Thursday, December 11, 2025
Homeចរាចរណ៍ចិនស្រវឹង បើកឡានបុកបង្កាន់ដៃស្ពាន

ចិនស្រវឹង បើកឡានបុកបង្កាន់ដៃស្ពាន

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ ក្រោយពីផឹកស៊ីស្រវឹង បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ពេញទំហឹង បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ចុងខាងលិច ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក FAW BESTUNE T90 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា GGTA.168 បើកបរដោយបុរសជនជាតិចិន ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីលិច ទៅកើត ដោយល្បឿនលឿន ទាំងស្ថានភាពស្រវឹងស្រាជោក លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានអា កាសផ្សារដីហុយ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យរលាត់ថ្នាំតិចតួច ចំណែករថយន្តបង្កហេតុ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមៗនោះដែរ សមត្ថកិច្ចបានឃាត់អ្នកបើករថយន្តបង្កហេតុ យកទៅសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញ បានចុះមកដល់ ធ្វើការវាស់វែង រួចស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES