ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថាជាគ្រូបង្រៀននៅសាកលវិទ្យាល័យស្វាយរៀង កំពុងជិះម៉ូតូតាមដងផ្លូវ ស្រាប់តែត្រូវរថយន្តដឹកអ្នកដំណើរ ១គ្រឿង បុកពីក្រោយនិងកិន បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះដែលត្រូវរថយន្តបុកនិងកិនស្លាប់ មានឈ្មោះសឿង ប៊ុនលី មុខរបរគ្រូបង្រៀន មហាវិទ្យាល័យសង្គមសាស្ត្រ នៃសាកលវិទ្យាល័យស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-5498 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើង ទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកអ្នកដំណើរ ធុនធំ ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានបើកបុកពីក្រោយ យ៉ាងពេញទំហឹង រួចកិនជនរង គ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តបង្កហេតុ បានបើកគេចបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យកម៉ូតូ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរកភាគីរថយន្តបង្ក ហេតុ មកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕