Thursday, January 22, 2026
Homeសង្គម និងជីវិតវីរនគរបាលការពារព្រំដែនពលី ប្រពន្ធធ្វើបុណ្យសពរួច មកវិញប្លឹម

វីរនគរបាលការពារព្រំដែនពលី ប្រពន្ធធ្វើបុណ្យសពរួច មកវិញប្លឹម

ភ្នំពេញ ៖ វីរនគរបាលការពារព្រំដែន មួយរូប បានទទួលរងរបួសក្នុងសមរភូមិ កាលពីអំឡុងផ្ទុះសង្គ្រាមថៃឈ្លានពានកម្ពុជា លើកទី២ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ និងបានបាត់ខ្លួន តាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ រហូតរយៈពេល ១ខែ ស្ត្រីជាប្រពន្ធនិងក្រុមគ្រួសារ ស្មានថាវីរនគរបាលរូបនេះពលីក្នុងសមរភូមិបាត់ទៅហើយ ដោយអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ បានពលីជីវិតក្នុងសមរ ភូមិផងដែរ ថែមទាំងបានផ្ញើលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ឡេន រីដេ ជាគ្រួសារលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ទៀតផង។ ប៉ុន្តែមិននឹកស្មានដល់ ក្រោយពេលរៀបចំធ្វើបុណ្យសពចប់សព្វគ្រប់ ស្រាប់តែវីរនគរបាលរូបនេះ វិលត្រឡប់មកវិញប្លឹម ធ្វើឱ្យក្រុមគ្រួសារភ្ញាក់ផ្អើល និងត្រេកអរយ៉ាងខ្លាំង ដែលតាមពិតមិនមែនពលីនោះទេ គឺរងរបួស ត្រូវទាហានថៃ ចាប់ខ្លួន ហើយចុងក្រោយបានដោះ លែងវិញ។

វីរនគរបាលការពារព្រំដែនដែលបាត់ខ្លួន ត្រូវបានសង្ស័យថាពលី តែបែរជានៅរស់ វិលមកផ្ទះវិញនោះ មានឈ្មោះ គៀត ស៊ីម៉ាក់ ឋានន្តរស័ក្តិអនុសេនីយ៍ត្រី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

យោងតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រកាសនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហារថៃ ចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានបញ្ជូនមកដល់កម្ពុជា វិញហើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ហើយ ពេលនេះកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ។

បន្ថែមពីនេះទៀត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមនិងសហការី ចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកា ចំនួន ២លានរៀល និងទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ តំណាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខនិងការលើកទឹកចិត្ត ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ដោយបញ្ជាក់ពីជំហរមិនបោះបង់មន្ត្រី និងបានជំរុញឱ្យក្រុមគ្រូពេទ្យ យក ចិត្តទុកដាក់ព្យាបាលឱ្យបានឆាប់ជាសះស្បើយ។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលរងរបួសក្នុងសមរភូមិ បានបាត់ខ្លួន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ បាត់ ដំណឹងសូន្យឈឹង រយៈពេល ១ខែ រហូតដល់ស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារ ស្មានថាពលីក្នុងសមរភូមិបាត់ទៅហើយ ក៏រៀបចំធ្វើពិធីបុណ្យសពរួចរាល់ទៀតផង។

ដោយឡែក អគ្គស្នងការនគរបាលជាតិ ក៏ធ្លាប់បានបញ្ជាក់ថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ បានពលីជីវិតក្នុងសមរភូមិ នៅគ្រាផ្ទុះសង្គ្រាមថៃឈ្លានពានកម្ពុជា លើកទី២ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ ផងដែរ តាមរយៈការផ្ញើលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ឡេន រីដេ ជាគ្រួសារលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ថា វាជាការទទួលខុសត្រូវរបស់អង្គភាព នៅពេលដែលកងកម្លាំងរបស់ខ្លួន បាត់ខ្លួន និងរកពុំឃើញនៅក្នុងសមរភូមិ ហើយការវិលត្រឡប់មកវិញ របស់លោក អនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ជាការបង្ហាញឱ្យឃើញពីវីរភាពអង់អាចក្នុងការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពាន។

លោកទូច សុខៈ បានថ្លែងថា ទី១-វាជារឿងធម្មតា នៅក្នុងសមរភូមិដែលបាត់ខ្លួនកងកម្លាំង ហើយដែលយើងមិនអាចចូលទៅរកឃើញ។ ទី២-ជាការបង្ហាញឱ្យឃើញពីការទទួលខុសត្រូវរបស់អង្គភាព នៅពេលដែលកម្លាំងរបស់ខ្លួន បាត់ខ្លួន ហើយមិនអាចរកឃើញ មិនអាចចូលទៅពិនិត្យបាន គឺសន្មតជាបឋមថា ពលីនៅក្នុងសមរ ភូមិ។ ទី៣-នៅពេលដែលកងកម្លាំងអាចវិលត្រឡប់មកដោយសុវត្ថិភាពពេលនេះបាន គឺបញ្ជាក់អំពីការទទួលខុសត្រូវក្នុងតួនាទី ភារកិច្ចរបស់គាត់ ស្នេហាជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី ប្រឆាំងទល់នឹងខ្មាំងសត្រូវ ដោយមិនរារែក ដោយអង់អាច ស្វាហាប់ គឺមិនចុះញ៉មឬក៏មិនភៀសខ្លួនគេច។

លោកទូច សុខៈ បានបញ្ជាក់ថា សុខភាពរបស់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក បានល្អហើយ ដោយមាន ការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងពីថ្នាក់ដឹកនាំ ជាបន្តបន្ទាប់៕

RELATED ARTICLES