ខេត្តកំពង់ស្ពឺ ៖ បុរសជាជនជាតិចិន ចំនួន៧នាក់ បានធ្វើដំណើរតាមរ៉ឺម៉កសណ្តោងដោយម៉ូតូ ១គ្រឿង តាម បណ្តោយផ្លូវជាតិលេខ៤ ដោយមានអីវ៉ាន់សំពីងសំពោង ដូចរើផ្ទះ និងបានឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច លុះសមត្ថកិច្ចឃាត់ខ្លួនសាកសួរ ឃើញថាក្រុមជនជាតិចិន ទាំងនោះ គ្មានឯកសារសម្គាល់ខ្លួនអ្វីសោះ ក៏ឃាត់ខ្លួន យកទៅសាកសួរ។

ការឃាត់ខ្លួនបុរសជាជនជាតិចិននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧-៨៨ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ជនជាតិចិន ចំនួន៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ HU JE ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះ YANG HONG HEN ភេទប្រុស អាយុ២០ឆ្នាំ។ ទី៣-ឈ្មោះ WU SHI YU ភេទប្រុស អាយុ២២ឆ្នាំ។ ទី៤-ឈ្មោះ ZHEN YU XIAO ភេទប្រុស អាយុ២០ឆ្នាំ។ ទី៥-ឈ្មោះ TANG AO HUA ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៦-ឈ្មោះ TAI LEI ភេទប្រុស អាយុ២១ឆ្នាំ និងទី៧-ឈ្មោះ ZHAN QING ភេទប្រុស អាយុ៣០ឆ្នាំ។ ជនជាតិចិន ទាំង៧នាក់ខាងលើ មិនមានឯកសារជាប់ខ្លួននោះទេ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនជាតិចិន ទាំង៧នាក់ ខាងលើនេះ គឺកម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួច បានដាក់គោលដៅដើម្បីត្រួតពិនិត្យ នៅលើផ្លូវជាតិលេខ៤ លុះរហូតដល់វេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក៏ប្រទះឃើញមានម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង បើកពីទិសខាងលិច ទៅកើត តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៨៧-៨៨ ឆ្លងកាត់គោលដៅត្រួតពិនិត្យ ដោយមានជនជាតិ៧នាក់ ជិះលើរ៉ឺម៉ក និងមានដឹកសម្ភារៈសំពីងសំពោងផងនោះ ទើបសមត្ថកិច្ច បាន ឃាត់ធ្វើ ការត្រួតពិនិត្យ មិនមានឯកសារនិងលិខិតស្នាមអ្វីនោះឡើយ។

តាមការសាកសួរម្ចាស់រ៉ឺម៉ក ឈ្មោះប្រាក់ សិតសាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិពោធិ៍បីដើម ឃុំបន្ទាយរាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងខេត្តកោះកុង បានរៀបរាប់ថា ជនជាតិចិន ទាំង៧នាក់នេះ បានដើរមកដល់ចំណុចផ្លូវ លេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង បានសុំរ៉ឺម៉ក គាត់ជិះ ក្នុងគោលបំណងឆ្លងកាត់ទៅរាជធានីភ្នំពេញ ដោយធ្វើដំណើររហូតមកដល់ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ត្រូវបានសមត្ថកិច្ចឃាត់តែម្តង។
ជនជាតិចិន ទាំង៧នាក់ខាងលើ ត្រូវបានកម្លាំងផ្នែកអន្តោប្រវេសន៍ កសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕