
យូណាន (ចិន)៖ ប្រមុខការទូតកម្ពុជា-ថៃ និងចិន នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានលទ្ធផល៥ចំណុច ។ ក្នុងនោះចិនលើកទឹកចិត្តឱ្យកម្ពុជានិងថៃបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញដោយសន្សឹមៗ។ ចិនមានឆន្ទៈផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ឱ្យភាគីទាំងពីរ ធ្វើការទំនាក់ទំនងកាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព ។ ចំណែកកម្ពុជានិងថៃបានបង្ហាញការប្តេជ្ញា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួម ជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យក៏ដូចជាបញ្ហាប្រឈមរួម អនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញានៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ជាមួយនោះដែរ ប្រទេសទាំងបីឯកភាពគ្នា ចាត់វិធានការកាន់តែមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់ ។
ក្រោមការសម្របសម្រួលរបស់ភាគីចិន សម្រាប់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយរដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ លោក សីហៈសក្តិ ភួងកេតកែវ និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅខេត្តយូណាន ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាព្រំដែន ។

កិច្ចប្រជុំនេះ មានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។
នៅមុនកិច្ចប្រជុំនេះ ប្រមុខការទូតកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។

កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាពតំបន់។ កម្ពុជា ក៏បានបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
នៅក្នុងការជួបពិភាក្សាការងារទ្វេភាគីនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនភាគីចិនថា កម្ពុជា ផ្តល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន និងសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតសម្រាប់គ្រប់កម្រិត និងគ្រប់វិស័យ។ ជាមួយនេះ លោករដ្ឋមន្រ្តី ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ។ កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិនក្នុងការជំរុញការដោះស្រាយជម្លោះដោយប្រើប្រាស់កិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។

ចំណែកលោក សីហៈស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក៏បានទទួលជួបជាមួយលោកវ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរការវិវត្តចុងក្រោយលើស្ថានភាពព្រំដែនថៃ-កម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់គ្នា មុនកិច្ចប្រជុំត្រីភាគីនោះផងដែរ ។
ប្រភពក្រសួងការបរទេសថៃ បានឲ្យដឹងថា នៅក្នុងជំនួបទ្វេភាគីនោះ ភាគីថៃ បានកោតសរសើរពីតួនាទី និងការយោគយល់របស់ចិន ក្នុងការគាំទ្រសន្តិភាពរវាងថៃ និងកម្ពុជា តាមរយៈផ្លូវអាស៊ាន និងបានលើកឡើងថា ការកែតម្រូវទំនាក់ទំនងការទូត ត្រូវធ្វើបន្តិចម្តងៗ ដើម្បីទទួលបានការជឿជាក់ ។ ជាពិសេស ភាគីថៃ នឹងពិចារណាការដោះលែងអ្នកទោសសង្គ្រាម ១៨ នាក់ ក្រោយសង្កេតមើលរយៈពេលឈប់បាញ់ ៧២ ម៉ោង ហើយសង្ឃឹមថា កម្ពុជា នឹងជួយសម្រួលការវិលត្រឡប់របស់ជនជាតិថៃតាមព្រំដែន ។
គួរបញ្ជាក់ថា កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ធ្វើឡើងខណៈដែលកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ តាមសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើងនាបច្ចុប្បន្ន ខណៈដែលភាគីថៃ សន្យាថានឹងដោះលែងយោធិនកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ខ្លួនផងដែរ នៅពេលអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ក្នុងរយៈពេល៧២ម៉ោង ។

ជាលទ្ធផលកិច្ចប្រជុំត្រីភាគីរដ្ឋមន្រ្តីការបរទេសទាំង៣ប្រទេស ខាងលើ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសចិន ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ចិនស្វាគមន៍សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងបីបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមនោះ បម្រើដល់ផលប្រយោជន៍មូលដ្ឋាននិងរយៈពេលវែង នៃប្រជាជនរបស់ប្រទេសទាំងពីរ ហើយបញ្ជូនសញ្ញាវិជ្ជមាន និងផ្តល់លក្ខណៈអំណោយផល សម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ វាបង្ហាញយ៉ាងពេញលេញថា កិច្ចសន្ទនានិងការប្រឹក្សាយោបល់ គឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាជម្លោះដែលស្មុគស្មាញ។
ជារួម ភាគីទាំងបី បានធ្វើការផ្លាស់ប្តូរយោបល់គ្នាស៊ីជម្រៅ អំពីការពង្រឹងបទឈប់បាញ់ និងការធ្វើការពីមួយជំហានទៅមួយជំហាន តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបន្តការធ្វើទំនាក់ទំនងប្រក្រតីឡើងវិញ, កសាងការជឿទុកចិត្តទៅវិញទៅមកផ្នែកនយោបាយ, ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃប្រសើរឡើង និងរក្សាការពារស្ថិរភាពក្នុងតំបន់ ដោយសម្រេចបានលទ្ធផលសំខាន់ៗ៥ចំណុច ដូចខាងក្រោម៖

១. អាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជានិងថៃក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា វាមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ហើយផ្តល់នូវមូលដ្ឋានការកសាងសន្តិភាពឡើងវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីទាំង៣គាំទ្រគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុលោមតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងផ្ដល់ជំនួយសំខាន់ៗសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានានូវការដំណើរការប្រកបដោយប្រសិទ្ធភាព។ យោធាចិន នឹងរក្សាទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២ កម្ពុជា និងថៃ។
២. ជំហានគន្លឹះបន្ទាប់ នោះគឺដើម្បីធ្វើការឆ្ពោះទៅរកការផ្ដើមការផ្តោះប្ដូរគ្នាជាប្រក្រតី។ ចិនស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការព្យាយាមចាប់ផ្ដើមឡើងវិញនូវការផ្ដោះប្ដូរគ្នា និងទំនាក់ទំនងគ្នាលើគ្រប់វិស័យ និងគ្រប់កម្រិត ជាមួយទស្សនៈដើម្បីស្ដារការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្ដារជីវភាពរស់នៅរបស់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែន ស្របទៅតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់តម្រូវការជីវិតភាពនៃជនភៀសសឹកនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់។
៣. កម្ពុជា និងថៃ នឹងធ្វើការដើម្បីកសាងទំនុកចិត្តនយោបាយគ្នាទៅវិញទៅមឡើងវិញ។ ចិន ស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ដើម្បីកសាងការប្រាស្រ័យទាក់ទងគ្នាឡើងវិញ តាមរយៈបណ្ដាញការទូត និងលើកកម្ពស់ទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំង២។ កម្ពុជា និងថៃ បានយល់ព្រមបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំមេគង្គ-ឡាងឆាង លើកទី៥ ដែលបានគ្រោងទុករៀបចំឡើងនៅក្នុងប្រទេសថៃ នៅពេលវេលាសមស្របណាមួយ និងធានានូវភាពជោគជ័យនៃកិច្ចប្រជុំនេះ។
៤. គោលដៅរយៈពេលវែង គឺធ្វើឱ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគី។ ចិន លើកទឹកចិត្តឱ្យកម្ពុជា និងថៃ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញដោយសន្សឹមៗ។ ចិន មានឆន្ទៈផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ឱ្យភាគីទាំងពីរ ធ្វើទំនាក់ទំនងកាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព។
៥. ការទទួលខុសត្រូវរួម គឺរក្សាស្ថិរភាពក្នុងតំបន់។ កម្ពុជា និងថៃ បានបង្ហាញការប្តេជ្ញា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួម ជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យ ក៏ដូចជាបញ្ហាប្រឈមរួម អនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញានៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ប្រទេសទាំងបីឯកភាពគ្នា ចាត់វិធានការកាន់តែមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់។
កម្ពុជានិងថៃ វាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់ចិន ក្នុងការលើកកម្ពស់កិច្ចពិភាក្សារវាងប្រទេសទាំង២ ដោយបានគិតគូរអំពីកម្រិតនៃការទទួលយកបានរបស់ភាគីទាំងពីរ។ ក្នុងស្មារតីនៃលទ្ធផលកិច្ចសន្ទនាពិសាតែ ចិន-កម្ពុជា-ថៃ នៅទីក្រុង Anning កាលពីខែសីហា ចិន នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការជួយសម្របសម្រួលកិច្ចប្រឹងប្រែងកសាងការជឿទុកចិត្ត និងកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបានសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ តាមរបៀបអាស៊ី ជាមួយគោលដៅកសាងសហគមន៍រួម ដែលមានជោគវាសនារួម ជាមួយបណ្តាប្រទេសជិតខាង៕


