ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ បានទុកម៉ូតូក្នុងបន្ទប់ជួល រួចចាក់សោបន្ទប់ ឡើងទៅមើលម្តាយឈឺ នៅជាន់ទី៣ មួយភ្លែត ស្រាប់តែចុះមកវិញ ឃើញទ្វារបន្ទប់ត្រូវបានគាស់ លួចម៉ូតូទៅបាត់ ក៏ប្រញាប់នាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីចោរគាស់បន្ទប់ លួចម៉ូតូ និងកាបូបលុយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅបន្ទប់ផ្ទះជួលជាន់ទី២ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ។

ម្ចាស់ម៉ូតូ មានឈ្មោះរិទ្ធពេជ្រ ពិសី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ ចំណែកម៉ូតូដែលជនសង្ស័យគាស់បន្ទប់ យកទៅ ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ 1KN-6933 ជាម៉ូតូបង់រំលស់។

តាមការរៀបរាប់ពីបងប្អូនរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធ ២នាក់ បានទុកម៉ូតូហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ក្នុងបន្ទប់ជួលជាន់ទី២ ហើយបានចាក់សោបន្ទប់ រួចហើយបានដើរឡើងទៅបន្ទប់ជួលជាន់ទី៣ ដើម្បីមើលម្តាយឈឺ។ បន្ទាប់ពីមើលម្តាយហើយ អ្នកទាំង២ បានចុះមកបន្ទប់របស់ខ្លួនវិញ បានចាក់សោបន្ទប់ចូលផ្ទះ ស្រាប់តែបាត់ម៉ូតូ ហើយនៅក្នុងបន្ទប់ មានស្ថានភាពរញ៉េរញ៉ៃ ព្រមទាំងបាត់កាបូបលុយដែលមានលុយមួយចំនួនថែមទៀតផង។

ករណីនេះផងដែរ បន្ទាប់ពីបាត់ម៉ូតូនិងកាបូបលុយហើយ ជនរងគ្រោះជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ និងម៉ូតូ៕

