ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឃាត់ខ្លួនយុវជន ៤នាក់ ដែលជិះម៉ូតូបំពាក់ស៊ីមាំងម៉ូតូ ខុសបច្ចេកទេស យកមកអប់តំណែនាំ និងដកហូតម៉ូតូ រក្សាទុករយៈពេល ៣ខែ។

តាមប្រភពមន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឃាត់ខ្លួនយុវជន ចំនួន៤នាក់ ដែលជិះម៉ូតូ ចំនួន៤គ្រឿង កែច្នៃបំពង់ស៊ីម៉ាំង លាន់ឮសំឡេងកងរំពង នៅត្រង់ចំណុចផ្លូវកៅស៊ូលេខ១៤៤០ ស្ថិតក្នុងភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាំយកមកធ្វើការសាកសួរ។
យុវជនទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ សន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្បែងជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង។ ទី២-ឈ្មោះហឿន ភូម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទាលជ្រំ ឃុំយាអង្គ ស្រុកថ្ពង។ ទី៣-ឈ្មោះមាន នោ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្នោត ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ និងទី៤-ឈ្មោះមឿន ភ័ត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។
ករណីនេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ឱ្យអាណាព្យាបាលអប់រំបន្ត។ ចំពោះម៉ូតូ ត្រូវបានដកហូតរក្សាទុករយៈពេល ៣ខែ នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ៕