ខេត្តពោធិ៍សាត់ ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ដែលមានទីតាំងស្ថិតនៅលើស្ទឹងប្រមោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ អាចមានសមត្ថភាពស្តុកទឹក បានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា។

ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗ មួយចំនួន រួមមាន ៖
ទី១- អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីចំនួន ២៦២ ៥០០ហិកតារ ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែម ទាំងរដូវប្រាំង និងរដូវវស្សា។
ទី២- កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។
ទី៣- បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់។
ទី៤- ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល ។

គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះ សម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧៕

