោះ ស្បង់ចីវរចេញ ស្លៀកខោពាក់អាវជាគ្រហស្ថ ហើយបើករថយន្ត ១គ្រឿង ម៉ាក Lexus RX- 330 ទៅដេកនៅផ្ទះសំណាក់ ១កន្លែង ក្នុងក្រុងកំពត។ ទីបំផុត ដូចពាក្យចាស់ថា “ដំរីងាប់ យកចង្អេរបាំងមិនជិត” ខណៈចៅអធិការក្លែងភេទ មានប្រជាពលរដ្ឋបានប្រទះឃើញ និងរាយការណ៍តាមទូរស័ព្ទទៅកាន់មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្ត ដោយចង្អុលប្រាប់ចំៗទីតាំងផ្ទះសំណាក់ ដែលសង្ឃក្លែងភេទអង្គនេះ ចូលស្នាក់នៅទៀតផង។

លោកនាក់ យិតថូ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឱ្យដឹងថា ក្រោយពីមានពលរដ្ឋរាយការណ៍ភ្លាម លោកបានរាយការណ៍ទៅស្នងការខេត្ត ដើម្បីសុំកម្លាំងសមត្ថកិច្ចចុះសហការជាមួយមន្ត្រីធម្មការ ទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងបន្ទប់ផ្ទះសំណាក់ ដែលលោកស្នាក់នៅនោះ ក៏បានឃើញនិងមានតែម្នាក់ឯង ក្នុងបន្ទប់ ដោយនៅលើខ្លួន ស្លៀកកន្សែងពោះគោ មិនពាក់អាវទេ។ ពេលនោះ សមត្ថកិច្ចឱ្យចៅអធិការក្លែងភេទនេះ ចេញពីក្នុងបន្ទប់ រួចបានទទួលសំណូមពរពីមន្ត្រីធម្មការខេត្ត សុំផ្ញើអន្ទិតសឹកដំបូកនេះ នៅស្នងការដ្ឋានខេត្ត មួយយប់ រង់ចាំព្រឹកឡើង សឹមធ្វើការបន្ត។

លុះនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អន្ទិតសឹកដំបូកនេះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ សាមុត ស្នងការរង នាំមកកាន់វត្តជុំក្រៀល ដើម្បីប្រគល់ជូនព្រះមេគណខេត្ត ដោះស្រាយអំពីវិន័យធរ។

ព្រះមេគណខេត្ត មានថេរដីកាថា ភិក្ខ វង្ស វឌ្ឍនា ចៅអធិការវត្តសិរីធានី មិនបាច់ធ្វើពិធីផ្សឹកអីទៀតទេ ព្រោះលោកបានផ្សឹកខ្លួនឯង ដោយស្វ័យប្រវត្តិ (សឹកដំបូក) រួចស្រេចទៅហើយ។ ព្រះមេគណខេត្ត បានសំណូមពរទៅកម្លាំងសមត្ថកិច្ច សុំជួយសហការជាមួយមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្ត នាំអន្ទិត វង្ស វឌ្ឍនា ទៅកាន់វត្តសិរីធានី ដើម្បីជួបគណៈកម្មការអាចារ្យ និងប្រគល់សម្ភារៈ និងរបស់គរុភណ្ឌដែលមានទាំងអស់ ឱ្យទៅគណៈ កម្មការវត្តគ្រប់គ្រងបន្ត ព្រមទាំងរាយការណ៍ពីបំណុលសម្ភារៈកសាង នៅជំពាក់គេប៉ុន្មាន ដើម្បីឱ្យគណៈ កម្មការ និងព្រះគ្រូចៅអធិការស្តីទី តែងតាំងថ្មី ទទួលស្គាល់ និងជួយសងបំណុលវត្ត។

គណៈកម្មការអាចារ្យ បានសម្រេចប្រគល់រថយន្ត ឱ្យទៅអន្ទិត វង្ស វឌ្ឍនា ព្រោះរថយន្តនោះជារបស់លោកផ្ទាល់។ រីឯសម្ភារៈក្រៅពីនេះ ជារបស់គរុភណ្ឌ ត្រូវយកជាសម្បត្តិរួមទាំងអស់។

ក្រោយពីចប់ការប្រគល់-ទទួលហើយ អន្ទិតរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ បើមានពាក់ព័ន្ធនឹងបទល្មើសអ្វីផ្សេងទៀត ក្រៅពីវិន័យសង្ឃ គឺត្រូវមានទោសទៅតាមទង្វើដែលបានប្រព្រឹត្ត។ ប៉ុន្តែបើសមត្ថកិច្ចពិនិត្យទៅ ឃើញថា មិនមានបទល្មើសផ្សេងទៀតទេ សមត្ថកិច្ចនឹងដោះ លែងឱ្យមានសេរីភាពវិញ៕

RELATED ARTICLES