ភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ កម្ពុជា KI.KI.LU ធ្វើដំណើរតាមដងផ្លូវ និងត្រូវបានប្រជាពលរដ្ឋ អ្នកដំណើរ ថតរូបភាពបាន យកមកបង្ហោះចែកចាយពេញបណ្តាញសង្គម និងត្រូវបានមន្ត្រីជំ នាញក្រសួងសាធារណការ អះអាងថា គឺជាស្លាកលេខក្លែងក្លាយ ពោលគឺស្លាកលេខ “KI KI LU” (គីគីលូ) មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះទេ ព្រមទាំងស្នើដល់សមត្ថកិច្ចចរាចរណ៍ ចាប់ឃាត់ទាំងម៉ូតូ និងមនុស្ស យកមកអនុវត្តតាមច្បាប់។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានអំពាវនាវឱ្យសមត្ថកិច្ចចរាចរណ៍ តាមដងផ្លូវ ឃាត់ខ្លួនទាំងម្ចាស់ និងម៉ូតូពាក់ផ្លាកលេខ KI.KI.LU ដើម្បីអនុវត្តតាមច្បាប់។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហោះក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នូវរូបភាព ១សន្លឹក បង្ហាញពីយុវជនម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា KI.KI.LU កំពុងធ្វើដំណើរតាមដងផ្លូវ ដោយភ្ជាប់ជាមួយសំណេរថា “ស្លាកលេខម៉ូតូក្លែងក្លាយ! ខ្ញុំបាទសូមអំពាវនាវដល់សមត្ថកិច្ចចរាចរណ៍តាមដងផ្លូវ បើឃើញមានវត្តមានម៉ូតូ ដូចភិនភាគខាងលើ សូមចាប់ឃាត់ទុក និងមានវិធានការតាមផ្លូវច្បាប់…”។
សូមបញ្ជាក់ថា រូបថត ១សន្លឹកខាងលើ ត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គម ដោយបង្ហាញពីយុវជនម្នាក់ ស្លៀកខោពណ៌ខ្មៅ ពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្ពាយសាក់កាដូពណ៌ខ្មៅ ដែលទំនងជានិស្សិតនៅសាកលវិទ្យាល័យណាមួយ បានជិះម៉ូតូ ១គ្រឿងម៉ាក ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា KI.KI.LU ដោយមិនមានពាក់មួកសុវត្ថិភាព កំពុងធ្វើដំណើរតាមដងផ្លូវ ចំណុចខាងមុខសណ្ឋាគារណាហ្គាវើលដ៍ ទិសដៅពីកោះពេជ្រ ឆ្ពោះទៅវិមានឯករាជ្យ។

គួរបញ្ជាក់ថា ពាក្យ «KI KI LU» (គីគីលូ) នៅលើស្លាកលេខមួយនេះ ត្រូវបានកត់សម្គាល់ថា គឺជាពាក្យអាសអាភាស មិនសមរម្យ ដែលតែងត្រូវបានយុវវ័យប្រើប្រាស់និយាយលេងសើចក្នុងបណ្តាញសង្គម ដែលជាក់ ស្តែង មន្ត្រីជំនាញបានអះអាងថា ស្លាកលេខ «កម្ពុជា KI.KI.LU » គឺជាស្លាកលេខក្លែងក្លាយ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ៕