ការឆ្លងមេរោគក្នុងចរន្តឈាម ជាអាការដែលរាងកាយស្ថិតក្នុងភាវៈមានប្រតិកម្មតបស្នងចំពោះការ ឆ្លងមេរោគ ដូចជា វីរុស បាក់តេរី និងមេរោគផ្សិត អាចកើតឡើងបានក្នុងទីតាំងណាមួយ ឬសព្វរាងកាយ ប្រសិនការឆ្លងមេរោគក្នុងចរន្តឈាម កើតភាពខុសប្រក្រតីចំពោះរាងកាយ ដែលជះ ឥទ្ធិពលភ្លាមៗធ្ងន់ធ្ងរ អាចធ្វើឱ្យអ្នកជំងឺសន្លប់ រហូតដល់ថ្នាក់អវយវៈខាងក្នុងលែងដំណើរការ ឬសម្ពាធ ឈាមទាបជាងប្រក្រតី និងអាចនាំឱ្យបាត់បង់ជីវិតបាន ។
-មូលហេតុ ៖
កើតពីកត្តាច្រើនយ៉ាងដូចជា រាងកាយទន់ខ្សោយ មានភាវៈប្រព័ន្ធការពាររាងកាយទាប ឬមានជំងឺប្រចាំ កាយដូចយ៉ាង ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ជំងឺគ្រាប់ឈាមសស៊ីគ្រាប់ឈាមក្រហម ឬជំងឺប្រព័ន្ធការពារ រាងកាយចុះខ្សោយប្រភេទផ្សេងៗ ដូចជា អ្នកដែលឆ្លងវីរុសហ៊ីវ។ ក្រៅពីនេះ អ្នកដែលប្រើថ្នាំសង្កត់ ប្រព័ន្ធការពាររាងកាយ ដូចជា ថ្នាំក្រុមស្តេរ៉ូអ៊ីដ ឬថ្នាំគីមីបំបាត់ជំងឺមហារីក ក៏ស្ថិតក្នុងក្រុមអ្នកជំងឺដែល ត្រូវតាមដានដែរ។
អ្នកជំងឺ ២ភាគ៣ ដែលមានភាវៈឆ្លងមេរោគក្នុងចរន្តឈាម កើតចំពោះអ្នកជំងឺដែលគេងព្យាបាលនៅ តាមមន្ទីរពេទ្យ ព្រោះអ្នកជំងឺទទួលការព្យាបាល ដែលមានភាពស្មុគស្មាញ ដូចជា ត្រូវដាក់ឧបករណ៍ ផ្សេងៗចូលក្នុងរាងកាយ ដែលជាការងាយនាំមេរោគចូលក្នុងរាងកាយ ដូចជា ការដាក់បំពង់ជំនួយ ដង្ហើម បំពង់បង្ហូរទឹកនោម ឬដាក់បំពង់ចូលចរន្តឈាមដើម្បីផ្តល់សារធាតុទឹកផ្សេងៗ។ ក្រៅពីនេះ បូកបញ្ចូលការដែលគ្រូពេទ្យប្រើថ្នាំសម្លាប់មេរោគប្រភេទខ្លះ ដែលមានប្រសិទ្ធភាពគ្រប់គ្រងមេរោគ បាក់តេរីច្រើនប្រភេទ ក្នុងការព្យាបាលការឆ្លងមេរោគមួយចំនួនយូរពេក ឬប្រើថ្នាំសម្លាប់មេរោគច្រើន ប្រភេទរួមគ្នា ប្រើពេលមិនចាំបាច់។ ខណៈពេលថ្នាំសម្លាប់មេរោគទាំងនោះ ចូលទៅបំផ្លាញបាក់តេរី ដែលជួយកម្ចាត់មេរោគផ្សិតមួយចំនួន បានបណ្តាលឱ្យបំផ្លាញប្រព័ន្ធរាងកាយឱ្យងាប់តាម។ ចំណែក មូលហេតុផ្សេង រួមមាន របួសពីការរលាកភ្លើង ឬទឹកក្តៅ ដែលកើតជាដំបៅធំ នាំឱ្យមេរោគងាយចូល ក្នុងរាងកាយបាន ឬការប្រើម្ជុលចាក់ថ្នាំរួមគ្នាក្នុងក្រុមអ្នកប្រើថ្នាំញៀន ក៏អាចបង្កឱ្យកើតភាវៈឆ្លងមេរោគ ក្នុងចរន្តឈាមបានដូចគ្នា។
-កុំបណ្តោយឱ្យរាលដាល ៖
ក្នុងករណីដែលកើតការឆ្លងមេរោគធ្ងន់ធ្ងរព្រោះរាងកាយ ទន់ខ្សោយ រាងកាយតបស្នងចំពោះមេរោគ ដោយការបញ្ចោញគ្រាប់ឈាមសមកច្រើនខុសប្រក្រតី ដែលអាចធ្វើឱ្យកើតភាវៈសរសៃឈាមធ្លាយ ឬភាវៈសរសៃឈាមផ្តុំគ្នា រហូតរាំងស្ទះដល់ផ្លូវធ្វើដំណើររបស់ឈាម និងអុកស៊ីហ្សែន។ ប្រសិនករណី នេះកើតឡើង អ្នកជំងឺនឹងមានសម្ពាធឈាមទាប ជះឥទ្ធិពលដល់ដំណើរការរបស់អវយវៈផ្សេងៗឱ្យ ចុះខ្សោយ។ ចំណែកករណីដែលមេរោគស៊ាំថ្នាំពីការព្យាបាល ដែលអាចកើតពីការប្រើថ្នាំផ្តេសផ្តាស ដើម្បីសម្លាប់មេរោគ ឬជ្រើសប្រើថ្នាំមិនត្រូវនឹងមេរោគដែលត្រូវកម្ចាត់ ឬវិនិច្ឆ័យអាការយឺតពេល មេរោគនឹងអាចរាលដាលទៅសព្វរាងកាយយ៉ាងឆាប់រហ័ស រហូតនាំឱ្យអ្នកជំងឺបាត់បង់ជីវិតបាន។ បើរាងកាយកើតភាវៈសន្លប់ពីការឆ្លងមេរោគ សម្ពាធឈាមនឹងធ្លាក់ចុះ ធ្វើឱ្យឈាមទៅចិញ្ចឹម អវយវៈ ផ្នែកចុង ដូចជា ចុងម្រាមដៃ ម្រាមជើង មិនគ្រប់គ្រាន់។
ប្រសិនកើតអាការធ្ងន់ធ្ងរ និងប្រើពេលយូរ អាចធ្វើឱ្យជាលិកាបរិវេណចុងដែលបាត់បង់ឈាម ដោយ ជាលិកាងាប់ៗ នឹងក្លាយជាប្រភពរបស់បាក់តេរីថ្មី។ បើបណ្តោយទុកយូរ សាច់ងាប់ដែលឆ្លងមេរោគ នឹងរង់ចាំបញ្ជូនបាក់តេរី ចូលចរន្តឈាមជាបន្តបន្ទាប់ នាំឱ្យមិនអាចគ្រប់គ្រងសម្ពាធឈាម និងភាវៈ សន្លប់បាន រហូតអាចជាមូលហេតុនៃការបាត់បង់ជីវិត។
វិធីនៃការព្យាបាលរក្សាជីវិតសម្រាប់ករណីនេះគឺ ត្រូវយល់ព្រមកាត់សាច់ចំណែកតូចដែលឆ្លងមេរោគចេញ មុនវារាលដាលហួសការព្យាបាល ថែមទាំងដើម្បីរក្សាអវយវៈសំខាន់ដូចជា បេះដូង ខួរក្បាល សួត និងតម្រងនោម ដែលអាចត្រឡប់មកប្រើជីវិតបានថ្មី ប្រសិនដំណើរការព្យាបាលល្អ។
-វិធីការពារ ៖
ការថែរក្សាសុខភាពរបស់ខ្លួនឱ្យរឹងមាំ មុនជំងឺផ្សេងៗនាំបញ្ហាមកឱ្យ គឺជាវិធីដែលល្អបំផុត។ អាការឆ្លងមេរោគក្នុងចរន្តឈាម មិនមែនកើតឡើងដោយឯកឯងទេ ប៉ុន្តែវាជាភាវៈពីការកើតជំងឺណាមួយ មុននឹងធ្វើឱ្យមេរោគ រាលដាល។ ដូច្នេះ ប្រសិនដឹងថា មិនស្រួលខ្លួន គ្រុនក្តៅ ឬឈឺ ១-២ថ្ងៃ គួរជួបគ្រូពេទ្យ ដើម្បីវិនិច្ឆ័យជំងឺ និងព្យាបាលឱ្យបានទាន់ពេលវេលា។ ប្រសិនអំឡុងពេលនេះ មានការរាលដាលនៃជំងឺច្រើនប្រភេទផង ករណីដែលព្យាបាលមិនល្អ ក៏អាចធ្វើឱ្យកើតការជ្រៀតចូល ចរន្តឈាមបាន។ បើរាងកាយរឹងមាំ ក៏នាំឱ្យមានប្រព័ន្ធការពារជំងឺល្អ ឯជំងឺពិបាកជ្រៀតចូលរាងកាយ។ ការហាត់ប្រាណ និង ទទួលទានអាហារឱ្យគ្រប់ទាំង៥ក្រុម សម្រាកឱ្យគ្រប់គ្រាន់ និងចៀសវាងការពិសាគ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងៗ គឺជាការការពារខ្លួនឯងដ៏ល្អបំផុត៕