ខេត្តព្រះសីហនុ ៖ ក្មេងស្រីជាសិស្សសាលា ២នាក់ ជិះម៉ូតូធុនធំ ១គ្រឿង (ម៉ូតូត្រៃ) កម្លាំងដល់ទៅ 300CC ដោយមិនមានពាក់មួកសុវត្ថិភាព រួចថតបង្ហោះលើបណ្តាញសង្គម ត្រូវបានមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង និងត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ កោះហៅឱ្យចូលខ្លួន ទាំង សាមីខ្លួនសិស្សស្រី តំណាងសាលា ទាំងអាណា ព្យាបាល ដើម្បីធ្វើការអប់រំណែនាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នគរបាលចរាចរណ៍ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានកោះហៅសិស្សសាលា ២នាក់ ដែលបានជិះម៉ូតូធំ មានកម្លាំងរហូត 300CC និងមិនពាក់មួកសុវត្ថិ ភាព ជិះតាមផ្លូវក្នុងក្រុងព្រះសីហនុ ថតបង្ហោះនៅលើបណ្តាញសង្គម មានការភ្ងាក់ផ្អើល យកមកអប់រំឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត ព្រោះវាសកម្មភាពល្មើសច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូធំកម្លាំង 300CC នេះ ទាល់តែអ្នកដែលមានអាយុ១៨ឆ្នាំឡើង ទើបអាចប្រឡង យកប័ណ្ណបើកបរ មានសិទ្ធិបើកម៉ូតូធំនេះបាន។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការអបរំឱ្យសិស្សសាលាទាំងនេះ ជិះម៉ូតូដែលមានកម្លាំងសមនឹងខ្លួនមានសិទ្ធិបើកបរបាន កុំឱ្យខុសពីច្បាប់កំណត់ និងណែនាំឱ្យបើកបរគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពគ្រប់ ពេលវេលាផងដែរ។

ក្រោយពេលអប់រំរួច ដោយមានតំណាងចូលរួមពីខាងសាលា និងអាណាព្យាបាល នគរបាលក៏បានអនុញ្ញាតឱ្យសិស្សទាំងនេះ ត្រឡប់ទៅសាលារៀនវិញ ជាមួយនឹងការចែកមួកសុវត្ថិភាពដល់ក្មួយៗសិស្សសាលាទាំង២នាក់នេះផងដែរ៕