ស្រីស្អាតថន ស្រីណៃ ឬមាស ថនស្រីណៃ បានលេចមុខក្នុងពិធីសែនក្រុងពលីរឿង ”ឈាមស្នេហ៍ក្បត់បេះដូង” របស់ផលិតកម្ម B&S ដែលរៀបចំនៅផ្ទះលោកទិត ធារិទ្ធ នៅទួលសង្កែ កាលពីម្សិលមិញនេះ ហើយថ្វីត្បិតតែនាងមិនមែនជាតួឯកមែន តែជាតួសំខាន់ម្នាក់ដែលមានសកម្មភាពច្រើនក្នុងផ្ទៃរឿងទាំងមូល។
ថន ស្រីណៃ ប្រាប់ថា ”រឿងហ្នឹងខ្ញុំលេងជាតួកូនអ្នកព្រៃភ្នំ នៅតាមវាលព្រៃ។ និយាយទៅ ការលេងរឿងខ្ញុំមិនប្រកាន់ថាជាតួឯក ឬមិនឯកទេ សំខាន់គឺឲ្យតែរឿងហ្នឹងសាច់រឿងល្អ យើងមានរ៉ូលច្រើន គឺខ្ញុំនឹងលេង”។
ឆ្លើយតបសំណួរថា តើស្រីណៃ ហ៊ានសម្ដែងទេឈុតដោះអាវដូចឌុច លីដា ប្រសិនបើគេឲ្យថ្លៃខ្ពស់នោះ ស្រីណៃ និយាយច្បាស់ៗថា ”ខ្ញុំហ៊ានលេងបងត្រឹមឈុតប៉ុណ្ណឹងៗ ព្រោះខ្ញុំគិតថា នោះគ្រាន់តែជាការសម្ដែងតើ! ដូចជាអត់បញ្ហាអីទេ! និយាយទៅឈុតស្នេហាប៉ុណ្ណឹង ខ្ញុំនឹងទទួលលេង តែបើជ្រុលពេក ក៏មិនហ៊ានដែរ ព្រោះខ្លាចគេរិះគន់”៕