ដោយសារអ័រម៉ូនប្រែប្រួល ឬជាតិខនិជមួយចំនួន ធ្វើឱ្យមានអាការទល់លាមក (ដូចជា ជាតិដែក និងជាតិកាល់ស្យូម) អាហារមានកាកសរសៃតិច ពិសាទឹកមិនគ្រប់គ្រាន់ ជ្រើសអាហារមិនសមស្រប នាំឱ្យទល់លាមក។ បើដូច្នេះ គួរធ្វើដូចម្តេច?
បង្កើនកាកសរសៃអាហារ ៖ ការពិសាបន្លែ យ៉ាងតិច ២០០-៣០០ក្រាម ក្នុងមួយថ្ងៃ ឬឱ្យបាន ១០០ក្រាម រៀងរាល់ពេលអាហារ និងផ្លែឈើ មិនផ្អែមខ្លាំង មួយថ្ងៃ ៣-៤ប្រភេទ ដើម្បីបង្កើនកាកសរសៃអាហារ ព្រោះទឹករំលាយអាហារក្នុងក្រពះ និងពោះវៀន មិនអាចរំលាយកាកសរសៃបានទេ ត្រូវបញ្ជូនបន្តទៅឱ្យពោះវៀន។ កាកសរសៃនឹងជួយ បៀមជាតិទឹកទុក ធ្វើឱ្យលាមកទន់ ងាយស្រួលបញ្ចោញ កាកសំណល់ទាំងនោះ។
ពិសាទឹកមួយថ្ងៃ ៨កែវ ៖ គួរពិសាទឹកជារឿយៗពេញមួយថ្ងៃ ព្រោះទឹកជួយឱ្យកាកសរសៃមានសភាពទន់ អាហារដែលរំលាយហើយ ត្រូវបានបញ្ជូនទៅពោះវៀនលឿនជាងមុន នាំឱ្យលាមកមិនរឹង។ បើពិសាទឹកតិច ពោះវៀនធំ នឹងទាញយកជាតិទឹកពីលាមក ធ្វើឱ្យលាមករឹង។ បើមិនចូលចិត្តពិសាទឹក អាចជ្រើសពិសាទឹកឱសថបុរាណ ដែលមិនផ្អែមខ្លាំងដូចជា ទឹកព្នៅ ទឹកម្ជូរបារាំង ទឹកស្លឹកតើយ ឬទឹកផ្លែឈើដែលមានកាកសរសៃ ឬមានជាតិអាស៊ីដស្រាលដូចជា ទឹកត្រសក់ ទឹកផ្លែព្រួន ទឹកអម្ពិល ទឹកក្រូចឆ្មារ ទឹកប៉េងប៉ោះ មួយថ្ងៃ ១-២កែវ ចន្លោះពេលអាហារ ដើម្បីបង្កើនបរិមាណជាតិទឹក ហើយជាតិអាស៊ីដស្រាល នឹងជួយជំរុញដល់ការបេន្ទាបង់។
ចៀសវាងអាហារមានខ្លាញ់ច្រើន ៖ ដូចជា អាហារចៀន បំពង សម្លដាក់ខ្ទិះដូង ព្រោះខ្លាញ់ជាអាហារដែលពិបាករំលាយជាងអាហារម្សៅ និងសាច់ នាំឱ្យអាហារប្រភេទខ្លាញ់នៅក្នុងរាងកាយយូរ ខណៈដែលអាការទល់លាមក អាចធ្វើឱ្យស្ត្រីមានផ្ទៃពោះ មានអារម្មណ៍វិលមុខ ណែនពោះ ពិបាកក្នុងខ្លួន។
គួរពិសាអាហារឱ្យទៀងពេល និងរំលែកពេលអាហារជាពេលតូចៗ ៖ គួររំលែកអាហារជា ៤-៦ពេល និងទំពាឱ្យបានម៉ដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរំលាយអាហារ ការបឺតស្រូបអាហារ ជួយបន្ថយអាការណែនពោះ។
រៀបចំពេលវេលាសម្រាក ៖ គួរចៀសវាងគេងក្រោយពេលបាយ ២-៣ម៉ោង ដើម្បីឱ្យ ប្រព័ន្ធរំលាយអាហារ ធ្វើការយ៉ាងមានប្រសិទ្ធភាព និងបង្ការបញ្ហាអាស៊ីដហូរច្រាល់ ដែលតែងតែកើតឡើងចំពោះស្ត្រីមានផ្ទៃពោះ នៅត្រីមាស ទី៣ ជិតគ្រប់ខែ។
គួរផ្អាកអាហារ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន ៖ ព្រោះកាហ្វេអ៊ីន បង្កើនការបណ្តេញជាតិទឹក ចេញពីរាងកាយ នាំឱ្យលាមកមានសភាពរឹង។
គួរជ្រើសអាហារមានធាតុផ្សំពីបន្លែ និងផ្លែឈើ ៖ ពិសេសបន្លែនិងផ្លែឈើ ដែលជួយបញ្ចុះលាមក ប្រៀបដូចជាថ្នាំបញ្ចុះប្រភេទ ស្រាលមានអង្កាញ់ ត្រសក់ ព្នៅ ចេកណាំវ៉ាទុំ ល្ហុងទុំ អម្ពិលទុំ ផ្លែគីវី ផ្លែព្រួន និងផ្លែល្វាក្រៀម។
ហាត់ប្រាណសមស្រប និងជាប់លាប់ ៖ នឹងជួយឱ្យពោះវៀនធ្វើចលនាបានល្អ ជួយឱ្យលាមកមិននៅ សេសសល់ក្នុងពោះវៀនយូរ៕