ភ្នំពេញ ៖ អន្ទិតទើបលាចាកសិក្ខាបទ (សឹក) ចំនួន៣នាក់ រួមនិងអាចារ្យ (អ្នករៀបចំពិធីការវត្តភ្នៀតសិម្ពលី) ម្នាក់ បាននាំគ្នាចូលក្លឹប ផឹកស៊ីរាំលេង លុះចេញមកវិញ បើករថយន្ត ១គ្រឿង បំណងត្រឡប់ទៅវត្ត បុកចូល ហាងកាហ្វេ ១កន្លែង និងបុកខឿនដើមឈើ បណ្តាលឱ្យស្លាប់ ចំនួន២នាក់ ចំណែក២នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវឧកញ៉ាឌី ប៉ុក ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ ទាំង២នាក់ ដែលបាត់បង់ជីវិត ទី១-ឈ្មោះសៀក តុន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអាចារ្យ អ្នករៀបចំពិធីការវត្តភ្នៀត សិម្ពលី និងទី២-ឈ្មោះងិន វេហា ភេទប្រុស អាយុ២១ឆ្នាំ (អន្ទិតទើបសឹក)។ ចំណែកអ្នករងរបួសធ្ងន់ស្រាល ទាំង២នាក់ រួមមាន ទី១-ឈ្មោះចន រ៉ាភី ភេទប្រុស អាយុ ២២ឆ្នាំ (អន្ទិតទើបសឹក) និងទី២-ឈ្មោះមឿន សារ៉ុម ភេទប្រុស អាយុ២០ឆ្នាំ (អន្ទិតទើបសឹក)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BG-3223 បើកបរដោយឈ្មោះសៀក តុន បានធ្វើដំណើរតាមវិថីឧកញ៉ាឌី ប៉ុក ក្នុងល្បឿនយ៉ាងលឿន បោះពួយក្នុង ទិសដៅពីកើតទៅលិច។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវអក្សរ T រថយន្តពុំបានបត់ឆ្វេង ឬបត់ស្តាំឡើយ គឺបើកទៅត្រង់ ធ្វើឱ្យបុកហាងកាហ្វេ ១កន្លែង និងបុកខឿនដើមឈើ ពេញទំហឹង បណ្តាលឱ្យរថយន្តរួញមុខ និងបង្កឱ្យអ្នកបើកបរជាអាចារ្យ អ្នករៀបចំ ពិធីការនៅវត្តភ្នៀត និងអន្ទិតទើបសឹកម្នាក់ឈ្មោះងិន វេហា បានស្លាប់នៅនឹងកន្លែង ទាំង២នាក់។ ចំណែកអន្ទិតទើបសឹក ២នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅក្នុងរថយន្ត មានគ្នាចំនួន ៤នាក់ ដែលនៅក្នុងនោះ មានម្នាក់ ជាអាចារ្យ អ្នករៀបចំពិធីការនៅវត្តភ្នៀតសិម្ពលី និង៣នាក់ទៀត ជាអន្ទិតទើបសឹក បានបើករថយន្តម៉ាក Lexus RX-330 ខាងលើ នាំគ្នាចូលក្លឹបរាត្រី ផឹកស៊ី រាំលេងសប្បាយ លុះពេលបើករថយន្តត្រឡប់ទៅវត្តវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់និងរបួសបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចយករថយន្ត បញ្ជូនទៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោក ដើម្បីដោះស្រាយ។ ជាមួយនេះ ក៏មានព្រះសង្ឃ និងគណៈកម្មការវត្ត បាននិមន្តនិងចុះទៅទៅសូត្រមន្ត រៀបចំដឹកសពអាចារ្យ អ្នករៀបចំពិធីការ និងអន្ទិតរងគ្រោះ បញ្ជូនទៅធ្វើបុណ្យនៅវត្តភ្នៀតសិម្ពលី ស្ថិតនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារប្រទះឃើញអ្នកស្លាប់ និងអ្នករងរបួស សុទ្ធសឹងតែកោសក់ និងថែមទាំងមានស្បង់ចីវរនៅក្នុងរថយន្តផង ទើបមានការសង្ស័យថា ជនរងគ្រោះទាំងនោះ គឺជាព្រះសង្ឃក្លែងភេទ។
យ៉ាងណា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សាលាអនុគណខណ្ឌកំបូល បានបំភ្លឺថា មិនមានព្រះសង្ឃ ស្លៀកពាក់ស៊ីលវិល ចូលក្លឹបទេ។

យោងតាមសេចក្តីបំភ្លឺរបស់សាលាអនុគណខណ្ឌកំបូល បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង ៤ៈ០០នាទីព្រឹក ស្ថិតនៅផ្លូវឌីប៉ុក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបណ្តាលឱ្យមាន ការបាត់បង់ជីវិត និងរបួសធ្ងន់-ស្រាល ចំនួន៤នាក់ នៅនឹងកន្លែងកើតហេតុ រួមមាន ៖
១-ឈ្មោះសៀក តុន ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកបើកបរ (ស្លាប់)
២-ឈ្មោះ ងិន វេហា ភេទប្រុស អាយុ២១ឆ្នាំ (ស្លាប់)
៣-ឈ្មោះ ចន រ៉ាភី ភេទប្រុស អាយុ២២ឆ្នាំ (របួស)
៤-ឈ្មោះ មឿន សារ៉ុម ភេទប្រុស អាយុ ២០ឆ្នាំ (របួស)។
ទន្ទឹមនឹងនេះ នៅថ្ងៃទី២១ ខែមករា អ្នកសារព័ត៌មានក្នុងបណ្តាញសង្គម (ហ្វេសប៊ុក) មួយចំនួនបានចុះផ្សាយព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ខាងលើថា មានព្រះសង្ឃ ស្លៀកពាក់ស៊ីវិល ចូលក្លឹប។
សាលាអនុគណខណ្ឌកំបូល មានកិត្តិយសជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា បុគ្គលទាំងបីរូប បានលាចាកសិក្ខាបទហើយ (សឹក) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ត្រៀមបំពេញឧបសម្បទា (បួសភិក្ខុ) នាថ្ងៃខាងមុខ។

ករណីមានស្បង់ចីវររបស់ព្រះសង្ឃ នៅលើរថយន្ត ដោយសារអ្នកបើកបររថយន្ត ឈ្មោះសៀក តុន ជាពិធីការរៀបចំកម្មពិធីបុណ្យទានផ្សេងៗ។ ដូច្នេះហើយ សាលាអនុគណខណ្ឌកំបូល សូមច្រានចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមួយចំនួន ដែលមិនពិត ធ្វើឱ្យសារធារណជនមានការយល់ច្រឡំ…៕