ខេត្តកំពង់ស្ពឺ ៖ ស្ត្រីសង្ស័យ ចំនួន២នាក់ ជាមុខសញ្ញាដើរទម្លាក់យោង និងបន្លំលួចគ្រឿងអលង្ការ តាមផ្សារ បានធ្វើសកម្មភាពលួងលោមស្ត្រីចំណាស់ម្នាក់ បម្រុងនាំយកទៅដោះយកគ្រឿងអលង្ការ ស្រាប់តែគាប់ជួនមានស្ត្រីរងគ្រោះម្នាក់ ធ្លាប់ត្រូវបានស្ត្រីសង្ស័យខាងលើ ឆបោក ទម្លាក់យោង កាលពី ២ខែមុន ប្រទះឃើញ ចំណាំ មុខបាន ក៏ស្ទុះទៅចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ការឃាត់ខ្លួនស្ត្រីសង្ស័យនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្នុងផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។

ស្ត្រីសង្ស័យ មានឈ្មោះសុខ អិត ហៅទូច ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំខាងក្រោយវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ មានករណីទម្លាក់យោង កើតឡើងនៅចំណុចផ្លូវបេតុង ខាងលិចផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះបូ ស៊ន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្តឹងចោទប្រកាន់ទៅលើក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន៤នាក់ (ស្រី២) ជិះម៉ូតូ ចំនួន២គ្រឿង បានធ្វើសកម្មភាពលួងលោមខ្លួន ចេញពីក្នុងផ្សារកំពង់ស្ពឺ ឱ្យទៅតាម ដើម្បីចែកមាសជាមួយពួកគេ ពេលកំពុងចែក ក្រុមជនសង្ស័យម្នាក់ បានបន្លំលួចដោះចិញ្ចៀនមាសមួយវង់ ទម្ងន់២ជី និងក្រវិលប្លាទីន ១គូ តម្លៃ២០០ដុល្លារ នៅចំណុចកើតហេតុខាងលើ រួចគេចខ្លួនបាត់អស់។ ចំណែកថង់មាសដែលគេចែកឱ្យខ្លួននោះ បានបើកមើល ទើបដឹងថា សុទ្ធតែជារបស់កាឡៃ។

ប្រភពដដែល បន្តថា រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ត្រីរងគ្រោះឈ្មោះបូ ស៊ន បានទៅផ្សារកំពង់ស្ពឺ បានប្រទះមនុស្សស្រី ចំនួន២នាក់ ដែលមានភិនភាគស្រដៀងនឹងក្រុមជនសង្ស័យដែលធ្លាប់ធ្វើសកម្មភាពទម្លាក់យោង បោកយកមាសរបស់ខ្លួន កំពុងធ្វើសកម្មភាពលួងលោមស្ត្រីចំណាស់ម្នាក់ ឃើញបែបនេះ ខ្លួនក៏បានស្ទុះទៅចាប់បានម្នាក់ ជាអ្នកដោះចិញ្ចៀននិងក្រវិលរបស់ខ្លួន តែជនសង្ស័យព្យាយាមរត់គេច ក៏ត្រូវបានប្រជាពលរដ្ឋក្នុងផ្សារ ជួយចាប់ក្របួចជាប់។ ចំណែកបក្ខម្នាក់ទៀត បានរត់គេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះសុខ អិត ហៅទូច បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ឈ្មោះធីតា ភេទស្រី អាយុប្រហែល ៤០ឆ្នាំ មិនស្គាល់លំនៅ ពិតជាបានប្រើល្បិចទម្លាក់យោង ដោះយកចិញ្ចៀននិងក្រវិលរបស់ជនរងគ្រោះប្រាកដមែន។

ស្ត្រីសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យផែន ការងារនគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕