Saturday, January 10, 2026
Homeសង្គម និងជីវិតនី ណាក់ ចេញពីគុក ប្រកាសរួមគ្នាជួយជាតិខ្មែរ

នី ណាក់ ចេញពីគុក ប្រកាសរួមគ្នាជួយជាតិខ្មែរ

ភ្នំពេញ ៖ ក្រោយត្រូវបានដោះលែងឱ្យមានសេរីភាព បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារ រយៈពេល២ឆ្នាំ តាមសាលក្រមកំណត់រួចមក លោក នី ណាក់ សកម្មជនសង្គម និងជាគ្រូកសិកម្ម ដែលតែងបង្ហោះចែករំលែកចំណេះដឹងស្តីពីផ្នែកកសិកម្ម និងរិះគន់រដ្ឋាភិបាល បានអះអាងថា លោកគឺនៅតែ​ដដែល មិនផ្លាស់ប្តូរជំហរ មិនងាករេទៅណាឡើយ។ ប៉ុន្តែស្របពេលដែលប្រទេសជាតិ កំពុងតែមានជម្លោះជាមួយប្រទេសជិតខាង លោកមិនមានអ្វីត្រូវរិះគន់ឬប្រឆាំងរាជរដ្ឋាភិបាលនោះទេ និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានស្មារតីរួបរួមសាមគ្គីជាធំ កុំមានការប្រេះឆា កុំមានការឈ្លោះទាស់ទែងគ្នា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកនី ណាក់ បានបង្ហោះវីដេអូមួយ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ រួបរួមដើម្បីជួយសង្គមជាតិ ដោយភ្ជាប់ជាមួយសំណេរដូច្នេះថា “តោះ រួមគ្នាជួយជាតិខ្មែរ នៃយើង ជាមួយគ្នា ពីខ្ញុំ នី ណាក់ ឬ IMan KH…”។

តាមរយៈវីដេអូរយៈពេលជាង៧នាទី លោក នី ណាក់ បានរៀបរាប់ថា “ជម្រាបសួរ បងប្អូនប្រជាពលរដ្ឋខ្មែរ ជាទីគោរពស្រលាញ់របស់ខ្ញុំបាទ នី ណាក់ ! ហើយនិងសួស្តីបងប្អូនប្រជាកសិករ ទាំងក្នុងនិងក្រៅប្រទេស! ហើយសួស្តីហ្វេនៗរបស់ខ្ញុំ នៅលើផេក IMan KH ក៏ដូចជាអាខោន Nak Ny ហើយនិងបណ្តាញសង្គមយូធូប! ថ្ងៃនេះ គឺខ្ញុំមានវត្តមានចេញវីដេអូឃ្លីបខ្លី ដើម្បីនឹងប្រាប់បងប្អូននូវចំណុចមួយចំនួន ដែលខ្ញុំបានខកខានចេញ មុខ ដូចជាការចែករំលែកចំណេះដឹងមួយចំនួន តាមរយៈបណ្តាញសង្គម អស់រយៈពេល២ឆ្នាំ។ បងប្អូនប្រហែ លជាដឹង ហើយថា ខ្ញុំត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ហើយខ្ញុំបានផុសនៅលើផេករបស់ខ្ញុំ កាលពីព្រឹកមិញដែរ ហើយអ៊ីចឹងបងប្អូនខ្លះ គាត់នៅមិនច្បាស់លាស់ថា តើខ្ញុំហ្នឹងមានសេរីភាពហើយឬនៅ? កាលពីព្រឹកមិញនេះ គឺខ្ញុំបានផុសរូបថតនេះ ហើយបងប្អូន Share, Like ច្រើនរហូតដល់ប្រមាណ 20K ហើយ អ៊ីចឹងថ្ងៃនេះ ខ្ញុំមាន២-៣ចំណុច និយាយជាការសួរសុខទុក្ខ ជាការផ្តល់ព័ត៌មាន ហើយនិងបំណងទស្សនៈរបស់ខ្ញុំមួយចំនួន ក្រោយពេលដែលខ្ញុំអនុវត្តទោស រយៈពេល ២ឆ្នាំ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ដែលយើងហៅកាត់ថា “ម៣” ហ្នឹង គឺការលំបាក ការលំបិនអីហ្នឹង វាមានច្រើន តែខ្ញុំមិននិយាយទេ ខ្ញុំនិយាយត្រឹមខ្ញុំមានសេរីភាពឡើងវិញហើយ សូមបងប្អូនឃើញវីដេអូខ្ញុំនេះ គឺ នី ណាក់ និយាយពិតៗ អត់មាន AI អត់មានអ្នកណាមកបន្លំទេ។ អ៊ីចឹងសូមបងប្អូនជ្រាបជាព័ត៌មាន ទាំងក្នុងនិងក្រៅប្រទេសថា ខ្ញុំត្រូវបានដោះលែង តាមដីកាដោះ លែង មានឯកសារផ្លូវច្បាប់ត្រឹមត្រូវ ចេញពីពន្ធនគារត្រពាំងផ្លុង “ម៣” ហ្នឹងហើយអាចឯកសារនេះ ខ្ញុំបានយកទៅដាក់ជូនសមត្ថកិច្ចប៉ូលិសនៅមូលដ្ឋានរួចរាល់អស់ហើយ អ៊ីចឹងខ្ញុំបានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ ទាក់ ទងនឹងឯកសារជាមួយនឹងអាជ្ញាធរ…”។

លោក នី ណាក់ បានបន្តថា “ជាដំបូងនេះ ខ្ញុំបាទមានសេចក្តីនឹករលឹកទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស រយៈពេល២ឆ្នាំនេះ គឺភរិយារបស់ខ្ញុំ គាត់ជាអ្នកគ្រប់គ្រងផេក ការចែករំលែកចំណេះដឹងចាស់ៗដែលខ្ញុំធ្លាប់ធ្វើពីមុនមក ហើយនិងការគ្រប់គ្រងការលក់ដូរដែលបងប្អូនធ្លាប់ទិញទំនិញរបស់ខ្ញុំ មានជីកំប៉ុស មានទឹកឃ្មុំ មានកាកស្ករអ៊ីអឹម មានដីដាំ មានសាប៊ូកក់សក់ អីហ្នឹង គឺប្រពន្ធខ្ញុំតែម្នាក់ អ៊ីចឹងចាប់ពីពេលនេះទៅ គឺបងប្អូននឹងបានឮការឆ្លើយតបរបស់ខ្ញុំ ជាសំឡេងនៅក្នុងផេក នៅក្នុង Telegram នៅក្នុង Messenger ។ ជាបន្តទៅនេះ ខ្ញុំចង់ជម្រាបបងប្អូនថា រយៈពេល២ឆ្នាំ ខ្ញុំមិនដែលភ្លេចបងប្អូនទេ ខ្ញុំតែងតែមានការតាំងចិត្តយ៉ាងខ្លាំងថា ខ្ញុំនឹងមានឱកាសចេញមកចែករំលែកចំណេះដឹង ជូនបងប្អូនឡើងវិញ។ ឥឡូវគឺខ្ញុំមានថ្ងៃហ្នឹងវិញហើយ ហើយយើងសប្បាយចិត្តនឹងធ្វើការនេះតទៅទៀត ហើយមនុស្សដែលខ្ញុំត្រូវអរគុណមុនគេ គឺភរិយារបស់ខ្ញុំ គឺអ្នកស្រី សុខ ស៊ីណែត គាត់លំបាកសម្រាប់គ្រួសារច្រើនមែនទែន រយៈពេល២ឆ្នាំ ដែលខ្ញុំជាប់នៅក្នុងពន្ធនាគារ វាឆ្ងាយពីគ្រួសារ គាត់ត្រូវធ្វើដំណើរឆ្ងាយទៅសួរសុខទុក្ខខ្ញុំ ហើយអរគុណហ្វេនៗ ដែលខ្ញុំសុំមិនបញ្ចេញឈ្មោះ  ដែលគាត់ស្រលាញ់រាប់អានខ្ញុំ គាត់សួរសុទុក្ខខ្ញុំជាប្រចាំ តាមរយៈភរិយារបស់ខ្ញុំ ហើយខ្ញុំមិនភ្លេចអរគុណទៅកាន់ប្រិយមិត្តដែលនៅតែគាំទ្រខ្ញុំបាទ…”។

លោក នី ណាក់ បានបន្តថា “ចាប់ពីពេលនេះតទៅ ខ្ញុំអាចជម្រាបបងប្អូនថា ខ្ញុំនៅតែជា នី ណាក់ នៅតែជា IMan KH របស់បងប្អូនដដែល មិនផ្លាស់ប្តូរជំហរ មិនងាករេទៅណា ហើយនៅតែបន្តចែករំលែកចំណេះដឹងកសិកម្ម និងនៅតែជួយបងប្អូនតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន ស្របពេលដែលប្រទេសយើងកំពុងតែមានជម្លោះជាមួយប្រទេសជិតខាង ខ្ញុំបាទក៏នឹងមិនមានអ្វីត្រូវរិះគន់ទៅប្រឆាំងនឹងរាជរដ្ឋាភិបាល គឺអត់មានទេ គឺខ្ញុំបំពេញការងាររបស់ខ្ញុំ ក្នុងនាមជាអ្នកជំនាញកសិកម្ម ដើម្បីជួយកសិករ តាមអ្វីដែលខ្ញុំអាចធ្វើបាន ហ្នឹងជាចំណុចសំខាន់។ ហើយចំណុចមួយទៀតនោះគឺខ្ញុំបាទសូមអរគុណដល់បងប្អូនវីរកងទ័ព ដែលនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាវីរកងទ័ពទាំងអស់ និងរាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរក្នុងការការពារជាតិ យ៉ាងមុតមាំ ហើយខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជា យើងនឹងមានសុខសន្តិភាព និងមានការរីកចម្រើន ហើយប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹក នឹងបានត្រឡប់ទៅកាន់ផ្ទះសម្បែងឡើងវិញ និងប្រកបរបររកស៊ីតាមធម្មតា។ ជាចុងក្រោយ ខ្ញុំសូមជូនពរដល់បងប្អូនខ្មែរប្រុសស្រី ហើយសូមឱ្យបងប្អូនបន្តរក្សាសាមគ្គីភាព ក្នុងនាមជាខ្មែរដូចគ្នា ដើម្បីការពារជាតិខ្មែរយើង ឱ្យរស់គង់វង្សយូរអង្វែងតទៅ ហើយមានស្មារតីរួបរួមសាមគ្គីជាធំ កុំមានការប្រេះឆា កុំមានការឈ្លោះទាស់ទែងគ្នា ពីព្រោះប្រទេសជិតខាងគេចាំមើលតែយើងទេ បើសិនជាយើងខ្សោយ គឺគេនឹងឆ្លៀតឱកាស តែបើយើងរួបរួមគ្នាខ្លាំង ដូចមហានគរ នៅខាងក្រោយនេះ គឺជាសម័យដ៏រុងរឿងនៃអា ណាចក្រខ្មែរ ដែលមានកំពូលប្រាសាទបាយ័ន ទាំង៥៤ តំណាងឱ្យ ៥៤ខេត្ត នៃអាណាចក្រខ្មែរ…”។

សូមរំលឹកថា លោក នី ណាក់ ដែលជាសកម្មជនសង្គម និងជាគ្រូកសិកម្ម ដែលតែងបង្ហោះពីចំណេះដឹងស្តីពីផ្នែកកសិកម្ម និងរិះគន់រដ្ឋាភិបាល ដោយបើកចំហ ជាពិសេសលើវិស័យកសិកម្ម ធ្លាប់ជាប់ឃុំនៅពន្ធនាគារ ២លើកមកហើយ រាប់ទាំងលើកនេះ មុនជាប់គុកលើកចុងក្រោយនេះ លោកត្រូវបានគេវាយតាមដងផ្លូវ បណ្តា លឱ្យបែកក្បាល បែកមុខបែកមាត់។ លុះព្យាបាលរបួសមិនទាន់ទាំងជាសះស្បើយស្រួលបួលផង លោកត្រូវបានអាជ្ញាធរចាប់ខ្លួន ជាលើកទី២ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្រោមការចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង”។

រហូតមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មណ្ឌលអប់រំកែប្រែទី៣ (ត្រពាំងផ្លុង) នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចេញលិខិតដោះលែងលោក នី ណាក់ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីរូបលោកបានអនុវត្តទោសក្នុងពន្ធនាគារ រយៈពេល២ឆ្នាំ គ្រប់ចំនួន តាមសាលក្រមកំណត់៕ ដារិទ្ធ

RELATED ARTICLES