Saturday, November 1, 2025
Homeសង្គម និងជីវិតលែងកូនត្រី-កូនបង្កង ៨ម៉ឺនក្បាល

លែងកូនត្រី-កូនបង្កង ៨ម៉ឺនក្បាល

ខេត្តពោធិ៍សាត់ៈ លោកណៅ ធួក សមាជិករដ្ឋសភា មណ្ឌលខេត្តកំពង់ចាម លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹ ក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកលឹម សុខតូ អភិបាលរងខេត្ត តំណាងលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីលែងកូនត្រី និងកូនបង្កង ៨ម៉ឺនក្បាល ចូលទៅក្នុងអាងទឹកដំណាក់ក្រាញ់ ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ព១ កក្កដា ឆ្នាំ២០២៥។

ពិធីនេះ ត្រូវបានធ្វើឡើងនៅបរិវេណអាងទឹកដំណាក់ក្រាញ់ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ប លោកអភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីខណ្ឌរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង ៣០០នាក់។

លោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានលើកឡើងថា ពិធីលែងកូនត្រី និងកូនបង្កង ចូលក្នុងអាងសហគមន៍ជម្រកត្រី បឹងក្រាញ់ ដែលបង្កើតឡើងនៅឆ្នាំ២០១២ មានទំហំ ២០ហិកតារ យើងធ្លាប់បានលែងកូនត្រី ម្តងរួចមកហើយ ចំនួន៧គីឡូក្រាម សម្រាប់បង្កើនផលត្រី និងបង្កង នៅទីនេះ ឱ្យសម្បូរឡើងវិញ រក្សាទុកនូវត្រី និងបង្កងមេពូជ សម្រាប់បន្តពូជ ដើម្បីទុកជាប្រយោជន៍ជូនបងប្អូននៅទីនេះប្រើ ប្រាស់ និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។

លោកបានឱ្យដឹងថា ពិធីនេះ បានលែងកូនបង្កង ចំនួន៥ម៉ឺនក្បាល និងកូនត្រីឆ្ពិន ត្រីព្រលូង និងត្រីក្រាញ់ ៣ម៉ឺនក្បាល ដែលផ្តល់ឱ្យតាមរយៈ ក្រុមជំរុញផលិតកម្មបង្កង ដឹកនាំដោយលោកណៅ ធួក សមាជិករដ្ឋសភាមណ្តលខេត្តកំពង់ចាម។ លោកបានលើកឡើងថា ជលផល គឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាម្ហូបអាហារចាំបាច់ ដែលយើងមិនអាចខ្វះបាន។ ជាមួយនេះដែរ លោកប្រធានមន្ទីរ បានអំពាវនាវឱ្យប្រជាពល រដ្ឋ អាជ្ញាធរដែនដី ចូលរួមថែរក្សាការពារធនធានជលផល ទប់ស្កាត់បទល្មើសផ្សេងៗ ដែលច្បាប់ហាមឃាត់ ដូចជា ឆក់ត្រី ស្បៃមុង ដូចពាក្យថា “ធនធានជលផល ជារបស់យើងទាំងអស់គ្នា យើងចិញ្ចឹមត្រី បង្កង-ត្រី បង្កងចិញ្ចឹមយើងវិញ”។

លោកលឹម សុខតូ អភិបាលរងខេត្ត តំណាងលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកណៅ ធួក សមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ពិធីលែងកូនត្រី និងកូនបង្កងនេះ គឺអនុវត្តតាម លំអានដែលនៅក្នុងទិវាមច្ឆជាតិ ជាគោលការណ៍អាទិភាព ដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ទិវាមច្ឆជាតិនេះ គឺជាទិវាដែលដាស់ស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចងចាំអំពីមច្ឆានេះតែម្តង។ បង្កង និងត្រី ជាម្ហូបអាហារ ជាបញ្ហាសំខាន់ សម្រាប់ជាស្បៀងមួយរបស់មនុស្សជាតិ មិនថាជាតិណានោះទេ គឺត្រូវការបង្កង និងត្រី សម្រាប់ធ្វើជាស្បៀង បានន័យថា ស្បៀង មិនសំដៅលើស្រូវ តែមួយមុខនោះទេ គឺសំដៅលើចំណីអាហារ ដែលយើងអាចទទួលទានបាន រួមទាំងបន្លែបង្ការ ផងដែរ។

ថ្នាក់ដឹកនាំទាំង២ បន្តថា ពិសេសនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ាណែត គឺគោលការណ៍អភិរក្សនិងអភិវឌ្ឍ បង្កង និងត្រី។ ថ្នាក់ដឹកនាំទាំង២ បានធ្វើការផ្តាំផ្ញើដល់អាជ្ញា ធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រួមគ្នាអភិរក្សធនធានធម្មជាតិ មច្ឆជាតិ យើងត្រូវហូបបង្កង និងត្រី កុំឱ្យផុតពូជ ត្រូវការពារមេបង្កង មេត្រី យើងមានតំបន់អភិរក្សត្រី នៅតាមទន្លេ ស្ទឹង បឹង អូរ សូមកុំប៉ះពាល់វា ទុកសម្រាប់ធ្វើមេពូជបន្តទៀត និងសូមចូលរួមកុំប្រើប្រាស់ឧបករណ៍ណាដែលច្បាប់ហាមឃាត់ បំផ្លាញមច្ឆជាតិ និងរដូវត្រី ពងកូន ជាពិសេសសូមកុំបំផ្លាញព្រៃលិចទឹក ព្រោះវាជាជម្រកនៃបង្កង និងត្រីពងកូន ត្រូវគោរពតាមច្បាប់ជលផលដែលបានចែង។

ដើម្បីធានាបាននូវការការពារ និងបង្កើនទិន្នផលធនធានមច្ឆជាតិ ឱ្យសម្បូរបែបនោះ ថ្នាក់ដឹកនាំទាំង២ បានផ្តល់នូវអនុសាសន៍មួយចំនួន សូមឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ ត្រូវពង្រឹងអភិរក្សធនធានជលផល សហការជាមួយមន្ទីររៀបចំដែនដី ជំរុញការគាំទ្រ ចុះបញ្ជីដីរដ្ឋ នៃសហគមន៍នេសាទ កន្លែងអភិរក្ស ទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ។ ទប់ស្កាត់ការនេសាទខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន និងមានវិធានការម៉ឺងម៉ាត់ចំពោះការផលិត ចែកចាយ និងប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិតបំផ្លាញ ដូចជាឧបករណ៍ឆក់ និងស្បៃមុង ជាដើម។ មន្ត្រីខណ្ឌរដ្ឋបាលជលផល ស្ថាប័នពាក់ពាក់ព័ន្ធ អង្កការសង្គមស៊ីវិស អាជ្ញាធរមូលដ្ឋាន និងតួរអង្គទាំងអស់ ត្រូវពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង រក្សាការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក “សហគមន៍នេសាទគ្មានបទល្មើសជលផល”៕

RELATED ARTICLES