Thursday, November 13, 2025
Homeចរាចរណ៍យួនស្រវឹង បើកឡានបុកម៉ូតូខ្មែរ របួសស្រីម្នាក់

យួនស្រវឹង បើកឡានបុកម៉ូតូខ្មែរ របួសស្រីម្នាក់

ខេត្តស្វាយរៀង ៖ បុរសចំណាស់ម្នាក់ ជាជនជាតិវៀតណាម ផឹកស្រាស្រវឹងជោក បើករថយន្ត១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយម៉ូតូ ១គ្រឿង ពេញទំហឹង បណ្តាលឱ្យស្ត្រីជាអ្នកជិះម៉ូតូ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកបុរសវៀតណាម ជាអ្នកបើកបររថយន្ត បានព្យាយាមបើករត់គេច បុកបារ៉ាស់សមត្ថកិច្ច ជាបន្តបន្ទាប់។ ចុងក្រោយត្រូវសមត្ថកិច្ចប្រដេញតាមចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លើតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍។

ស្ត្រីរងគ្រាះដែលត្រូវរថយន្តបុករបួសធ្ងន់ មានឈ្មោះសែម ផាន្នី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំ នៅ ភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកឹម សាបាន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរអាជីវករ មានលំនៅ ភូមិជុងឆាញ់ (Trung Chánh) ឃុំថៃប៊ិញជុង (Thái Bình Trung) ស្រុកវិញហឹង (Vĩnh Hưng) ខេត្តឡុងអាន (Long An) ប្រទេសវៀតណាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងរថយន្ត ក្នុងទិសដៅស្របទិសគ្នា (ពីជើង ទៅត្បូង) លើផ្លូវបេតុង ស្ថិតនៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍។

ប្រភពដដែល បន្តថា ភាគីម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A-2086 បើកបរដោយស្ត្រីឈ្មោះសែម ផាន្នី គ្មានមួកសុវត្ថិភាព (រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្តស្វាយរៀង)។ ចំណែកភាគីរថយន្ត ម៉ាកតូយ៉ូតា ព្រូស ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2BX-8735 បើកបរដោយបុរសជាជនជាតិវៀតណាម ឈ្មោះកឹម សាបាន។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កហេតុ បានព្យាយាមបើករថយន្តគេចពីកន្លែងកើតហេតុ បំបុកបារ៉ាស់ប្រទាក់ក្រឡារបស់សមត្ថកិច្ច និងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ បានដេញតាមរហូតដល់ចំណុចភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទើបឃាត់រថយន្តនិងអ្នកបើកបរបាន រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ ដើម្បីសាកសួរ។

បន្ទាប់ពីនាំខ្លួនមកដល់អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យវាស់ជាតិអាល់កុល លើអ្នកបើកបររថយន្តបង្កហេតុ ឃើញថា ជនបង្កហេតុ បានបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង  ១,២៧០ មិល្លីក្រាម ក្នុង១លីត្រខ្យល់ (1.270 mg/L)។

អ្នកបើកបររថយន្តបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES